ព័ត៌មានជាតិ
អង្គការAHFប្រារព្វទិវាសុខភាព ពេលមករដូវដើម្បីលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រីឱ្យកាន់តែប្រសើរ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF) កម្ពុជាសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋាន បានប្រារព្វទិវាសុខភាពពេលមករដូវដើម្បីលើកកម្ពស់សុខភាពស្ត្រី និងក្មេងស្រីឱ្យកាន់តែប្រសើរ។កម្មវិធីនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យគោកបញ្ជាន់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ដោយមានការចូលរួមពីលោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សាតំណាង លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នាយកសាលា លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណ៣០០នាក់។
ថ្លែងក្នុងទិវាសុខភាពពេលមករដូវនាឱកាសនោះ លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានមានប្រសាសន៍ថាទិវាសុខភាពពេលមករដូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងទាក់ទិន ការប្រឈមនិងដំណោះស្រាយផ្សេងៗនៅពេលមករដូវដើម្បីកាត់បន្ថយការរើសអើងអំឡុងពេលមករដូវ និងលើកកម្ពស់ការទទួលបានសម្ភារៈបរិក្ខារដែលមានសុវត្ថិភាព ស្អាត និងសំឡីអនាម័យឥតគិតថ្លៃ ឬមានតម្លៃសមរម្យសម្រាប់តម្រូវការ រួមទាំងវិធានការសំខាន់ៗក្នុងការការពារសុខភាពទូទៅ និងកាត់បន្ថយភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងការឆ្លងមេរោគផ្លូវភេទផ្សេងទៀត។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ អង្គការ AHF បានមានប្រសាសន៍ថានៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី ការរើសអើង និងភាពស្ងៀមស្ងាត់ជុំវិញការមករដូវនៅតែបន្តជាឧបសគ្គក្នុងការទទួលបានផលិតផលសម្រាប់មករដូវ និងព័ត៌មានសុខភាពសំខាន់ៗ ។ នៅពេលដែលមនុស្សមិនអាចគ្រប់គ្រងដោយសុវត្ថិភាពចំពោះការមករដូវរបស់ពួកគេបាន គឺជាផលវិបាកដល់សុខភាព នឹងសុត្តិភាព និងធ្វើឲ្យពួកគេទទួលភាពងាយរងគ្រោះចំពោះមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។

លោកវេជ្ជបណ្ឌិតបានបន្តថាដូចនេះទិវាសុខភាពពេលមករដូវគឺជាការរំលឹកថា ការលើកកម្ពស់ការទទួលបាន ការអប់រំ និងការពិភាក្សាដ៏ទូលំទូលាយ មានសារៈសំខាន់ណាស់ក្នុងការការពារសុខភាពបុគ្គល និងសាធារណៈ។ ប្រទេសអាស៊ីជាច្រើនដែលបានលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ កំពុងជួយពង្រីកលទ្ធភាពទទួលបានសម្ភារៈបរិក្ខារ និងការប្រើប្រាស់សម្រាប់ពេលមករដូវ។ អង្គការAHF សូមលើកទឹកចិត្តឱ្យប្រទេសដទៃទៀតជាច្រើន គួរតែលុបចោលពន្ធលើផលិតផលសម្រាប់ការមករដូវ ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថានៅទូទាំងពិភពលោក ប្រជាជនជិត២ពាន់លាននាក់មករដូវ ដែលក្នុងនោះ ៥០០លាននាក់កំពុងជួបប្រទះនឹងភាពក្រីក្រនៅពេលមករដូវ រួមទាំងកង្វះផលិតផលគ្រប់គ្រាន់ គ្រឿងបរិក្ខារ និងបរិយាកាសគាំទ្រ។ បញ្ហាប្រឈមទាំងនេះអាចនាំឱ្យមានការខកខានទៅសាលារៀន ឬការងារ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងក្នុងករណីខ្លះ ការពឹងផ្អែកលើទំនាក់ទំនងផ្លូវភេទ ឬទំនាក់ទំនងដែលមានភាពខុសគ្នានៃអាយុយ៉ាងច្រើន ដែលកាត់បន្ថយសមត្ថភាពក្នុងការចរចាការរួមភេទដែលមានសុវត្ថិភាព និងបង្កើនហានិភ័យនៃមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។ អង្គការAHF សូមកោតសរសើរប្រទេសដែលបានកាត់បន្ថយ ឬលុបបំបាត់ពន្ធលើផលិតផលសម្រាប់មករដូវ ហើយជំរុញឱ្យទូទាំងពិភពលោកធានាបានដូចគ្នា ដើម្បីធានាលទ្ធភាពទទួលបាន និងប្រើប្រាស់សម្រាប់តម្រូវការ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថាលើសពីនេះទៅទៀត ការរើសអើង និងភាពមិនអើពើរជុំវិញការមករដូវនៅតែជាឧបសគ្គចម្បង។ នៅក្នុងសហគមន៍ជាច្រើន ការហាមឃាត់រារាំងការពិភាក្សាដោយបើកចំហ ការទទួលបានព័ត៌មានសុខភាពផ្លូវភេទ និងសុខភាពបន្តពូជមិនទាន់គ្រប់គ្រាន់ត្រឹមត្រូវ និងបំបាក់ទឹកចិត្តមនុស្សពីការស្វែងរកការថែទាំ។ ការដោះស្រាយបញ្ហាសុខភាពរដូវត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការមករដូវជាលក្ខណៈធម្មតា ពង្រីកការទទួលបានសេវាកម្មសំខាន់ៗ រួមទាំងការបង្ការការឆ្លងមេរោគអេដស៍។ ការធ្វើតេស្ត និងការព្យាបាល ជាមួយនឹងការធានាឱ្យបានមនុស្សគ្រប់គ្នាអាចគ្រប់គ្រងសុខភាពរបស់ពួកគេបានដោយសុវត្ថិភាព ដោយសេចក្តីថ្លៃថ្នូរ និងដោយគ្មានការភ័យខ្លាច ឬការរើសអើង។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាអង្គការAHFគាំទ្រដល់ស្ត្រី និងក្មេងស្រី និងស្ត្រីវ័យក្មេងតាមរយៈកម្មវិធីផ្តល់ភាពអង់អាចដល់ក្មេងស្រី ដែលធ្វើការសម្រាប់ក្មេងស្រីនៅក្នុងសហគមន៍ ក្មេងស្រីដែលរងគ្រោះ និងក្មេងស្រីដែលងាយរកគ្រោះដទៃទៀត។
លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានចាត់ទុកទិវាសុខភាពពេលមករដូវនេះពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក ស្វែងរកការគាំទ្រ និងដំណោះស្រាយ គ្រប់គ្រងសុខភាព ការអប់រំសុខភាពបន្តពូជដែលសម ស្របតាមវ័យ និងពង្រឹងពីសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀន ចៀសវាងការឆ្លងមេរោគអេដស៍ ការមានផ្ទៃពោះដោយមិនបានគ្រោងទុក ការកសាងជំនាញបំណិនជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀតដែល ប៉ះពាល់ដល់សុខភាពរបស់ពួកគេពិសេសចូលរួមលើកកម្ពស់ ការអប់រំសុខភាពបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ ការយល់ដឹង និងជួយក្មេង ស្រីឱ្យរស់នៅមានសុខភាពល្អដែលអាចឲ្យពួកគេបានចូលរៀន និងផ្តល់សិទ្ធិគ្រប់គ្រងជីវិតរបស់ពួកគាត់។

គួរបញ្ជាក់ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការថែទាំសុខភាពអ្នកជំងឺអេដស៍ធំជាងគេបំផុតរបស់ពិភពលោក ស្វែងរការគាំទ្រ និងផ្តល់ឳសថព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់ប្រជាជនជាង ៣ លាននាក់នៅទូទាំង ៥០ ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងនៅអាហ្វ្រិក អាមេរិកឡាទីន/ការ៉ាប៊ីន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕ អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


