Connect with us

ព័ត៌មានជាតិ

ទឹកធ្លាក់ឡែងកៅនៅមណ្ឌលគិរីបង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង កំពុងពង្រីកខ្លួនជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល

បានផុស

នៅ

ដែនជម្រកសត្វព្រៃកែវសីមា មានទ្រព្យធម្មជាតិដ៏មហាសាល លើសពីនេះទៅទៀត គម្រោងរេដបូក នៅកែវសីមា ក៏បានជួយការពារព្រៃឈើ និងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិចពូនង (ព្នង)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ សម្រាប់សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍មួយដែលពុំទាន់មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។

ខណៈប្រជាសហគមន៍កំពុងពង្រីកខ្លួន ដើម្បីប្រែក្លាយទឹកធ្លាក់នេះឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ បង្កប់វប្បធម៌ជនជាតិដើមភាគតិចពូនង (ព្នង) ដ៏មានសក្តានុពល នៅភូមិភាគឦសាន របស់ប្រទេសកម្ពុជា។ ទឹកធ្លាក់ដែលលាក់ខ្លួននៅក្នុងព្រៃ ក្រំថ្មនេះប្រកបដោយសក្តានុពល​​ និងជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង (ព្នង) កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។

ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិបង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត គ្រាន់តែធ្វើដំណើរដោយថ្មើជើងចុះពីផ្លូវក្រាលកៅស៊ូជាង ៥០០ម៉ែត្រ ប៉ុណ្ណោះនោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំ ១កន្លែង មានភាពទាក់ទាញដោយលាយឡំនឹងអាកាសធាតុត្រជាក់នឹងមកគ្រប់ដណ្តប់កាយយា។

តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងរេដបូកកែវសីមា របស់អង្គការសមាគមអភិរក្សសត្វព្ រៃ(WCS)។ ក្រៅពីមានទឹកធ្លាក់ ៣ជាន់ហើយនោះ តំបន់អេកូទេសចរណ៍ស្ថិតនៅលើ ផ្ទៃដីជាង ១៨ហិកតា ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក៏មានផ្ទាំងថ្មធំៗ ដើមឈើធំៗ ដែលមានភាពស្រស់បំព្រងប្រកបដោយមនោរម្យសម្រាប់អ្នកទេសចរទីជិតឆ្ងាយចូលកម្សាន្ត។

បើតាម ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ  អ្នកនាង ច្រេង បេត បានរៀបរាប់ប្រាប់ដល់អ្នកសារព័ត៌មានថា
 ទឹកធ្លាក់ដែលមានប្រវត្តិផ្សាភ្ជាប់ព្រេងនិទាន និងមានភាពស្រស់ស្អាតពីធម្មជាតិអំណោយផលមួយនេះ បានទទួលប្រជាប្រិយយ៉ាងឆាប់រហ័ស ក្នុងនោះ កាលពីឆ្នាំ២០២៤ កន្លងទៅ  និងឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរចូលកម្សាន្តប្រមាណ១២០០នាក់ ដោយអាចផ្តល់ប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ខណៈតំបន់កម្សាន្តនៅទីកន្លែងនេះមានបម្រើរបាំប្រពៃណីជនជាតិដើមភាគតិចពូនង ទស្សនា ផ្ទះស្នាក់ និងជាពិសេសជាងនេះគឺមានទទួលសេវាធ្វើម្ហូបអាហារបែបជនជាតិដើមភាគតិចផងដែរ។

ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅរូបនេះ បានថ្លែងថា ក្រៅពីសេវាកម្មទាំងនេះប្រជាសហគមន៍ក៏មានទីតាំងបោះតង់ សេវានាំដើរកម្សាន្តព្រៃភ្នំ មើលទេសភាពដ៏ស្រស់ត្រកាល ស្តាប់ និងមើលសត្វព្រៃ ងូតទឹកជ្រោះកម្សាន្តសប្បាយជាដើម។

តាមរយៈការបង្កើតតំបន់ទេសចរណ៍ទឹកធ្លាក់ឡែងកៅ, អ្នកនាង ច្រេង បេត បានឱ្យដឹងថា នៅពេលនេះបានជួយដល់បងប្អូនសហគមន៍ជាច្រើន គឺជួយបង្កើតការងារ ពិសេសមិនឱ្យប្រជាសហគមន៍ធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗទៀតឡើយ ពីព្រោះថាប្រជាពលរដ្ឋសហគមន៍មានការងារធ្វើ លែងពឹងផ្អែកលើព្រៃឈើ ឬការបរបាញ់សត្វព្រៃដូចសម័យមុនៗទៀតឡើយ។

ជុំវិញតំបន់តំបន់ទេសចរណ៍  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា  ​បានថ្លែងថា ក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានពន្យល់ថារបៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយ ទៅមួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរ ចង់ដើរកម្សាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។

គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋានការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវ និងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម