Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានភ្នំណាមលៀរ ដែលជាកំពូលភ្នំខ្ពស់ បន្តទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ប្លែកអារម្មណ៍

បានផុស

នៅ

រមណីយដ្ឋានធម្មជាតិ ភ្នំណាមលៀរ ដែលជាកំពូលភ្នំខ្ពស់មួយ ស្ថិតនៅក្នុងទឹកដីខេត្តមណ្ឌលគិរី នៅតែបន្តទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរទៅកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។ «ភ្នំណាមលៀរ» គឺជាទីតាំងទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ដែលអាចមើលឃើញទេសភាពជ្រលងភ្នំទាបខ្ពស់ វាលថ្មធម្មជាតិ និងផ្កាព្រៃជាច្រើនប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ដាវ៉ា អាយុ ៣៥ ឆ្នាំ ជាភ្ញៀវទេសចរម្នាក់ដែលបានឡើងដល់កំពូលភ្នំ បានថ្លែងប្រាប់ទាំងក្តីរំភើបថា នេះជាលើកទី១ហើយ ដែលអ្នកស្រីមានអារម្មណ៍ស្រស់ស្រាយបែបនេះ។ អ្នកស្រីបានបញ្ជាក់ថា ភាពរំភើបនេះកើតឡើងដោយសារតែ នៅពេលឈរលើកំពូលភ្នំ អាចមើលឃើញទេសភាពធម្មជាតិខៀវស្រងាត់ និងស្រូបបានខ្យល់អាកាសបរិសុទ្ធ។

ជាការកត់សម្គាល់ ទោះបីតំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ហើយផ្លូវចូលនៅមានការលំបាកបន្តិចបន្តួចក៏ដោយ ប៉ុន្តែរមណីយដ្ឋានធម្មជាតិនេះ នៅតែបន្តស្រូបទាញភ្ញៀវទេសចរជាច្រើនឱ្យទៅលេងកម្សាន្ត។ បើតាមប្រជាសហគមន៍ដែលរស់នៅតំបន់នោះ បានឱ្យដឹងថា អាជ្ញាធរខេត្តកំពុងត្រៀមជួសជុលផ្លូវចូលទៅកាន់រមណីយដ្ឋានធម្មជាតិ ភ្នំណាមលៀរ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។

បច្ចុប្បន្ន រមណីយដ្ឋានធម្មជាតិ ភ្នំណាមលៀរ កំពុងផ្តល់ចំណូលដល់ប្រជាសហគមន៍តាមរយៈការលក់ផលិតផលកសិកម្ម ផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ប្រជាពលរដ្ឋក្នុងតំបន់ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តឱ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន។

សូមបញ្ជាក់ថា រមណីយដ្ឋានភ្នំណាមលៀរ មានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីក្រុង សែនមនោរម្យ និងមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម