Connect with us

ព័ត៌មានជាតិ

៣០ឆ្នាំនេះ មានអតីតនិស្សិតកម្ពុជា ១ម៉ឺននាក់ បានសិក្សានៅអូស្ត្រាលី ដែលជាស្ពានភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរ

បានផុស

នៅ

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថារយៈពេល ៣០ឆ្នាំមកនេះ មានអតីតនិស្សិតកម្ពុជាប្រមាណជា ១ម៉ឺននាក់បានសិក្សានៅអូស្ត្រាលី និងបានដើរតួនាទីយ៉ាងសំខាន់ធ្វើជាស្ពានភ្ជាប់ទំនាក់ទំនង និងរឹតបន្តឹងចំណងមិត្តភាពរវាងអូស្ត្រាលី និងកម្ពុជាឱ្យរីកចម្រើនឡើងជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតបានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរការជួបជុំអតីតនិស្សិតរៀននៅអូស្ត្រាលីនិងកម្មវិធីពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកអគ្គរដ្ឋទូតបានបន្តថា អូស្ត្រាលី ពិតជាមានមោទនភាពចំពោះការរួមចំណែករបស់អតីតនិស្សិតអូស្ត្រាលី ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យទាំងសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា ទន្ទឹមនឹងការជួបជុំគ្នាប្រចាំឆ្នាំរបស់អតីតនិស្សិតកម្ពុជាពីគ្រប់មជ្ឈដ្ឋានដែលបានសិក្សានៅអូស្ត្រាលី នេះក៏ជាឱកាសបង្ហាញពីការទទួលស្គាល់ស្នាដៃ និងផ្ដល់កិត្តិយសដល់អតីតនិស្សិតដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចនៅកម្ពុជា និងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី តាមរយៈការផ្តល់ជូននូវពានរង្វាន់ ចំនួន ៣ ប្រភេទរួមមាន៖១. ពានរង្វាន់ភាពជាអ្នកដឹកនាំវ័យក្មេងសម្រាប់អតីតនិស្សិតវ័យក្មេងដែលមានសក្ដានុពល និងភាពជាអ្នកដឹកនាំ។ ២.ពានរង្វាន់ ភាពជាអ្នកដឹកនាំសហគមន៍សម្រាប់អ្នកដែលបានធ្វើការងារស្ម័គ្រចិត្ត ឬជួយដល់សហគមន៍យ៉ាងសកម្ម និងទី៣ ពានរង្វាន់អតីតនិស្សិតឆ្នើមប្រចាំឆ្នាំសម្រាប់អ្នកដែលមានស្នាដៃលេចធ្លោបំផុតក្នុងអាជីព ឬសង្គម។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរដល់អតីតនិស្សិតអាហារូបករណ៍អូស្ត្រាលីដែលទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ទាំង ៣រូប ដោយបានរំលេចពីសារៈសំខាន់នៃចំណេះដឹងនិងជំនាញដែលពួកគេបានរៀននៅប្រទេសអូស្ត្រាលី ហើយបានយកមកប្រើប្រាស់បម្រើដល់ប្រយោជន៍សង្គម និងការអភិវឌ្ឍជាតិ ដែលនេះហើយគឺជាតម្លៃពិតប្រាកដនៃចំណេះដឹង។ ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តដល់អតីតនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឱ្យអស់ពីលទ្ធភាព ដោយប្រើប្រាស់ចំណេះនិងជំនាញដែលបានរៀន ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងសូមបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថាតាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ គឺជាសក្ខីភាពដ៏រឹងមាំមួយ នៃទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យ ការបន្តគាំទ្រដល់វិស័យអប់រំ និងការផ្តល់អាហារូបករណ៍ដ៏មានតម្លៃដល់យុវជនកម្ពុជាជាង ៣ទសវត្សមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏មានសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម