Connect with us

ព័ត៌មានជាតិ

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងវិស័យឯកជនរួមគ្នាដាំដើមឈើដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៅខេត្តសៀមរាប

បានផុស

នៅ

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានសហការគ្នាដាំដើមឈើចំនួន ២៥០ដើម នៅក្រុងរុនតាឯកតេជោសែននៃខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះមានឈ្មោះថា គម្រោង ធី “ដើមឈើសម្រាប់ជីវិត” (Project T –Trees for life) ដែលមានបំណងរួមចំណែកកសាងភាពធន់នឹងអាកាសធាតុនៅក្រុងរុនតាឯកតេជោសែនដែលទើបតែបង្កើតឡើងថ្មីៗនេះ។ជាប្រយោជន៍ពង្រីកផលវិជ្ជមានរបស់គម្រោងឲ្យកាន់តែទូលំទូលាយ ដើមឈើចំនួន ៧៥០ ដើមបន្ថែមទៀតត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាអំណោយពីមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សម្ព័ន្ធកូកា-កូឡាចំពោះសកម្មភាពអាកាសធាតុគម្រោងដាំដើមឈើនេះដើរស្របទៅនឹងគោលដៅរួមរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយការបំភាយឧស្ម័នហើយតាមរយៈការដាំដើមឈើនេះកំពុងចូលរួមកាត់បន្ថយបរិមាណកាបូន ស្ដារគុណភាពខ្យល់ និងលើកកម្ពស់ដល់ភាពបៃតងរបស់សហគមន៍ថែមមួយកម្រិតទៀត។ ក្រៅពីសមាជិកសហគមន៍ និងបុគ្គលិកអង្គការអ្នកស្ម័គ្រចិត្តប្រមាណ៨០នាក់ដែលជាបុគ្គលិកក្រុមហ៊ុនកូកា-កូឡាកម្ពុជា
បានចូលរួមដាំដើមឈើ បង្ហាញពីការយកចិត្តទុកដាក់ចូលរួមធ្វើការងារសង្គម និងបរិស្ថាន។

ការងារស្ម័គ្រចិត្តនេះ គឺស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០២៣របស់ក្រុមហ៊ុនស្វាយអឺ កូកា-កូឡា
ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍សហគមន៍ និងលើកទឹកចិត្តដល់បុគ្គលិកឲ្យធ្វើការងារស្ម័គ្រចិត្តជួយសង្គម។

លោក ឆាយ ដឹប នាយកប្រតិបត្តិនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជាមានប្រសាសន៍ថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានគាំទ្រដល់គម្រោងអភិវឌ្ឍន៍សហគមន៍របស់យើង។ ក្រោមកិច្ចសហការរួមគ្នា យើងអាចធ្វើឲ្យក្រុងរុនតាឯកតេជោសែន កាន់តែបៃតងហើយធន់នឹងអាកាសធាតុ»។

លោក អ៊ឹង សុភ័ណ អភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែនបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងអង្គការដែលរួមចំណែកដល់ការអភិវឌ្ឍក្រុងរុនតាឯកតេជោសែននាថ្ងៃនេះ។

លោកបានបន្តថា « ជាការពិតណាស់ថា ការកសាងសហគមន៍មួយឲ្យធន់នឹងការប្រែប្រួលអាកាសធាតុទាមទារឲ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។ យ៉ាងណាមិញកម្មវិធីនាថ្ងៃនេះគឺជាការបោះជំហានមួយទៀតរបស់យើង ឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវហើយយើងសង្ឃឹមថានឹងមានដៃគូសហការដទៃទៀតមកចូលរួមអភិវឌ្ឍក្រុងរុនតាឯកតេជោសែនរបស់យើងនេះជាបន្តបន្ទាប់ទៅមុខទៀត»។

តាមរយៈកិច្ចសហការនេះលោកសង្ឃឹមថាក្រុមហ៊ុននិងអង្គការអាចកៀងគរប្រជាពលរដ្ឋកាន់តែច្រើនឡើង ឲ្យចូលរួមកសាងអនាគតប្រទេសជាតិនិងថែរក្សាបរិស្ថានឱ្យកាន់តែមានភាពបៃតង ស្រស់បំព្រង ប្រកបដោយចីរភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម