Connect with us

ព័ត៌មានជាតិ

បន្ទាប់ពីខណ្ឌសែនសុខ ដល់ខណ្ឌឫស្សីកែវ! អាជ្ញាធរបន្តចុះឆែកឃ្លាំងសាច់បង្កករាប់រយតោនសង្ស័យនាំចូលពីថៃ

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា តាមការពិនិត្យជាបឋមរបស់អាជ្ញាធរ លើផលិតផលសាច់បង្កកដែលរក្សាទុកក្នុងឃ្លាំងដ៏ធំមួយ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានបង្ហាញថា ការវេចខ្ចប់ ស្លាកសញ្ញា QR Code, Barcode ឆ្នាំផលិត និងទីកន្លែងផលិត ភាគច្រើនបង្ហាញប្រភពមកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកបានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកខាងលើ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយមានការសង្ស័យថា ផលិតផលសាច់បង្កកមួយចំនួនធំត្រូវបាននាំចូលពីប្រទេសថៃ។

លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា អ្នកគ្រប់គ្រងឃ្លាំងដែលបានសហការជាមួយអាជ្ញាធរ ក៏បានអះអាងផងដែរថា ផលិតផលភាគច្រើនត្រូវបាននាំចូលពីប្រទេសថៃ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា ការវាយតម្លៃ និងសន្និដ្ឋានជាផ្លូវការអំពីប្រភព និងភាពស្របច្បាប់នៃទំនិញទាំងនោះ នៅត្រូវរង់ចាំលទ្ធផលស៊ើបអង្កេត និងការបញ្ជាក់ពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាមុនសិន។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ត្រូវបានអនុវត្តដោយកម្លាំងចម្រុះ រួមមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យប្រភេទ និងប្រភពទំនិញដែលកំពុងរក្សាទុកនៅក្នុងឃ្លាំង។ ជាក់ស្តែង មន្ត្រីបានប្រទះឃើញសាច់បង្កកជាច្រើនប្រភេទ រួមមានប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង និងផលិតផលអាហារបង្កកផ្សេងៗទៀត ដែលត្រូវបានស្តុកទុកក្នុងបរិមាណយ៉ាងច្រើន។

បើតាមការបញ្ជាក់របស់អភិបាលខណ្ឌ ឃ្លាំងខាងលើត្រូវបានប្រើប្រាស់សម្រាប់ស្តុក និងចែកចាយសាច់បង្កកក្នុងទ្រង់ទ្រាយធំ ដោយមានបរិមាណទំនិញរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ។ បន្ទាប់ពីរក្សាទុក និងរៀបចំរួច ផលិតផលទាំងនេះត្រូវបានបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេស។

អាជ្ញាធរ និងមន្ត្រីជំនាញកំពុងបន្តពិនិត្យ និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់ប្រភព និងស្ថានភាពផ្លូវច្បាប់នៃផលិតផលទាំងនេះឱ្យបានច្បាស់លាស់៕អត្ថបទ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម