ព័ត៌មានជាតិ
ច្បាប់ថ្មីស្ដីពីរបបសារព័ត៌មាននឹងបញ្ចប់ការរៀបចំសេចក្ដីព្រាងនាឆ្នាំ២០២៧ ខណៈច្បាប់ចាស់ប្រើជាង៣០ឆ្នាំ មិនឆ្លើយតបបរិបទសង្គម
ច្បាប់ថ្មីស្ដីពីរបបសារព័ត៌មាន ត្រូវបានរំពឹងថា នឹងអាចបញ្ចប់ការរៀបចំសេចក្ដីព្រាងរួចរាល់នាឆ្នាំ២០២៧ខាងមុខ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ដោយលោកបានបញ្ជាក់ថា ការតាក់តែងច្បាប់ថ្មីនេះដើម្បីជំនួសឱ្យច្បាប់ចាស់ ដែលបានដាក់ឱ្យប្រើជាង៣០ឆ្នាំមកហើយ តែមិនឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន។

ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបង្កើតឡើងដោយទទួលការអនុម័តពីរដ្ឋសភា តាំងឆ្នាំ១៩៩៥ មាន២១មាត្រា ដែលច្បាប់នេះកំណត់ពីរបបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ពោលគឺផ្ដោតតែទៅលើការផ្សព្វផ្សាយបែបបុរាណ ខណៈសង្គមបច្ចុប្បន្នបានឈានដល់យុគសម័យបច្ចេកវិទ្យាឌីជីថល។ក្រោយការដាក់ឱ្យប្រើអស់រយៈពេលជាង៣០ឆ្នាំ ឬ៦អាណត្តិកន្លងទៅ ច្បាប់នេះមិនបានកែប្រែអ្វីនោះឡើយ ទើបតែអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រសួងព័ត៌មានបានដឹកនាំធ្វើកិច្ចការនេះ។
តាមការឱ្យដឹងពីលោក នេត្រ ភក្ត្រា គិតមកដល់ពេលនេះ ច្បាប់ថ្មីនេះ សម្រេចបានជិតពាក់កណ្ដាលហើយ ដោយបានបញ្ចប់ខ្លឹមសារទស្សនទាន និងការវាយតម្លៃហេតុប៉ះពាល់នៃច្បាប់នេះហើយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីរបបសារព័ត៌មានថ្មី។

លោកបានលើកឡើងក្នុងសន្និសីទផ្សព្វផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីពេលថ្មីៗនេះ ថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រសួងព័ត៌មាន កំពុងផ្ដល់អាទិភាពជាចម្បងទៅលើការកែប្រែឡើងវិញនូវច្បាប់ស្ដីពីរបបសារព័ត៌មាន ហើយនៅពេលដែលសេចក្ដីព្រាងច្បាប់ថ្មីនេះរៀបចំរួចរាល់ ក្រសួងនឹងបើកសិក្ខាសាលាក្នុងការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ រាប់ទាំងសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដើម្បីប្រមូលធាតុចូលថែមដើម្បីឱ្យច្បាប់ថ្មីនេះកាន់តែមានតម្លាភាព។

បន្ថែមពីលើច្បាប់របបសារព័ត៌មាន លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបង្ហើបឱ្យដឹងថា ក្រសួងក៏កំពុងយកចិត្តទុកដាក់ក្នុងការតាក់តែងនូវច្បាប់មួយចំនួនទៀត ដែលបម្រើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ ជាអាទិ៍៖ ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ច្បាប់ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងច្បាប់ស្ដីពីសោតទស្សន៍ រាប់ទាំងការរៀបចំគោលនយោបាយជាតិស្ពីពីការផ្លាស់ប្ដូការផ្សាយពីអាណាលក ទៅជាប្រព័ន្ធឌីជីថល។
លោក បាននិយាយថា ច្បាប់ទាំងនេះនឹងក្លាយជាគតិយុត្តសម្រាប់បម្រើ និងគ្រប់គ្រងឱ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ខណៈវិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាការផ្សព្វផ្សាយប៉ុណ្ណោះទេ តែថែមទាំងជាការធានាដល់សន្តិសុខជាតិទៀតផងក្នុងបរិបទសម័យឌីជីថល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


