Connect with us

ព័ត៌មានជាតិ

ព្រះបដិមាលោកេសូរ (ព្រះអវលោកិតេស្វរ) ជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន បានតាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

បានផុស

នៅ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ ២០២៦ ស្តីពី «ការរកឃើញវត្ថុបុរាណថ្មីៗ នៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន ២១ មានគ្រឿងសម្គាល់ និង កេតនភណ្ឌរបស់ព្រះលោកេសូរ ដែលជាព្រះពោធិសត្វដ៏ពេញនិយម ក្នុងព្រះពុទ្ធសាសនាមហាយាន ជាការរកឃើញថ្មីៗ កំណាយនៅប្រាសាទតាព្រហ្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួយ សាវឿត នាយកស្តីទី សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា រូបបដិមាព្រះលោកេសូរ និង បំណែក ជារូបព្រះបាទ មានរូបចម្លាក់ព្រះពុទ្ធអមិតាភៈ នៅលើម្រាមជើង និង កជើង និង ព្រះហស្ត ដែលមានកាន់កេតនភណ្ឌផ្សេងៗ ត្រូវបានអ្នកជំនាញធ្វើការជួសជុល និង សម្អាតកំណកដីឬស្លែចេញ បន្ទាប់មកបានរៀបចំជាពិព័រណ៍ រយៈពេល ៦ ខែ គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ លោកថា គោលបំណងសំខាន់ នៃការតាំងបង្ហាញនេះ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងជាការផ្សព្វផ្សាយទៅកាន់សាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិត ឱ្យបានទៅទស្សនា សិក្សាស្វែងយល់ពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈ នៃគ្រឿងលម្អ និង លក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។

អ្នកជំនាញ នៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បញ្ជាក់ថា សាធារណជន នឹងបានស្វែងយល់បន្ថែម អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និង ការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។ ជាក់ស្តែង ព្រះលោកេសូរ ឬ ព្រះអវលោកិតេស្វរៈ ជាព្រះពោធិសត្វ នៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វ ដែលគេនិយមគោរពបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ ក្នុងរាជព្រះបាទជ័យវម៌្មទី ៧ នាសតវត្សរ៍ទី ១២ និង ទី ១៣៕
អត្ថបទ ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព ៖ លោក ហាប់ គឹមអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម