Connect with us

ព័ត៌មានជាតិ

ក្រុង​​ស្ទឹងសែន​ចំណាយ​ថវិកា​ ១២លានដុល្លារ សង់​ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ ពង្រីក​ផ្លូវ​ក្រុង​ឲ្យ​ធំ​ទូលាយ

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង និង​ទឹកកខ្វក់ក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីធានាបានគុណភាពល្អ និងមានផ្លូវក្នុងក្រុងទូលាយនៅថ្ងៃអនាគត។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តគម្រោងសាងសង់ប្រពន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថាគម្រោងនេះគឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែល​ជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តកំពង់ធំ​ជំរុញ​ឲ្យ​ក្រុមហ៊ុនម៉ៅការពន្លឿនការសាងសង់​ឲ្យ​បានលឿន​ ព្រោះថាខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ ក្រុងស្ទឹងសែន​នឹង​មានការលិចលង់​ដោយសារជំនន់ទឹកភ្លៀង ហើយបើ​ជួបបញ្ហាក្នុងការ​សាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរ​ដោះស្រាយ​​ឲ្យ​ទាន់​ពេល​វេលា​កុំ​ឲ្យ​កក​ស្ទះដំណើរការ។

លោកអភិបាលខេត្តក៏បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យគ្រប់ជ្រុងជ្រោយនូវសំណង់ទាំងឡាយ​ណា​ដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមាន​ការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឱ្យមានការកកស្ទះដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជា​ដើម។

ជាមួយ​គ្នា​នេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវ​សហការជាមួយអាជ្ញាធរក្នុងការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ សូមមានការយោកយល់និងអធ្យាស្រ័យ ទើបក្រុមហ៊ុន​សាងសង់​អាច​ពន្លឿនដំណើររបស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។

លោក ជូ កុល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំបានឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចំនួន២រួមមានទី១៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩,២គីឡូម៉ែត្រ និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ ១៧.១គីឡូម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុន China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទី២៖ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។

លោកប្រធានមន្ទីរបានឱ្យដឹងបន្តថា គម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម