ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ បន្តពង្រឹងភាពជាដៃគូជាមួយ ILO ដើម្បីលើកកម្ពស់ការងារសមរម្យ និង សន្តិសុខសង្គម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូ នៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ កាលពីល្ងាចថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងអំឡុងពេលលោកដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង វាយតម្លៃខ្ពស់ចំពោះមិត្តភាព និង ភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និង សាធារណរដ្ឋកូរ៉េ ដែលបន្តរីកចម្រើនដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និង ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពជាដៃគូនេះ នាំមកនូវការអភិវឌ្ឍ និង ផលជះវិជ្ជមានដល់វិស័យការងារនៅកម្ពុជា តាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានរួមចំណែកដល់ការពង្រឹងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា និង ការពង្រីកវិសាលភាព នៃរបបសន្តិសុខសង្គមសម្រាប់កម្មករ-និយោជិត។ កិច្ចប្រឹងប្រែងទាំងនេះ កំពុងជួយឲ្យកម្ពុជាខិតកាន់តែជិតទៅរកចក្ខុវិស័យ នៃប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ភាពធន់ និង គោលការណ៍ «មិនទុកអ្នកណាម្នាក់ចោល» (Leaves No One Behind)។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីវឌ្ឍនភាព នៃភាពជាដៃគូលើផ្នែកសុវត្ថិភាព និង សុខភាពការងារ តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាព និង ការពង្រឹងកិច្ចសន្ទនាសង្គម ក៏ដូចជាការដោះស្រាយវិវាទការងារ និង ការអធិការកិច្ចការងារ តាមរយៈគំនិតផ្តួចផ្តើមកាតាលីករសកល (GA) ស្ដីពីការងារសមរម្យ និង ការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលបានក្លាយជាសសរស្តម្ភដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ហេង សួរ សង្កត់ធ្ងន់ថា កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និង ពង្រីកភាពជាដៃគូដ៏មានតម្លៃនេះ ដោយ លោករដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ការរៀនសូត្រពីគ្នា គឺជាកត្តាដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការឆ្លើយតបទៅនឹងបញ្ហាប្រឈម និង កាលានុវត្តភាពដែលកំពុងវិវត្តនៅក្នុងពិភពការងារ។

តំណាងអង្គការ ILO និង សាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកម្មវិធីភាពជាដៃគូ ILO-កូរ៉េ និង ស្វាគមន៍ចំពោះសមិទ្ធផលដែលសម្រេចបាននៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសង្គម , សុវត្ថិភាព និង សុខភាពការងារ , កិច្ចសន្ទនាសង្គម និង ការពង្រឹងស្ថាប័នការងារ៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


