Connect with us

ព័ត៌មានជាតិ

១ ឆ្នាំៗ រកចំណូល​បានប្រមាណ ១២០ លានរៀល តាមរយៈ​ចងក្រង​បង្កើត​​សហគមន៍​ផលិតមាន់សាច់

បានផុស

នៅ

គិតត្រឹមឆ្នាំ ២០២៥ សហគមន៍ផលិតមាន់សាច់ជ្រោយបន្ទាយ អាចរកប្រាក់ចំណូល​បាន ប្រមាណជា ១២០​លានរៀល ក្នុង១ឆ្នាំ ដែល​ធ្វើឲ្យជីវភាពសមាជិក​ប្រែប្រួលកាន់តែខ្លាំង។ នេះបើ​តាម លោក ឃេ ពិសី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃេ ពិសី ប្រធានសហគមន៍​ផលិតមាន់ស្រែជ្រោយបន្ទាយ​បានឲ្យដឹងថា សហគមន៍បង្កើតឡើងដំបូងមានសមាជិកតែ​ចំនួន ១០ នាក់ប៉ុណ្ណោះ ប៉ុន្តែគិតរហូតមកដល់ពេលនេះ​បាន​កើន​ដល់​ ៤៥ នាក់។

តាមរយៈ​ការ​ចងក្រង​បង្កើត​សហគមន៍ បានផ្ដល់នូវចំណេះដឹង បច្ចេកទេស របៀបនៃការភ្ញាស់ពង ការថែទាំកូនមាន់ និងការវ៉ាក់សាំងការពារពីជំងឺផ្សេងៗ ព្រមទាំងការនាំមាន់សាច់យកទៅលក់នៅលើទីផ្សារ។

លោក ឃេ ពិសី បាន​ឲ្យ​ដឹង​ថា ការបង្កើតសហគមន៍នេះឡើង គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតមុខ​របរ ការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការចំណាក់ស្រុក និងកាត់បន្ថយបទល្មើសធនធានធម្មជាតិ។

សហគមន៍ផលិតមាន់សាច់ជ្រោយបន្ទាយ មានទីតាំងនៅភូមិល្អៀត ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

សហគមន៍ផលិតមាន់សាច់ជ្រោយបន្ទាយ ជាសហគមន៍តែមួយគត់នៅក្នុងខេត្តក្រចេះ ដែល​ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣ ដោយអង្គការ WWF សហកាណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរខេត្តក្រចេះ។

លោក ឃេ ពិសី បានបញ្ជាក់ថា មុនបង្កើតជាសហគមន៍ ប្រជាពលរដ្ឋចិញ្ចឹមមាន់ គ្រាន់តែហូបនិងផ្គត់ផ្គង់ក្នុងគ្រួសារសឹងតែមិនគ្រប់គ្រាន់ផង ប៉ុន្តែចាប់តាំងពីឆ្នាំ២០២៣ មកដល់ឥឡូវប្រជាពលរដ្ឋជាសមាជិកសហគមន៍ មានជីវភាពរីកចម្រើនធូរធារជាងមុន មានការងារធ្វើនៅផ្ទះ កាត់បន្ថយការចំណាក់ស្រុកទៅធ្វើការឆ្ងាយ លែងចូលព្រៃកាប់ឈើ ដាក់អន្ទាក់សត្វព្រៃ និងការនេសាទត្រីខុសច្បាប់ ដូចកាលពីមុន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម