ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់មន្ត្រី នៃមន្ទីរព័ត៌មានព្រះវិហារ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងតាមដានឱ្យបានជាប់លាប់ចំពោះការវិវត្តនៃសភាពការណ៍នៅតាមតំបន់ព្រំដែន រួមទាំងការប្រមូលព័ត៌មាន និងក្តាប់ស្ថានការណ៍ដើម្បីវិភាគសាធារណមតិ សំដៅធានាបាននូវការផ្តល់បច្ចុប្បន្នភាព និងការវិវត្តពិតប្រាកដ និងទាន់ពេលវេលាដល់សាធារណជន។

ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងអំឡុងពេល នៃការប៉ះទង្គិចដោយសារការឈ្លានពានរបស់យោធាថៃ និងការវិវត្តនៃសភាពការណ៍ជាបន្តបន្ទាប់នេះ ក្នុងនាមជាមន្រ្តីព័ត៌មានដែលជាសេនាធិការឱ្យខេត្ត ត្រូវស្វែងយល់ និងតាមដានចំពោះការផ្សាយព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ និងព័ត៌មានក្លែងក្លាយដែលបង្កការភាន់ច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ មកលើប្រទេសកម្ពុជាដោយត្រូវឆ្លើយតប និងបំភ្លឺជាមួយព័ត៌មានឱ្យបានឆាប់តាមការណ៍ដែលអាចធ្វើទៅបាន។

លោកសង្កត់ធ្ងន់ថា «ក្នុងកាលៈទេសៈបច្ចុប្បន្ន សមរភូមិព័ត៌មាន និងសាធារណមតិ គឺជាការងារដ៏សំខាន់បំផុត គាំទ្រដល់សមរភូមិយោធា សមរភូមិច្បាប់ និងសមរភូមិការទូត។ មន្ត្រីព័ត៌មាន គឺជាកងទ័ពជួរមុខលើការងារសាធារណមតិ។ ដូច្នេះ ការបំពេញភារកិច្ចត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មាន និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។»

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់មន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ ឬការសម្ងាត់ផ្នែកយោធាឡើយ។

នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍នេះ ព្រមទាំងប្តេជ្ញាចិត្តដឹកនាំការងារឱ្យបានជាប្រចាំក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


