Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំចិន ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់ កើនឡើង១០%

បានផុស

នៅ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន រយៈពេលបីថ្ងៃ ខេត្តមណ្ឌលគិរី ដែលស្ថិតនៅតំបន់ភាគឦសាន ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជាង ២ម៉ឺននាក់ ដែលចំនួននេះកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បង្ហាញថា ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីដ្ឋាននានា សរុបចំនួន ២១,៥២១ នាក់។ ក្នុងនោះ ទេសចរជាតិមានចំនួន ២១,២៥២ នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ២៦៩ នាក់។

មន្ទីរទេសចរណ៍បានបញ្ជាក់ថា ចំនួនសរុបនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ មានការកើនឡើង ១០,៦៦%។ ក្នុងនោះ ទេសចរជាតិកើនឡើង ១២,៤៧% ប៉ុន្តែទេសចរបរទេស ថយចុះ ៥១,៣៦%។ សម្រាប់ឆ្នាំ ២០២៥ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរសរុប ១៩,៤៤៨ នាក់ ដែលក្នុងនោះ ទេសចរជាតិមានចំនួន ១៨,៨៩៥ នាក់ និងទេសចរបរទេសមានចំនួន ៥៥៣ នាក់។

លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន–វៀតណាម មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត។ ទីតាំងដែលទទួលបានការចាប់អារម្មណ៍រួមមាន ភ្នំដោះក្រមុំ សហគមន៍អេកូទេសចរណ៍ឡែងកៅ ទឹកជ្រោះប៊ូស្រា ដែលជារមណីយដ្ឋានល្បីប្រចាំខេត្ត ភ្នំថ្មយក្យណាមលៀរ សមុទ្រឈើភ្នំបាយឆៅ សមុទ្រឈើឡៅការ អណ្តូងស្នេហ៍ និងតំបន់អូតេធិបតី។

លោកបានបន្តថា រមណីយដ្ឋានទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំ ជាពិសេសដោយសារមានផ្លូវធ្វើដំណើរងាយស្រួល និងមានកងកម្លាំងឈរជើងតាមគោលដៅនានា ដើម្បីសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវ ដែលបង្កើនទំនុកចិត្តយ៉ាងខ្លាំង។

ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ ប្រធានមន្ទីរបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យការធ្វើបដិសណ្ឋារកិច្ច និងស្ថានភាពទូទៅនៅតាមរមណីយដ្ឋាននានាទូទាំងខេត្ត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម