ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ផ្លាស់ប្តូរឥរិយាបថពលរដ្ឋក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។

កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មន្ទីរព័ត៌មានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណជាង ៦០០នាក់។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការជំហានទី១ រួចមក ពេលនេះកំពុងឈានចូលដល់ជំហានទី ២ ដែលកំពុងដំណើរការយ៉ាងសកម្មនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។ យុទ្ធនាការនេះទទួលបានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ជាពិសេស ប្រជាពលរដ្ឋ យុវជនដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេ បានបង្កើនការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះបានរួមចំណែកលើកកម្ពស់អក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម មិនឱ្យបន្តរាលដាលដល់ក្រុមគ្រួសារ និងសហគមន៍ទៀតឡើយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការវាយតម្លៃនេះផ្អែកលើការសង្កេតផ្ទាល់ ការវាយតម្លៃពីក្រុមការងារជំនាញនៃក្រសួងព័ត៌មាន និងមតិមហាជន។ ជាក់ស្តែងបើពិនិត្យលើព្រឹត្តិការណ៍ នៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាក្នុងអំឡុងពេលរលកទី១ គេសង្កេតឃើញមានការចែករំលេកបន្តគ្នាព័ត៌មានមិនពិតជាច្រើន ដោយពុំបានគិតគូរពិចារណាមុនចែកចាយទេ។ ដែលព័ត៌មានទាំងនោះភាគច្រើនមានប្រភពពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ ក្នុងគោលបំណងធ្វើឱ្យចលាចល ធ្វើឱ្យសតិអារម្មណ៍មហាជនមិន «នឹងនរ បំបែកបំបាក់សាមគ្គីជាតិ និងធ្វើឱ្យប៉ះពាល់ដល់ចិត្តកងទ័ព។ ប៉ុន្តែនៅពេលដែលមានព្រឹត្តិការណ៍ឈ្លានពានរលកទី២ ប្រជាពលរដ្ឋយើងមិនបានចែករំលេក ឬផ្សាយបន្តភ្លាមៗឡើយ បន្ទាប់ពីទទួលបានព័ត៌មានពីប្រទេសថៃ ឬប្រភពមិនផ្លូវការផ្សេងៗ។

លោក ទេព អស្នារិទ្ធ បានលើកយកឧហរណ៍មកបញ្ជាក់យ៉ាងដូច្នេះថា «ជុំវិញករណីយោធាកម្ពុជា ៤ រូបរងរបួសនៅតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ ទោះបីជាមានការផ្សព្វផ្សាយបំផ្លើសថាមានអ្នកស្លាប់ ក៏ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមិនបានចែករំលែកបន្តនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់បានអំពាវនាវឱ្យរង់ចាំព័ត៌មានផ្លូវការពីក្រសួងការពារជាតិ ឬស្ថាប័នព័ត៌មានដែលគួរឱ្យទុកចិត្តជាមុនសិន។ សកម្មភាពនេះ សបញ្ជាក់ថា ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ និងប្រុងប្រយ័ត្នជាងមុនខ្លាំង ដោយមិនងាយធ្លាក់ក្នុងអន្ទាក់នៃការផ្សព្វផ្សាយបែបបំពុល ញុះញង់ បែបប្រឌិត កាឡៃការពិតនោះទេ ក្រោយពេលក្រសួងព័ត៌មានបានដឹកនាំអនុវត្តន៍យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “នេះជាបន្តបន្ទាប់រហូតមក»។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាខែលសន្តិសុខព័ត៌មាន ដ៏រឹងមាំមួយសម្រាប់សង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើបណ្តាញសង្គម ដោយប្រែពីអ្នកប្រើ អ្នកទទួលព័ត៌មានដោយអកម្ម មកជាអ្នកពិនិត្យព័ត៌មានសកម្មក្នុងនាមជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដែលជាការរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ការផ្សាយពាក្យចចាមអារ៉ាម ការប្រឌិតកាឡៃ បំភ្លៃការពិត កុំឱ្យរីករាលដាលក្នុងសង្គម។ ជាងនេះទៀត នៅពេលដែលប្រជាពលរដ្ឋចេះបដិសេធព័ត៌មានក្លែងក្លាយ វានឹងជួយរក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងទំនុកចិត្តលើស្ថាប័នព័ត៌មានស្របច្បាប់ ប្រភពព័ត៌មានផ្លូវការរបស់ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន និងអង្គភាពសារព័ត៌មានដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ត្រឹមត្រូវ។

នៅក្នុងឱកាសនោះ លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។
យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។

បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១១ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប និងខេត្តកោះកុង។ ក្រុមការងារនឹងបន្តពង្រីកសកម្មភាពនេះឱ្យគ្របដណ្តប់ទូទាំង ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ២០២៦នេះ៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


