ព័ត៌មានជាតិ
ជនជាតិជប៉ុន និងខ្មែរ ៨០០នាក់ រួមគ្នាដាំដើម ឈើ១ម៉ឺនដើម នៅផ្នែកខាងជើង ប្រាសាទនាគព័ន្ធ
ជនជាតិជប៉ុនចំនួន ៤៥០នាក់ និងខ្មែរចំនួន ៣៥០នាក់ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ ៥ ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៉ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៉ីអន (AEON) ជប៉ុន និងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ ។

សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៉ីអន លោក ណាអូយ៉ា អូកាដា (Naoya Okada) បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថា គម្រោងដាំដើមឈើ១ម៉ឺនដើមនៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វ និងមនុស្សឱ្យកាន់តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវចម្រុះធម្មជាតិ ជួយដល់បរិស្ថានឱ្យប្រជាពលរដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងអាចធ្វើឱ្យមាននិរន្តភាពនៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិភាពផង។

លោក Naoya Okada រំពឹងទុកថា ការរួមគ្នាដាំដើមឈើវាងពលរដ្ឋជប៉ុន និងខ្មែរក្នុងថ្ងៃនេះ គឺវាអាចនឹងធ្វើឱ្យធម្មជាតិសំបូរបែបនៅពេលអនាគត។ ចាប់តាំងពីឆ្នាំ២០១២មក មូលនិធិអ៉ីអន បានគាំទ្រដល់ការងារលើកកម្ពស់បរិស្ថាននៅក្នុងតំបន់អង្គរ។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អាត់ស៊ីស៊ិ អ៉ីណូ (Atsushi Ueno) បានថ្លែងថា ជាច្រើនឆ្នាំមកនេះក្រុមហ៊ុនអ៉ីអន មិនត្រឹមតែមកវិនិយោគ ដើម្បីជួយសេដ្ឋកិច្ច ផ្ដល់ការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរទេ គឺក្រុមហ៊ុននេះក៏កំពុងចូលរួមការងារសង្គមនៅក្នុងប្រទេសកម្ពុជាជាច្រើន ដូចជាកិច្ចការពារបរិស្ថាននិងកិច្ចការពារសម្បត្តិបេតិកភណ្ឌផងដែរ។ ជាក់ស្ដែងមូលនិធិអ៉ីអន បានជួយសាងសង់សារមន្ទីរព្រះនរោត្តមសីហនុ នៅក្នុងខេត្តសៀមរាប ដើម្បីដាក់វត្ថុសិល្បៈបុរាណ ដែលរកឃើញពីតំបន់អង្គរផងដែរ។ លោកថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អៗថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីក និងពង្រឹងមិត្តភាពជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។

លោកជំទាវ សាន់ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើគឺជាជីវិត ។ បើគ្មានដើមឈើគឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វនិងជីវចម្រុះ គ្មានបរិស្ថានស្រស់ស្អាតនិងគ្មានអ្វីៗទាំងអស់។
លោកជំទាវបញ្ជាក់ទៀតថា នៅក្នុងតំបន់អង្គរ គឺដើមឈើមានសារសំខាន់យ៉ាងខ្លាំង។ ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអ៊ុកស៊ីហ្សែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរ និងសត្វផង។ បន្ថែមលើនេះដើមឈើក៏ដើរតួនាទីដ៏សំខាន់ផ្សេងទៀតក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ ។ មានន័យប្រាសាទបុរាណខ្មែរជាច្រើនបានសាងសង់លើគ្រឹះដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សានិងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។

លោកជំទាវបន្ថែមថា ដើមឈើក៏ជួយជារនាំងការពារទប់ទល់និងការប្រែវប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និង គ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម។ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះនៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើម៕







-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


