ព័ត៌មានជាតិ
កូនដើមត្របែកព្រៃជាង៤០០ដើមត្រូវបានដាំតាមដងផ្លូវក្បែររង្វង់មូលគោព្រៃ ដើម្បីបង្កើនសោភ័ណភាព និងលើកកម្ពស់បរិស្ថានបៃតង
សក្ដានុពលខ្លាំងផ្នែកវិស័យទេសចរណ៍ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ និងដើម្បីទាក់ទាញ ភ្ញៀវទេសចរឲ្យមកកម្សាន្តបន្ថែមទៀតនោះ រដ្ឋបាលខេត្តមណ្ឌលគិរីបានព្យាយាមអភិវឌ្ឍករសាងសមិទ្ធផលផ្សេងៗ តុបតែងកែលម្អឲ្យសោភ័ណភាពទាំងក្នុងក្រុង និងជនបទ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានសហការជាមួយប្រជាពលរដ្ឋដាំកូនឈើអមសងខាងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងជាប្រធាន ស.ស.យ.ក ក្រុងបានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា
ដោយមានការចង្អុលបង្ហាញពី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោកយកចិត្តទុកដាក់ខ្ពស់បានឧបត្ថម្ភកូនឈើជាច្រើនមុខដើម្បីឲ្យមន្ត្រីថ្នាក់ក្រោមយកទៅដាក់ដាំតាមគោលដៅគ្រោងទុក។ ដោយទទួលបានតាមការណែនាំក្នុងនាមថ្នាក់ដឹកនាំក្រុង និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសែនមនោរម្យ និងប្រជាពលរដ្ឋបានដឹកនាំចូលរួមដាំដើមឈើប្រភេទកូនត្របែកព្រៃជាង៤០០ដើមដាំ អមសងខាងផ្លូវជាតិលេខ៧៦ ពីចំណុចរង្វង់មូលគោព្រៃឆ្ពោះទៅផ្លូវបំបែកទៅឃុំដាក់ដាំ។

លោកបានបន្តថា ការដាំដើមឈើអមសងខាងផ្លូវនេះ ដើម្បីឲ្យសមស្របទៅនឹងខេត្តភាគឦសានដែលសម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសការដាំកូនឈើនេះ នឹងជួយលើកកម្ពស់សោភ័ណភាពក្រុង និងបរិស្ថានបៃតង ដើម្បីឲ្យស័ក្ដិសមជាខេត្តអេកូទេសចរណ៍។ សកម្មភាពទាំងអស់នេះ ថ្នាក់ដឹកនាំខេត្តមានគោលបំណងគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្សាន្តក្នុងខេត្តមណ្ឌលគិរីបានគ្រប់រដូវកាលបន្ថែមទៀតទៅតាមរមណីយដ្ឋានផ្សេងៗ ដែលមានច្រើនសម្បូរបែបផងដែរ។

លោកបានបញ្ជាក់ថា ការដាំដើមឈើនៅមុខលំនៅឋានរបស់ប្រជាពលរដ្ឋអមសងខាងផ្លូវនេះ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានសហការជាមួយអាជ្ញាធរយ៉ាងរីករាយ ហើយពួកគេបានអះអាងថា នឹងជួយថែរក្សាសមិទ្ធផលទាំងអស់នេះដូចជាស្រោចទឹកមើលថែ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ពួកគេទៅថ្ងៃអនាគត។

លោក សាន់ ភូលីតា ជាប្រជាពលរដ្ឋមួយរូបរស់នៅក្រុងសែនមនោរម្យ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ដោយការយល់ឃើញពីសកម្មភាពរបស់អាជ្ញាធរដែលបានដាំកូនឈើ អមសងខាងផ្លូវក្នុងក្រុងសែនមនោរម្យ ជាពិសេសនៅមុខលំនៅឋានរបស់គេផ្ទាល់តែម្ដង ហើយគាត់ពិតជាសប្បាយរីករាយ និងស្មាក់ចិត្តសហការជាមួយអាជ្ញាធរ ហើយក្នុងនាមពលរដ្ឋចង់ឃើញក្រុងសែនមនោរម្យមានភាពស្រស់បំព្រង បរិស្ថានស្អាតសេវាល្អ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត នឹងបង្កើនការអភិវឌ្ឍន៍កែលម្អខេត្តមណ្ឌលគិរីជាពិសេសក្រុងសែនមនោរម្យជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


