Connect with us

ព័ត៌មានជាតិ

វិស័យ​ទេសចរណ៍​រួម​ចំណែក​ប្រមាណ ៣០% នៃ​ចំណូល GDP សម្រាប់ពលរដ្ឋ​ខេត្ត​កំពត

បានផុស

នៅ

វិស័យ​ទេសចរណ៍​ជាប្រភពចំណូល​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខេត្តកំពត ដោយ​បាន​រួមចំណែក​ប្រមាណ​ពី ២០% ទៅ ៣០% នៃ​ចំណូល GDP សរុបរបស់​ខេត្ត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក មឿង គង្គា អភិបាល​រង​ខេត្ត​កំពត​នៅ​ក្នុង​សន្និសីទ​​បង្ហាញពី​វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មឿង គង្គា បាន​រំលេច​ពី​សក្ដានុពល​ក្នុង​ខេត្ត​កំពត ​ជា​ខេត្ត​គោលដៅ​ឆ្នេរ​សមុទ្រ​ដ៏​ទាក់​ទាញ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ ១៤៨ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

ខេត្ត​កំពត​មាន​គោលដៅ​ទេសចរណ៍​សរុប​ប្រមាណ ៤២ ទីតាំង រួម​មានទាំង​សហគមន៍​ទេសចរណ៍​ចំនួន ៩ សហគមន៍​ផ្សេងទៀត។

លោក មឿង គង្គា បាន​ថ្លែង​ថា ដើម្បី​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ខេត្ត​តំបន់​ឆ្នេរ​នេះ​បន្ថែម​ទៀត អាជ្ញាធរ​ខេត្ត​បាន​​​រៀបចំ​ទីតាំង​សហគមន៍​តាម​ឆ្នេរសមុទ្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មក​កម្សាន្ត​កាន់​តែ​ច្រើនទាំង​ក្នុង​រដូវ​ប្រាំង និង​រដូវវស្សា។ ការ​ពង្រីក​​សក្ដានុពល​ទេសចរណ៍​ទាំង​តំបន់​ធម្មជាតិ និង​ការកែច្នៃ គឺ​ធ្វើ​យ៉ាង​ណា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យចង់​មក​កម្សាន្ត​ហើយចង់​ត្រឡប់​មក​ម្ដង​ទៀត ​ដោយ​មិន​មាន​ភាព​ជិន​ណាយ​។

តំបន់​ទេសចរណ៍ និង​សមិទ្ធផលថ្មីៗ​បាន​​​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​ខេត្តកំពតមាន​ដូចជា​ រូប​សំណាក់​សេះ​សមុទ្រ ដែល​ជា​រូប​សំណាក់​ដ៏​មានប្រជាប្រិយភាព​បំផុត ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ជាតិ​មិន​ដែល​រំលង​ក្នុងការ​ទៅទស្សនា។ ការដំឡើង​នាឡិកា​យក្ស និងឧបករណ៍​រាំតាមបទភ្លេង​ស្ថិត​នៅមុខ​សាលាខេត្ត តាម​បណ្ដោយ​មាត់ព្រែកកំពង់បាយ។

ការរៀប​ចំឆ្នេរខ្សាច់​កម្សាន្តនៅតាមបណ្ដាញឆ្នេរកំពង់បាយរួមមាន ឆ្នេរកោះស្មៅ ឆ្នេរនៅ​ចន្លោះ​ស្ពានថ្មី និងស្ពានចាស់។ បន្ថែម​ពីនេះអាជ្ញាធរ​ខេត្ត​បាន​ក៏​កំពុង​រៀបចំ «បាតដៃ​សម្រាប់​ថតរូប» ស្ថិតនៅ​ចន្លោះ​ស្ពាន​ថ្មី និង​ស្ពាន​ចាស់ តាម​បណ្ដាញ​មាត់ព្រែក​កំពង់បាយ ហើយបច្ចុប្បន្នជិតរួចរាល់ហើយ។

តាមរយៈ​រៀបចំ​បង្កើត​សមិទ្ធផល​ថ្មីៗ​បន្ត​បន្ទាប់​ លោក មឿង គង្គា រំពឹង​ថា នឹង​បង្កើន​ការ​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កំពត​ ដែល​នឹងអាច​​ហក់​កើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៦ និង ២០២៧។

ពាក់ព័ន្ធ​សេវាកម្ម​ស្នាក់នៅវិញ ខេត្ត​កំពត​មិន​មាន​បញ្ហា​ប្រឈម​បញ្ហា​ផ្ទះ​ស្នាក់សម្រាប់​​ភ្ញៀវ​ទេសចរ​​នោះ​ទេ។ នេះបើតាមលោក មឿង គង្គា។

បច្ចុប្បន្ន ខេត្ត​មាន​បន្ទប់​ស្នាក់​នៅ​ប្រមាណ ៥ ០០០ បន្ទប់ និង​មាន​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​រួមមាន​បឹង​ហ្គាឡូ និង​រីសត​ប្រមាណ ៦០០ អាជីវកម្ម សម្រាប់ទទួលទេសចរ​មក​ស្នាក់នៅកម្សាន្ត៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម