Connect with us

ព័ត៌មានជាតិ

កំណាត់​ផ្លូវជាតិ​លេខ​ ៧ ពី​ខេត្ដក្រចេះទៅព្រំដែន​ឡាវ ឈាន​ចុះហត្ថលេខា​សាងសង់លើកកម្រិត​ជា​ផ្លូវ​កៅស៊ូ AC​

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ ៧ ដែល​មានប្រវែង ៩៦,៦៣ គម លាតសន្ធឹង​ចាប់ពីខេត្ដក្រចេះទៅច្រក​ត្រពាំងក្រៀល​ជាប់​ព្រំដែនឡាវ បាន​ឈាន​ទៅ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញ ដែលនឹងត្រូវស្ថាបនា​លើកកម្រិត​ពីផ្លូវ​កៅស៊ូ DBST ទៅ​ជា​ផ្លូវ​ក្រាលបេតុងកៅស៊ូ AC ដ៏មានគុណភាពខ្ពស់។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៧ ប៉ែកខាងជើងនេះ​ មាន​សក្ដានុពលបម្រើដល់វិស័យឡូជីស្ទីក ដែល​នឹង​ជួយដល់ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និងការតភ្ជាប់នៅក្នុងតំបន់ភូមិភាគឦសាន ជាពិសេសតភ្ជាប់ទៅកាន់ព្រំដែនអន្ដរជាតិកម្ពុជា-ឡាវ (ត្រពាំងក្រៀល-ណងណុកខៀន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ ៧ គឺជាខ្សែ​ផ្លូវជាតិមួយ​ក្នុង​ចំណោម​ផ្លូវជាតិ​សំខាន់ៗ​​របស់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែងជាង ៥០០ គីឡូម៉ែត្រ លាតសន្ធឹង​ចាប់ចេញ​ពី​ទី​ប្រជុំជន​ស្គន់​​ក្នុង​ខេត្តកំពង់ចាម ទៅ​ច្រក​ទ្វារ​ត្រពាំងក្រៀល​ជាប់​ព្រំដែនជាមួយឡាវ។

បណ្តាញផ្លូវជាតិ​ដ៏មានសក្តានុពល​នេះ​​ ត្រូវបាន​ស្ថាបនា​លើកកម្ពស់​​ជាផ្លូវ AC នៅលើ​កំណាត់​មួយ​ចំនួន។ ចាប់ពីរង្វង់មូលស្គន់ក្នុងស្រុកជើងព្រៃ រហូតដល់រង្វង់មូលស្ពានគីហ្សូណាទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥,៤៨៩គ.ម បាន​កំពុង​តែស្ថាបនាពង្រីកពី ២ គន្លងទៅ ៤ គន្លង ដែល​​គ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ​នេះ​។

ដោយឡែក​កំណាត់ផ្លូវជាតិលេខ ៧ ពីរង្វង់មូលខ្លាស្ទុះក្នុង​ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ ៤២៤ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ចន្លោះ (គ.ម ៣៣១+២៥០ ដល់ គ.ម ៤២៤+៩៤០) ដែល​មានប្រវែងជិត ៩៤ គីឡូម៉ែត្រ បានបញ្ចប់​ការស្ថាបនា​​​កែលម្អ​​ដោយក្រាលបេតុងកៅស៊ូ AC ក្រោម​ជំនួយឥតសំណងពីប្រទេសចិនដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណជិត ៤០ លានដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម