ព័ត៌មានជាតិ
និស្សិតមីយ៉ាន់ម៉ា ២១រូប បញ្ចប់ការសិក្សាជំនាញអវយវៈសិប្បនិម្មិត និងរណប នៅកម្ពុជាដោយជោគជ័យ
និស្សិតមីយ៉ាន់ម៉ា ចំនួន ២១រូប បានបញ្ចប់ការសិក្សានូវជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា ដោយជោគជ័យ នឹងយកចំណេះជំនាញ និងបច្ចេកទេសដែលរៀនចេះទៅបម្រើដល់ប្រជាជនមីយ៉ាន់ម៉ាវិញ។

និស្សិតទាំងនេះត្រូវបានផ្ទេរមកពីប្រទេសមីយ៉ាន់ម៉ា ក្រោមការគាំទ្រពីមូលនិធិជប៉ុន និងអង្គការ Exceed Worldwide ដោយមានការទទួលស្គាល់ក្រេឌីតសិក្សាយ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០២២ កន្លងមកនេះ។ បច្ចុប្បន្ន ក្រុមនិស្សិត បានបញ្ចប់ការសិក្សាជាស្ថាពរ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនាពេលខាងមុខនេះ។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយ និស្សិតមីយ៉ាន់ម៉ាចំនួន ២១រូប និងក្រុមយុទ្ធសាស្ត្ររបស់អង្គការ Exceed កាលពីរសៀលថ្ងៃទី២១ ខែមេសា នៅទីស្តីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរដល់និស្សិតមីយ៉ាន់ម៉ា និងគ្រូឧទ្ទេសទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងការចុះអនុវត្តការងារផ្ទាល់នៅកម្ពុជាដោយជោគជ័យ ព្រមទាំងបានលើកឡើងពីគុណតម្លៃនៃការសិក្សាជំនាញឯកទេសផ្នែកឧបករណ៍អវយវៈសិប្បនិម្មិតនេះថា គឺជាការផ្ដល់ “ជីវិតទីពីរ” ដល់ជនមានពិការភាព ព្រោះកម្ពុជាធ្លាប់មានបទពិសោធរងគ្រោះដោយសារគ្រាប់មីន និងសង្គ្រាមនាពេលអតីតកាល ដែលធ្វើឱ្យប្រជាជនបាត់បង់សមត្ថភាពការងារ និងការរស់នៅ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថាការបំពាក់អវយវៈសិប្បនិម្មិត មិនត្រឹមតែជួយឱ្យពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបានឡើងវិញប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវសេចក្ដីសង្ឃឹម និងលទ្ធភាពក្នុងការរស់នៅដោយឯករាជ្យម្ចាស់ការក្នុងសង្គម។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការ Exceed Worldwide សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាកម្លាំងចលករជួយដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ន។
នាក្នុងឱកាសនេះ តំណាងអង្គការអ៊ិកស៊ិដវើលវ៉ាយដ៍ (Exceed Worldwide) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការគាំទ្រនាពេលកន្លងមក និងបានលើកឡើងថា ក្នុងអំឡុងពេលសិក្សានៅកម្ពុជា និស្សិតម្នាក់ៗបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងផ្ដល់សេវាស្ដារលទ្ធភាពពលកម្មដល់ប្រជាជនកម្ពុជាជាច្រើនរូបរួចមកហើយ។ បន្ទាប់ពីបញ្ចប់បេសកកម្មនេះ ពួកគាត់នឹងនាំយកចំណេះដឹង និងជំនាញបច្ចេកទេសទាំងនេះ ត្រឡប់ទៅបម្រើប្រជាជននៅប្រទេសមីយ៉ាន់ម៉ាវិញ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


