Connect with us

ព័ត៌មានជាតិ

នូវែលសេឡង់បញ្ជាក់ពីការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយជំរុញភាពជាដៃគូកាន់តែរឹងមាំ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោក Jonathan Kings បានបញ្ជាក់ពីភាពជាដៃគូជាមួយកម្ពុជា ដោយបន្តគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យជាអាទិភាពកាន់តែប្រសើរឡើងសម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និងនូវែលសេឡង់។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ដល់កម្ពុជា ក្នុងវិស័យនានា​រួមមាន អប់រំ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសការផ្តល់ជំនួយសម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។

ដោយសារត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត Jonathan Kings ក៏បានសម្តែងការអរគុណចំពោះប្រមុខការទូតកម្ពុជា ក៏ដូចជាមន្ត្រីនៅក្រសួងការបរទេស ព្រមទាំងស្ថាប័នពាក់ព័ន្ធកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងការគាំទ្រក្នុងអាណត្តិបេសកកម្មរបស់លោកកន្លងមក។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានកោតសរសើរចំពោះការចូលរួមដ៏មានតម្លៃរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលសេឡង់។ ខណៈលោក បានបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម