ព័ត៌មានជាតិ
យុវវ័យវិទ្យាល័យទួលទំពូង ប្រមាណ ២ ពាន់នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អ «៣កុំ ១ការពារ»
កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០ នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។


អញ្ជើញជាអធិបតីក្នុងពិធីនោះ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អ គឺ ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ និង សហគមន៍ ពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ។

លោកអនុរដ្ឋលេខាធិការ បានពន្យល់អត្ថន័យគោលការណ៍ទម្លាប់ល្អ «៣កុំ ១ការពារ» យ៉ាងដូច្នេះថា កុំទី១ គឺកុំទាន់ជឿ ពោលគឺបើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឲ្យបានបន្តិចសិន។ រីឯកុំទី២ គឺកុំទាន់ចែករំលែក (Share) នោះគឺកុំឲ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥ វិនាទីសិន ដើម្បីផ្ទៀងផ្ទាត់ប្រភពឲ្យច្បាស់ បើមិនច្បាស់លាស់… កុំចែករំលែកបន្ត! កុំទី៣ គឺ កុំប្រហែស ពោលគឺត្រូវការពារលេខសម្ងាត់ (password) ផ្ទាល់ខ្លួន និង ដាច់ខាតកុំចុចលើតំណ(លីង/link) ប្លែកៗ ដែលមិនស្គាល់ប្រភព។ ចំណែកឯ ១ការពារ គឺយើងរួមគ្នាការពារសហគមន៍ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និង ចេះស្វែងរកតែប្រភពព័ត៌មានផ្លូវការដែលផ្តល់ព័ត៌មានពិតទុកចិត្តបាន។

ក្នុងឱកាសនោះដែរ លោក ទេព អស្នារិទ្ធ បានអប់រំយុវសិស្សឲ្យយល់ច្បាស់ពីតម្លៃ ព្រមទាំងតួនាទីដ៏សំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជានៅក្នុងយុគសម័យឌីជីថល។ យុទ្ធនាការនេះ បានជួយឲ្យសិស្សានុសិស្សមើលឃើញច្បាស់ពីតួនាទីស្នូល នៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និង ឯកជន ក្នុងការធានាសិទ្ធិទទួលព័ត៌មាន ហើយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និង ឯកជន បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មានពិត ទាន់ហេតុការណ៍ និងជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

លោកអនុរដ្ឋលេខាធិការ បានដាស់តឿនសិស្សានុសិស្សដូច្នេះថា «សូមក្មួយៗ បោះបង់ទម្លាប់ ‘ប្រើប្រាស់អសកម្ម’ ដែលងាយជឿតាមគេ និង ងាយរងគ្រោះថ្នាក់ ហើយងាកមកពង្រឹងសមត្ថភាពត្រិះរិះពិចារណា ដើម្បីក្លាយជា ‘កម្លាំងចលករ’ ដ៏វៃឆ្លាតក្នុងការគ្រប់គ្រងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ដល់ការសិក្សា និង បង្កើនភាពធន់ទប់ទល់នឹងឥទ្ធិពល នៃព័ត៌មានក្លែងក្លាយ»។



នាឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និង កីឡា អ្នកគ្រូ លោកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យទួលទំពូងទាំងអស់ បានប្រកាសគាំទ្រចំពោះ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ របស់ក្រសួងព័ត៌មាន ព្រមទាំងបានប្តេជ្ញាផ្លាស់ប្តូរឥរិយាបថមកជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីរួមគ្នាការពារសន្តិសុខព័ត៌មាន ទប់ស្កាត់ការរីករាលដាល នៃព័ត៌មានក្លែងក្លាយ និង ការឆបោកតាមអនឡាញ ដែលកំពុងយាយីដល់សណ្តាប់ធ្នាប់សង្គមជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។




សូមបញ្ជាក់ថា យុទ្ធនាការជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី ២ នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និង បន្តទៅខេត្តផ្សេងៗ ទៀត ជាបន្តបន្ទាប់ នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២៦ នេះ៕


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


