Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកកោះអណ្ដែត ដាំកូនឈើជាង២០០ដើម តាមដងផ្លូវបង្កើនសោភ័ណភាព និងជំរុញចលនាស្រុកបៃតង

បានផុស

នៅ

រដ្ឋបាលស្រុកកោះអណ្ដែត ក្រោមការដឹកនាំរបស់លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានរៀបចំដាំដើមផ្កាភួងមាល័យ និងដើមក្ងោកជាង ២០០ដើម តាមបណ្តោយផ្លូវលេខ 129E ស្ថិតក្នុងភូមិសាស្ត្រឃុំរមេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បរិស្ថានបៃតង និងរួមចំណែកកែលម្អសោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យកាន់តែស្រស់ស្អាត ស្របតាមទិសដៅអភិវឌ្ឍន៍មូលដ្ឋាន និងការកសាង «ស្រុកកោះអណ្ដែតបៃតង»។

ក្នុងឱកាសនោះ លោក ភួន ឈីម បានមានប្រសាសន៍ថា ការដាំកូនឈើ និងដើមផ្កា មិនត្រឹមតែជួយបង្កើតបរិយាកាសបៃតង និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ ធ្វើឱ្យបរិស្ថានរស់នៅកាន់តែស្រស់ត្រកាល និងទាក់ទាញផងដែរ។

លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព មិនអាចខ្វះបាននូវការចូលរួមថែរក្សាបរិស្ថានពីសំណាក់ប្រជាពលរដ្ឋនោះឡើយ។ ដូច្នេះ ការដាំកូនឈើនៅពេលនេះ គឺជាការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ និងបង្កើតទម្លាប់ចូលរួមថែរក្សាបរិស្ថានក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ 129E និងក្នុងឃុំរមេញទាំងមូល សូមចូលរួមថែរក្សា ការពារ និងស្រោចទឹកកូនឈើ និងដើមផ្កាដែលទើបដាំថ្មីទាំងនេះ ឱ្យបានលូតលាស់ល្អ ដើម្បីផ្តល់ជាប្រយោជន៍រួមដល់សហគមន៍ និងទុកជាកេរមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា ក្នុងសកម្មភាពខាងលើ រដ្ឋបាលស្រុកកោះអណ្ដែតបានដាំដើមផ្កាភួងមាល័យចំនួន ២០០ដើម និងដើមក្ងោកចំនួន ៣០ដើម ដែលជាប្រភេទរុក្ខជាតិលម្អមានផ្កាស្រស់ស្អាត អាចជួយបង្កើនទេសភាពបៃតង និងសោភ័ណភាពតាមដងផ្លូវឱ្យកាន់តែទាក់ទាញនាពេលអនាគត៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម