Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ការយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពលី គ្រួសារអតីតយុទ្ធជន និងគ្រួសារនិវត្តជន គឺជាកាយវិការកតញ្ញូដែលត្រូវបន្តធ្វើ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំខេត្តបន្ទាយមានជ័យ ដោយមានអ្នកចូលរួម១០៨០នាក់។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវ និងណែនាំឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាននៃខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងវត្តមានអតីតយុទ្ធជន និវត្តជន ជាពិសេសក្រុមគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដែលជាកិច្ចការដែលយើងត្រូវធ្វើ ដើម្បីពង្រឹងខឿនការពារជាតិឱ្យបានល្អប្រសើរ និងកាត់បន្ថយការលំបាករបស់គ្រួសារយុទ្ធជនពលី។ ការយកចិត្តទុកដាក់អតីតយុទ្ធជន និងនិវត្តជន គឺមិនមែនតែមួយថ្ងៃ ឬពីរថ្ងៃនោះទេគឺត្រូវយកចិត្តទុកពួកគាត់រហូត ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ និងត្រូវផ្ដល់ឱកាស អញ្ជើញពួកគាត់ចូលរួមក្នុងពិធីជួបជុំ និងសំណេះសំណាលផ្សេងៗ ការធ្វើបែបនេះគឺជាកាយវិការកតញ្ញូមួយដ៏ល្អដែលមន្ត្រីជំនាន់ក្រោយត្រូវតែធ្វើ និងបន្តធ្វើ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរត្រូវពិនិត្យ និងយកចិត្តទុកដាក់ជាពិសេសគ្រួសារពលី ដល់ការលើកកម្ពស់ការសិក្សាអប់រំរបស់កូន ចៅ យុទ្ធជនពលី ឱ្យទទួលបានរៀនសូត្រ ត្រូវផ្ដល់អាទិភាពឱ្យពួកគេទទួលបានអាហារូបករណ៍សិក្សាដោយមិនបង់ថ្លៃ និងផ្តល់ក្របខណ្ឌទាហានអាជីពដល់ពួកគេ។

ចំពោះការងារគ្រប់គ្រង អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបន្ទាយមានជ័យ យោងតាមរបាយការណ៍របស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តបន្ទាយមានជ័យមានអតីតយុទ្ធជនសរុប ៦,៧៤១ នាក់ ក្នុងនោះអតីតយុទ្ធជន ចូលជាសមាជិកសមាគមមានចំនួន  ៥,៥៨៧ នាក់ (អ្នកក្នុងបន្ទុកមានចំនួន ៨,៥៥៣ នាក់)។ 

មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិលក្នុងខេត្តសរុបមានចំនួន ២,១៨៥ នាក់ និងបានផ្តល់ជូនប័ណ្ណ ប.ស.ស. ជូនសមាជិកមានចំនួន ៦.៣៧១នាក់ និងប័ណ្ណសមធម៌ នៅមជ្ឍមណ្ឌលតេជោសន្តិភាពមានចំនួន ៨៦គ្រួសារ។

សម្រាប់ការងារសាងសង់ផ្ទះ និងគ្រប់គ្រងដីសម្បទានសង្គមកិច្ច្ ពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៦ អ.ន.ក. ខេត្ត បានសាងសង់សរុបបានចំនួន ៥១៥ខ្នងផ្ទះ និងកំពុងគ្រប់គ្រងចំនួន ០១កន្លែង ស្មើនឹងទំហំ ៥៤៨ហិកតា ដែលមានទីតាំងនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដោយបានធ្វើការបែងចែង និងសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​​ជូនអតីតយុទ្ធជន និងនិវត្តជន ដែលអត់ដីអត់ផ្ទះបានចំនួនសរុប ៤៣១គ្រួសារ (ក្នុងនោះផ្ទះទំនេរចំនួន ៥៥ខ្នង) និងបានប្រគល់ដីឡូតិ៍ជូនប្រជាពលរដ្ឋក្រីក្របានចំនួន ៣៥គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម