ព័ត៌មានជាតិ
HEINEKEN សាងសង់រោងចក្រថាមពលជីវម៉ាសធំទីមួយនៅកម្ពុជា សហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានការប្រើថាមពលកម្តៅកកើតឡើងវិញ ១០០%
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន BECIS នាថ្ងៃនេះ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉ាសដ៏ធំដំបូងបំផុតនៅកម្ពុជា ដើម្បីផលិតថាមពលកម្ដៅសម្រាប់ប្រើប្រាស់នៅរោងចក្រផលិតស្រាបៀររបស់ខ្លួនក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា បានធ្វើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលានេះ ដែលត្រូវបានរៀបចំឡើងនៅទល់មុខរោងចក្ររបស់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន តាមបណ្តោយវិថីស្រាបៀរថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្ពុជា។

កម្មវិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉ាសនេះ មានការចូលរួមពីតំណាងមកពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរដែនដី សមាគមអាជីវកម្ម ក៏ដូចជាដៃគូជំនួញ និងសារព័ត៌មានជាច្រើនទៀត។ រោងចក្រនេះ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន BECIS វិនិយោគទឹកប្រាក់ចំនួន ៥,៨ លានដុល្លារអាមេរិក និងគ្រោងចំណាយពេល ៧ខែដើម្បីបញ្ចប់ការសាងសង់។ រោងចក្រថាមពលជីវម៉ាសនេះនឹងដុតអង្កាម ដែលនឹងយកមកពីខេត្តព្រៃវែង។ រោងចក្រនេះនឹងបង្កើតជាចំហាយទឹក ដើម្បីផ្គត់ផ្គង់ថាមពលកម្ដៅសម្រាប់ប្រើប្រាស់ផ្ដាច់មុខនៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅរាជធានីភ្នំពេញ។ គម្រោងថាមពលនេះនឹងបង្កើតការងារដល់ប្រជាជនចំនួន ៥០នាក់ ហើយរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រកបអាជីវកម្មស្រូវអង្ករ ដូចជា រោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករជាដើមតាមរយៈការជួយបង្កើតតម្លៃបន្ថែមដល់ទីផ្សាររបស់ពួកគេ។

ឯកឧត្ដម សៅ សុភាព បានមានប្រសាសន៍ថា៖ «យើងសូមអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្ដេជ្ញាចិត្ដចំពោះកម្ពុជា និងការឈានមុខគេក្នុងគំនិតផ្ដួចផ្ដើមដើម្បីរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ក្នុងនាមជាក្រុមហ៊ុនអន្ដរជាតិឈានមុខមួយ ដែលបានប្តេជ្ញាចិត្តទៅនឹងការ «ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»។
តាមរយៈការផ្លាស់ប្ដូរមកប្រើប្រាស់ថាមពលជីវម៉ាសវិញនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងអាចសន្សំសំចៃឧស្ម័នកាបូនបាន ១៧.០០០តោនក្នុងមួយឆ្នាំ។ រោងចក្រថាមពលជីវម៉ាសនេះ នឹងអាចជួយឱ្យរោងចក្រផលិតស្រាបៀរក្រុមហ៊ុន ហ៊ិននីគែន ប្រើប្រាស់ថាមពលកម្ដៅកកើតឡើងវិញ ១០០ភាគរយ និងកាត់បន្ថយការបញ្ចេញកាបូនរបស់ក្រុមហ៊ុននៅក្នុងផលិតកម្មបាន ៦០%។ គម្រោងនេះក៏នឹងជួយបន្ថែមដល់គោលបំណងរបស់កម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។


លោកស្រី អេននី អូលីវីយែ នាយកផ្នែកកិច្ចការសហគ្រាសរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ «ការប្ដេជ្ញារបស់យើងចំពោះនិរន្តរភាពមិនមែនជារឿងថ្មីឡើយ។ “ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ” ដែលជាមហិច្ឆតាអភិវឌ្ឍដោយចីរភាពរបស់យើង បានក្លាយជាផ្នែកមួយនៃវប្បធម៌ក្រុមហ៊ុនរបស់យើងសម្រាប់រយៈពេលវែងរួចទៅហើយ។ រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ យើងបាននិងកំពុងផ្ដោតលើប្រសិទ្ធភាពថាមពល និងបានចាប់ផ្ដើមប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាជីវម៉ាសជាដើម។ តាំងពីឆ្នាំ២០១៣មក យើងបានកាត់បន្ថយរួចហើយនូវការបញ្ចេញឧស្ម័នកាបូន ៥០ភាគរយ»។

លោក នៀល អាឡេន នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន BECIS បានថ្លែងថា៖ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងនៅពេលនេះចំពោះព្រះរាជាណាចក្រកម្ពុជា និងភាពជាដៃគូរបស់យើងជាមួយ ហ៊ិននីគែន ខណៈដែលយើងបោះជំហានឆ្ពោះទៅរកអនាគតថាមពលប្រកបដោយចីរភាព»។

កាលពីពីរបីឆ្នាំមុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគលើរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំមួយនៅកម្ពុជានៅឯរោងចក្រផលិតស្រាបៀរក្នុងរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយ រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ត្រូវបានប្រើជាថាមពលកម្ដៅក្នុងផលិតកម្មស្រាបៀររបស់ក្រុមហ៊ុន ក្នុងទម្រង់ជាថាមពលកកើតឡើងវិញ។
កាលពីខែមេសា ឆ្នាំមុន ក្រុមហ៊ុនបានបង្ហាញគោលបំណងថ្មីៗក្នុងការសម្រេចគោលដៅបញ្ឈប់ទាំងស្រុងនូវការបញ្ចេញឧស្ម័នកាបូនក្នុងសង្វាក់ផលិតកម្មរបស់ខ្លួននៅឆ្នាំ២០៣០ ទាំងនៅលើពិភពលោក និងនៅកម្ពុជា។
ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន ហ៊ិននីគែន មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន ៣០%នៅត្រឹមឆ្នាំ២០៣០ នៅទូទាំងសង្វាក់ផលិតកម្មទាំងមូល (Value chain) របស់ខ្លួន ធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុនមានបំណងសម្រេចឱ្យបានអព្យាក្រឹត្យភាពកាបូននៅក្នុងសង្វាក់ផលិតកម្មទាំងមូលរបស់ខ្លួន។ ក្រុមហ៊ុនកំពុងចាត់វិធានការផ្អែកលើវិទ្យាសាស្ត្រតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមទិសដៅផ្អែកលើវិទ្យាសាស្ត្រ (Science Based Targets) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីៗរបស់ក្រុមហ៊ុន។


ក្រៅពីអព្យាក្រឹតភាពកាបូន ក្រុមហ៊ុន ហ៊ិននីគែន ក៏កំពុងកាត់បន្ថយការប្រើប្រាស់ទឹក ក៏ដូចជាការកែច្នៃទឹកសម្រាប់ប្រើប្រាស់ឡើងវិញផងដែរ។ គោលបំណងសំខាន់ពីររបស់ក្រុមហ៊ុន ហ៊ិននីគែន គឺការលើកកម្ពស់ពិភពលោកប្រកបដោយបរិយាបន្ន ស្មើភាព និងសមធម៌ ខណៈក្រុមហ៊ុនក៏គាំទ្រដល់ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមល្មមផងដែរ។ សរសរស្ដម្ភទាំងពីរនេះ បង្កើតបានជាគោលបំណង «ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ (Brew a Better Cambodia)»។
ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនចូលរួមចំណែកដ៏ធំមួយក្នុងការអភិរក្សបរិស្ថានតាមរយៈការផ្តល់ជូនពានរង្វាន់ Cambodia Eurocham CSR Awards 2021 ដ៏មានកិត្យានុភាព។ ក្រុមហ៊ុនក៏ត្រូវបានទទួលស្គាល់ផងដែរដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជាថាជាក្រុមហ៊ុនបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅក្នុងប្រភេទផលិតកម្មស្រាបៀរ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?