Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញ មន្ទីរព័ត៌មាន និង អ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឲ្យបានទូលំទូលាយ

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និង ណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និង សម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និង ថែរក្សាតម្លៃ នៃសម្បត្តិបេតិកភណ្ឌជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និង សម្រង់ទិសការងារព័ត៌មាន និង សាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦។

ក្នុងឱកាសនោះ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីជំនាញ ឲ្យច្នៃប្រឌិតផលិតមាតិកាខ្លីៗ ដែលទាក់ទាញ អំពីសម្រស់ និង ប្រវត្តិសាស្ត្រ នៃបេតិកភណ្ឌខ្មែរ ដោយធ្វើការសម្ភាសន៍ ឬ សាកសួអ្នកជំនាញ ឲ្យពន្យល់បញ្ជាក់ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនជាតិ និង អន្តរជាតិ តាមគ្រប់បណ្តាញផ្សព្វផ្សាយ។

លោកលើកឡើងថា ការផ្សព្វផ្សាយវប្បធម៌ជាតិបានយ៉ាងទូលំទូលាយ នឹងជួយជំរុញកំណើនទេសចរឲ្យកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនេះ ការចែករំលែកអត្ថបទ និង វីដេអូតាមបណ្តាញសង្គម ក៏ជាឱកាសមាសសម្រាប់យុវជនកម្ពុជាក្នុងការសិក្សាស្វែងយល់ និង រួមចំណែកអភិរក្សសម្បត្តិវប្បធម៌ជាតិឲ្យកាន់តែទូលាយ។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ឲ្យបង្កើនការផលិតមាតិកាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ និង តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រផ្សេងៗ ឲ្យបានច្រើនបន្ថែមទៀត។

លោកសង្កត់ធ្ងន់ថា ដោយសារប្រាសាទនេះជាមរតកដូនតាខ្មែរ ហើយកម្ពុជាធ្លាប់ទទួលបានជោគជ័យតាមផ្លូវច្បាប់ជាបន្តបន្ទាប់ក្នុងការការពារអធិបតេយ្យភាពលើប្រាសាទនេះ ទោះបីជាមានភាគីជិតខាងនៅតែមានមហិច្ឆតាឈ្លានពានក្តី ការផលិតមាតិកាព័ត៌មាន និង ឯកសារពាក់ព័ន្ធដើម្បីពង្រឹងការយល់ដឹងដល់សាធារណមតិ គឺជាកិច្ចការអាទិភាពដែលមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និង ផ្តល់តម្លៃខ្ពស់ក្នុងការអញ្ជើញមកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និង តម្រង់ទិសការងារព័ត៌មាន និង សាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។

លោកស្រីប្រធានមន្ទីរ បានចាត់ទុកថា កិច្ចប្រជុំតម្រង់ទិសនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយបង្កើនសមត្ថភាពដល់មន្ត្រីជំនាញ ដើម្បីឲ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការផលិតមាតិកាព័ត៌មានចំគោលដៅព័ត៌មាន និង សាធារណមតិ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាន ក៏ដូចជាអ្នកទស្សនា ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ និង ទេសចរណ៍នៅក្នុងខេត្តឲ្យកាន់តែទូលំទូលាយថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម