ព័ត៌មានជាតិ
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
រដ្ឋសហព័ន្ធរុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកទស្សនកិច្ចនៅកម្ពុជាដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការថ្មីមួយរវាងកងទ័ពប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងក្នុងអំឡុងខែកញ្ញា ឬខែតុលាខាងមុខ នេះបើតាមការបញ្ជាក់របស់អនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជាលោក Ivan Stadchenko នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីគោលនយោបាយការបរទេសរុស្ស៊ីនៅស្ថានទូតរុស្ស៊ី ព្រឹកថ្ងៃទី១០ ខែកក្កដានេះ លោក Ivan Stadchenko បានលើកឡើងថា បច្ចុប្បន្នកម្ពុជានិងរុស្ស៊ីមានកិច្ចសហប្រតិបត្តិការណ៍កងទ័ពជើងគោករួចហើយ និងសម្លឹងទៅរកកិច្ចសហប្រតិបត្តិការណ៍ផ្សេងទៀតដូចជាការការពារដែនអាកាសជាដើម ដោយលោកសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខ។
លោកថា៖ «នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដូច្នេះនេះជាដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។ ខ្ញុំអត់ទាន់អាចនិយាយពីលទ្ធផលបានទេ តែលោកអ្នកដឹងច្បាស់ហើយថាប្រព័ន្ធការពារអាកាសនេះគឺជាអ្វី? នេះគឺជាកិច្ចចាប់ផ្ដើមអន្តរកម្មរបស់យើងក្នុងវិស័យនេះ»។
ការបញ្ជូនកងការពារដែនអាកាសមកក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាពេលនេះស្របពេលដែលកម្ពុជានិងថៃកំពុងមានបញ្ហាព្រំដែន ហើយកម្ពុជាបានលើកឡើងពីប្រសិទ្ធភាព និងពង្រឹងខែលការពារអាកាសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik បញ្ជាក់ថារុស្ស៊ីមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ ដោយលោកសង្ឃឹមថាប្រទេសទាំងពីរនឹងរកបាននូវដំណោះស្រាយសន្ដិភាពចំពោះបញ្ហានេះ។

គួរឱ្យដឹងផងដែរថា រុស្ស៊ី ឬអតីតសហភាពសូវៀត ជាប្រទេសមួយដែលគាំទ្រដល់កម្ពុជាតាំងពីការដួលរលំទៅនៃរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩មកម្លេះ។ សម្ភារៈសឹកសង្គ្រាមជាច្រើនដែលជារបស់សហភាពសូវៀត និងរុស្ស៊ីនៅតែមានចំនួនច្រើនក្នុងយោធាកម្ពុជា ដោយបែបនេះហើយទើប អនុព័ន្ធយោធារុស្ស៊ីបានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានព្រឹកនេះថា រុស្ស៊ីរីករាយក្នុងការជួយធ្វើទំនើបកម្មអាវុធកម្ពុជាឱ្យកាន់តែទំនើបនៅពេលដែលមានសំណើរពីកម្ពុជា។
កាលពីដើមឆ្នាំ២០២២ កម្ពុជាបានសម្រេចបង្កើតកងកាំជ្រួចការពារអាកាសរយៈចំងាយមធ្យមចំណុះឱ្យបញ្ជាការដ្ឋានការពារអាកាសនៃអគ្គបញ្ជាការដ្ឋាន។ ការបង្កើតនេះគឺបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីការពង្រឹងសំណាញ់មេឃ ដោយថាតាមបទពិសោធន៍របស់សម្ដេចយន្តហោះចម្បាំងមានចំណុចខ្សោយច្រើនណាស់ ដែលទ័ពការពារអាកាសអាចត្រៀមដើម្បីទប់ទល់ការវាយប្រហារបាន៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


