ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ ណែនាំយុវជនប្រើបច្ចេកវិទ្យាឲ្យចំគោលដៅ និង ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនប្រើបច្ចេកវិទ្យាឲ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្តាញសង្គម។

ការណែនាំនេះក្នុងឱកាស លោក ទេព អស្នារិទ្ធ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោកអភិបាលរងស្រុករវៀង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយក លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សប្រមាណជាង ១,០០០ នាក់។

លោក ទេព អស្នារិទ្ធ បានផ្តល់ដំបូន្មានដល់សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ ឲ្យប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលចំណេះដឹងតាមប្រព័ន្ធឌីជីថល ដែលក្រសួងអប់រំ យុវជន និង កីឡា បានបង្កើតឡើង និង ទទួលព័ត៌មានវិជ្ជមានពីបណ្តាញសង្គមផ្សេងៗ សម្រាប់ការសិក្សា និង ធ្វើលំហាត់អនុវត្តជាក់ស្តែងឲ្យបានចំគោលដៅ។ «នៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវតាមគោលដៅ វានឹងផ្ដល់ផលប្រយោជន៍ និង ផ្តល់តម្លៃមកឲ្យយើងវិញ។ យើងអាចទទួលបាននូវចំណេះដឹងបន្ថែម ក្រៅពីអ្វីដែលបានរៀននៅក្នុងថ្នាក់ និង អ្វីដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យ។ តាមរយៈមធ្យោបាយឌីជីថលនៅលើដៃរបស់យើងនេះ យើងអាចបង្កើនចំណេះដឹងបានជាប្រចាំថ្ងៃ។ ពេលខ្លះ នៅពេលដែលយើងធ្វើការស្រាវជ្រាវលើប្រធានបទណាមួយ យើងត្រូវប្រើប្រាស់ទូរស័ព្ទ ដើម្បីស្វែងរកព័ត៌មានដែលក្រសួងអប់រំផ្ដល់ឲ្យ។ នៅក្នុងកម្មវិធី (App) របស់ក្រសួងអប់រំ មានចំណេះដឹងជាច្រើន ដែលជួយបង្កើនពុទ្ធិ និង ចំណេះដឹងបន្ថែម។ ដូច្នេះ សូមឲ្យការប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវគោលដៅបែបនេះ ដើម្បីបម្រើឲ្យប្រយោជន៍ នៃការសិក្សារបស់យើងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង និង ប្រសើរជាងមុន»។

ជាមួយគ្នានេះដែរ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានព្រមានថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខុសគោលដៅ ដូចជាការលេងហ្គេមមិនចេះគិត ឬ ការចែកចាយព័ត៌មានមិនពិត នឹងនាំឲ្យបាត់បង់ពេលវេលា និង ថវិកា ព្រមទាំងប៉ះពាល់ដល់អនាគត ហើយងាយក្លាយជាជនរងគ្រោះ នៃការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ ក្នុងន័យនេះ លោកបានក្រើនរំលឹកដល់យុវជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែក (Share) ព័ត៌មានណាមួយ។ ការពិនិត្យផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់មុននឹងចុចចែករំលែក គឺជាទង្វើដ៏សំខាន់ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានដែលមានលក្ខណៈបំភាន់ ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និង កិត្តិយសបុគ្គល។ លោកបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ ឲ្យប្រែក្លាយខ្លួនជាកម្លាំងចលករប្រកបដោយមនសិការ និង ការទទួលខុសត្រូវក្នុងសង្គមឌីជីថល។


លោកសង្កត់ធ្ងន់ថា «ការរួមគ្នាបញ្ចប់ការចែករំលែកព័ត៌មានមិនពិត និង ការចូលរួមផ្សព្វផ្សាយតែអ្វីដែលជាការពិត វិជ្ជមាន និង មានប្រយោជន៍សម្រាប់សហគមន៍ គឺជាការរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ជាមួយបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និង លំហព័ត៌មានមានគុណភាព»។


លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ដែលដឹកនាំដោយក្រសួងព័ត៌មាននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និង បណ្តាញទំនាក់ទំនងសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋ ជាពិសេសយុវជន និង សិស្សានុសិស្ស អាចទទួលបានព័ត៌មានលឿន រហ័ស ងាយស្រួល និង ទូលំទូលាយជាងពេលណាៗ ទាំងអស់។ នេះជាឱកាសដ៏ល្អសម្រាប់ការសិក្សា ស្រាវជ្រាវ ការទំនាក់ទំនង និង ការអភិវឌ្ឍចំណេះដឹង។



សិស្សានុសិស្សទាំងអស់ នៅវិទ្យាល័យរវៀង បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ ពួកគេសូមប្តេជ្ញាចិត្ត «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» និង ចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ និង ពង្រឹងចំណេះដឹងព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាលារៀន និង សហគមន៍យើង។



សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី ២ នេះ បាននិងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត និង បន្តទៅខេត្តផ្សេងៗ ទៀត ជាបន្តបន្ទាប់ នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២៦ នេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


