ព័ត៌មានជាតិ
បណ្ឌិតមួយរូបថា បញ្ហាមូលដ្ឋានយោធាសមុទ្ររាម ជាអន្ទាក់របស់សហរដ្ឋអាមេរិក
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា បញ្ហាមូលដ្ឋានយោធាសមុទ្ររាម វាជាអន្ទាក់របស់សហរដ្ឋអាមេរិក ពីព្រោះបើទោះបីជាមានការបកស្រាយ និងធ្វើសកម្មភាពជាក់ស្ដែង ដោយអនុញ្ញាតឲ្យសេនានុព័ន្ធយោធាសហរដ្ឋអាមេរិកទៅទស្សនកិច្ចដោយផ្ទាល់ក្តី ប៉ុន្តែនៅតែមិនជម្រះបាននៅមន្ទិលសង្ស័យនោះទេ ដូច្នេះការជឿ ឬមិនជឿ មិនចំណុះលើកម្ពុជាទេ គឺស្ថិតនៅលើអាមេរិក។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី១២ ខែមិថុនា នេះយ៉ាងដូច្នេះថា “សម្រាប់ខ្ញុំយល់ថា វាជាយុទ្ធសាស្ត្ររាយអន្ទាក់មួយរបស់សហរដ្ឋអាមេរិក បើទោះបីជាយើងខិតខំប្រឹងប្រែងបកស្រាយយ៉ាងណាក្តី ទោះបីផ្ទាល់មាត់ក្តី ហើយយើងថែមទាំងធ្វើសកម្មភាពជាក់ស្ដែង គឺអនុញ្ញាតអោយសេនានុព័ន្ធយោធាសហរដ្ឋអាមេរិក បានទៅទស្សនកិច្ចដោយផ្ទាល់ នៅក្នុងមូលដ្ឋានកងទ័ពរាមយ៉ាងណាក្តី ប៉ុន្តែពួកគេនៅតែមិនជម្រះបាននូវមន្ទិលសង្ស័យរបស់ខ្លួននោះទេ ចឹងវាជាយុទ្ធសាស្ត្រមួយ គឺជាគំនិតបុរេវិនិច្ឆ័យមួយ ដែលគេចិញ្ចឹមចិត្តចោទប្រកាន់មកលើកម្ពុជារួចទៅហើយ ដូច្នេះទោះបីជាយើងធ្វើសកម្មភាពបែបណា ក៏យើងមិនអាចលាងជម្រះមន្ទិលសង្ស័យបានដែរ ការជឿ ឬមិនជឿ មិនចំណុះលើការអះអាងរបស់កម្ពុជា ឬការធ្វើសកម្មភាពរបស់កម្ពុជានោះទេ គឺអាស្រ័យទៅលើអាមេរិកខ្លួនឯង”។
បើតាមលោកបណ្ឌិត គិន ភា គោលដៅរបស់សហរដ្ឋអាមេរិកលើមូលដ្ឋានកងទ័ពរាមនេះ គឺជាយុទ្ធសាស្ត្រមួយចោទប្រកាន់ និងជាការរាយអន្ទាក់ ហើយគោលដៅរបស់អាមេរិក គឺប្រឆាំងឥទ្ធិពលរបស់ចិន នៅអាស៊ីអាគ្នេយ៍ ហើយដោយសារតែកម្ពុជាយើងមានទំនាក់ទំនងស៊ីជម្រៅជាមួយចិន ដូច្នេះលុះត្រាតែសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អ និងប្រក្រតីឡើងវិញជាមួយចិន ប្រហែលជាកម្ពុជាយើងមានភាពធូរស្រាលផងដែរ។ លោកថា នេះគឺជាភូមិសាស្ត្រនយោបាយ រវាងមហាអំណាចទាំងពីរ ហើយកម្ពុជាស្ថិតនៅចន្លោះនៃមហាអំណាចទាំងពីរ។

លោកបណ្ឌិត គិន ភា លើកឡើងទៀតថា អ្វីដែលកម្ពុជាបានធ្វើច្រើនណាស់ទៅហើយ ហើយនៅលើលោកនេះ គ្មានទេប្រទេសដែលអនុញ្ញាតឲ្យសេនានុព័ន្ធយោធាបរទេសទៅពិនិត្យមើលទីតាំងមូលដ្ឋានយោធារបស់ខ្លួន គឺមិនអាចមានទេ។ លោកថា វាជាការខិតខំរបស់កម្ពុជាពីព្រោះយើងបានឃើញហើយ ទីមួយ គឺយើងមានសេចក្តីថ្លែងការណ៍ពីប្រមុខថ្នាក់ដឹកនាំ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ មុខការពារជាតិ ហើយបានអនុញ្ញាតឲ្យសេនានុព័ន្ធយោធាទៅពិនិត្យទីតាំងផ្ទាល់ថែមទៀត។ ដូច្នេះអ្វីដែលយើងធ្វើទៅមុខទៀតនេះ គឺយើងរក្សានូវស្ថានភាពបច្ចុប្បន្នរបស់យើង។ មានន័យថា យើងកុំធ្លាក់ចូលក្នុងយុទ្ធសាស្ត្ររាយអន្ទាក់របស់សហរដ្ឋអាមេរិក យើងបន្តសកម្មភាពរបស់យើង ពីព្រោះយើងស្អាតស្អំ អត់មានអ្វីត្រូវខ្លាចនោះទេ តែបញ្ហាមួយ គឺកម្ពុជាយើងជារដ្ឋតូច ដូច្នេះយើងត្រូវតែបត់បែន នៅក្នុងនយោបាយការបរទេសរបស់ខ្លួន ដើម្បីសម្របទៅនឹងការប្រជែងអំណាចរបស់មហាអំណាច ហើយក៏គ្មានការចាំបាច់អ្វី ដែលត្រូវកម្ពុជាបើកមូលដ្ឋានទ័ពរបស់ខ្លួនឲ្យបរទេសមើលនោះដែរ។

បណ្ឌិតរូបនោះអះអាងថា សហរដ្ឋអាមេរិកមានមូលដ្ឋានយោធារបស់ខ្លួនជាង៨០០នៅទូទាំងពិភពលោក តែគ្មានមូលដ្ឋានយោធាណាមួយ ដែលត្រូវបានសហរដ្ឋអាមេរិកអនុញ្ញាតឲ្យបរទេសចូលមើលទេ គឺមិនមាននោះទេ។
សូមបញ្ជាក់ថា ដោយយោងទៅលើការស្នើសុំនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានអនុញ្ញាតិឲ្យអនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា គឺលោកវរសេនីយ៍ឯក Marcus M. Ferrara ចូលទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម ប៉ុន្តែអនុព័ន្ធយោធាអាមេរិក បែរជានិយាយថា កម្ពុជាមិនបានអនុញ្ញាតឲ្យដើរមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ហើយបានស្នើសុំឲ្យមានការកំណត់ពេលទស្សនកិច្ចជាថ្មី និងអាចដើរមើលគ្រប់ទីកន្លែងថែមទៀតផង។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិធ្លាប់បានបញ្ជាក់ថា ការចោទប្រកាន់ថា កម្ពុជាបានប្រគល់កំពង់ផែរាមធ្វើឲ្យទៅចិនផ្ដាច់មុខ ជាការនិយាយទាំងងងើល ដែលហាក់ដូចជាកម្ពុជាគ្មានច្បាប់ គ្មានទម្លាប់ គ្មានសិទ្ធិធ្វើអ្វីទាំងអស់។ កម្ពុជាក៏ធ្លាប់បានបញ្ជាក់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ ប៉ុន្តែទោះបីជាមានការពន្យល់បែបនេះ ក៏គេធ្វើមិនយល់ដដែល។ បើកតាមសម្តេចពិជ័យសេនា ទៀ បាញ់ អ្វីមួយដែលមិនស្របតាមបំណងរបស់គេ គឺគេតែងតែចោទប្រកាន់ហើយ។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ផែរាមនេះ គឺកម្ពុជាទេ ដែលជាអ្នកប្រើប្រាស់ សម្រាប់ជាតិ មាតុភូមិរបស់ខ្លួន ដូច្នេះគ្រាន់តែធ្វើការអភិវឌ្ឍ ដើម្បីជាតិរបស់ខ្លួន អត់មានអ្វីខុសទេ រដ្ឋធម្មនុញ្ញក៏មិនបានហាមដែរ ដូច្នេះបើរដ្ឋធម្មនុញ្ញបើកឲ្យមានការអភិវឌ្ឍបែបនេះទៅហើយ យើងមិនអាចនៅស្ងៀមបានទេ។

សម្ដេចពិជ័យសេនា ទៀ បាញ់ អះអាងថា រឿងការអភិវឌ្ឍប្រទេសរបស់កម្ពុជានេះ មិនមានអ្វីខុសទេ ប៉ុន្តែអ្វីដែលខុសនោះ គឺភូមិសាស្ត្រនយោបាយ។ សម្តេចបន្តថា ការចោទប្រកាន់នេះមិនមែនទើបតែពេលនេះទេ គឺបានធ្វើឡើងជាយូរមកហើយ និងគ្រប់រឿងទាំងអស់៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក