Connect with us

ព័ត៌មានជាតិ

ផ្សារលើធំថ្មីបើក​ឡើង​វិញ ឲ្យ​អាជីវករ​លក់​ដូរ​ឆ្លាស់វេនគ្នា

បានផុស

នៅ

សៀមរាប៖ លោក តាន់ ប៊ុនឈឿន ប្រធានក្រុមសន្ដិសុខផ្សារលើធំថ្មីបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ខែសីហា​ ឆ្នាំ​២០២១នេះ ក្រុមការងារផ្សារ បានចាប់ផ្ដើមបាញ់ថ្នាំសម្លាប់មេរោគ មុនឲ្យអាជីវករចូលលក់ដូរឡើងវិញក្នុងជំហានទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ប៊ុនឈឿន បានឲ្យដឹងទៀតថា អាជីវករលក់ដូរនៅផ្សារលើធំថ្មីនេះ មានប្រមាណជិត​២.០០០​នាក់ ខណៈដែលអ្នកបានផ្ដល់សំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ មុនចូលលក់ដូរក្នុងរយៈពេល២ថ្ងៃកន្លះមកនេះ មានចំនួនជាង១ពាន់នាក់ ប៉ុន្តែអាជីវករទាំងអស់ ដែលចូលមកលក់ដូរនៅផ្សារលើធំថ្មីនេះ ត្រូវគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងនោះគឺ ការរក្សាគម្លាតសុវត្ថិភាព ការលក់ដូរប្ដូរវេនគ្នា ការពាក់ម៉ាស់ និង ការធ្វើអនាម័យជាប់ជាប្រចាំ។

តាមខ្លឹមសារនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយការលក់ដូរ និង ការអនុវត្តវិធានការសុខាភិបាល នៅពេលបើកដំណើរការផ្សារលើធំថ្មីឡើងវិញ គឺ​អនុញ្ញាតឱ្យអាជីវករចូលលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារចំពោះតែអាជីវករដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ និងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ដោយមានបណ្ណចាក់វ៉ាក់សាំងបង្ហាញជូនក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងករណីមិនទាន់បានទៅពិនិត្យសំណាក និងមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវទៅពិនិត្យសំណាក និង ចាក់វ៉ាក់សាំងជាមុនសិន ទើបអនុញ្ញាតឱ្យចូលលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារបាន។

គួររំលឹកថា ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពទទូទៅនៅផ្សារលើធំថ្មី កាលពីពេលថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានមានប្រសាសន៍ថា ការបើកសាកល្បងបើកផ្សារលើឡើងវិញនេះ ត្រូវប្ដូរវេនគ្នា ដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារ អាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅ​ឲ្យ​អាជីវករម្ខាងផ្សារវិញទៀត។ ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញ ឲ្យមានត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩។

សម្រាប់អាជីវករណាដែលមិនទាន់ដល់វេន អាចទៅលក់នៅផ្សារបណ្ដោះអាសន្ននៅផ្លូវ៦០ម៉ែត្រជិតផ្សារ​កុងទីន័រ ។ លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព ប៉ុន្តែបើសិនជាការបើកសាកល្បងនេះ មានអាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុកស្មាញ និងប្រឈមការឆ្លងជំងឺកូវីដ-១៩ច្រើន អាជ្ញាធរ នឹងបិទផ្សារនេះបន្តទៀត ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម