Connect with us

ព័ត៌មានជាតិ

រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅ​ថ្ងៃទី​២២ ខែកញ្ញា​នេះ បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ​ក្រុមហ៊ុន HEINEKEN Group ដៃគូ​អាជីវកម្ម សមាគម​ពាណិជ្ជកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

​ការបើក​សម្ពោធ​រោងចក្រ​ថាមពល​កម្ដៅ​ជីវម៉ាស​ដែលមាន​ទីតាំងនៅ​ទល់មុខ​រោងចក្រ​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​លើកកម្ពស់​ពាក្យស្លោក “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់ខ្លួន ពោលគឺ​ជាការ​ប្តេជ្ញាចិត្ត​ឆ្ពោះទៅរក​ពិភពលោក​ដែល​បំ​ភាយ​ឧស្ម័ន​កាបូន​ត្រឹម​កម្រិត​សូន្យ កាន់​តែមាន​សមភាព និង​ភពផែនដី​ដែល​កាន់តែ​ប្រសើរឡើង​។

​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​ដែលមាន​តម្លៃ ៥,៨​លាន​ដុល្លារ​អាមេរិក​នេះ​នឹង​ប្រើប្រាស់​អង្កាម​ដែល​នាំយក​មកពី​ខេត្តព្រៃវែង​ដើម្បី​ដុត​បង្កើតជា​ចំហាយ​ដែល​នឹង​ផ្គត់ផ្គង់​ថាមពល​កម្តៅ​កកើត​ឡើងវិញ ១០០% សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​។ តាមរយៈ​ការផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​ថាមពល​កម្តៅ​ជីវម៉ាស ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា រំពឹងថា​នឹង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន (​ឧស្ម័ន​កាបូ​និ​ច​) ដល់​ទៅ ៦០% នៅក្នុង​ផលិតកម្ម​របស់ខ្លួន​។

​ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធាន​ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​លោក Eren Ergin អគ្គនាយក​ក្រុមហ៊ុន BECIS​។

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា “​យើង​ត្រូវ​ទទួលស្គាល់​ការពិត​មិនអាច​ប្រកែក​បាន​ថា សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំងប្រទេស​ដែល​បាន​វិ​វ​ឌ្ឍ​ចេញពី​មនសិការ ឯកភាព​ជាតិ និង​សមាហរណកម្ម​ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​ប្រទេស និង​ការលើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​។ ជាមួយនឹង​ការប្រឹងប្រែង​ដែល​លើកឡើង​ខាងលើ ប្រទេស​កម្ពុជា​បាន​រីកចម្រើន​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​មាន​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំ​ប្រាក់​ណូ​ល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ដោយ​ផ្អែកលើ​មូលដ្ឋានគ្រឹះ​ដ៏​មានតម្លៃ​នេះ កម្ពុជា​អាចឈាន​ទៅមុខ​មួយ​ជំហាន​បន្ថែមទៀត​ក្នុងការ​ពិចារណា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតចេញពី​បញ្ហា​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។ ថ្ងៃនេះ យើង​បង្កើត​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ជាមួយនឹង​ការបើក​ដំណើរការ​រោងចក្រ​ថាមពលជីវម៉ាស​ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​ថា​នឹង​ផ្តល់​ផ្លែផ្កា​ដល់​ប្រទេសជាតិ​។ យើង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន សម្រាប់​ការបន្ត​ជំរុញ​ការប្តេជ្ញាចិត្ត​ផ្នែក​និរន្តរភាព​របស់ខ្លួន​ក្នុងនាម​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្តរជាតិ​ដ៏​ធំ​មួយ ជា​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​សង្គម និង​ជា​អ្នក​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ ការវិនិយោគ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន គឺជា​ផ្តល់​ទំនុកចិត្ត​និង​ភាពជឿជាក់​មកលើ​កម្ពុជា និង​ការប្តេជ្ញាចិត្ត​ក្នុងការ​វិនិយោគ​បន្ថែមទៀត​ក្នុងប្រទេស​កម្ពុជា​។ សូម​រួមគ្នា​បន្តដំណើរ​ទៅមុខទៀត​ដើម្បី​ជំរុញ​អនាគត​ដ៏​រីកចម្រើន ប្រកបដោយ​បរិ​យាប​ន្ន​ផ្នែក​សង្គម និង​ប្រកបដោយ​និរន្តរភាព​ផ្នែក​បរិស្ថាន​សម្រាប់​យើងទាំងអស់គ្នា​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន HEINEKEN Group មានប្រសាសន៍ថា “​សម្រាប់​រយៈពេល​ជាង ១៥៨​ឆ្នាំ​មកនេះ និរន្តរភាព​និង​ការទទួលខុសត្រូវ​គឺជា​ផ្នែក​មួយ​នៃ DNA របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន​។ យើង​ជា​អ្នក​ផលិត​និង​ជា​អ្នកធ្វើ ហើយ​យើង​ដឹងថា សកម្មភាព​របស់​យើង​បង្ហាញឱ្យឃើញ​ច្បាស់​ជាង​ពាក្យសម្ដី​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ក្រុមការងារ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សម្រាប់​ប្រតិបត្តិការ​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​ទ្រង់ទ្រាយ​ធំ​នេះ ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​របស់​យើង និង​នាំ យើង​ឱ្យ​ដើរ​ឆ្ពោះទៅមុខ​មួយ​ជំហាន​ទៀត​លើ​ដំណើរ​ផ្លូវ​របស់​យើង​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ការ​បំ​ភាយ​កាបូន​ត្រឹម​កម្រិត​សូន្យ​”​។

​ក្រៅពី​ការបង្កើត​ការងារ​ថ្មី​នៅ​រោច​ក្រ​ផ្ទាល់ រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សង្វាក់​ផលិតកម្ម​ស្រូវ​ផងដែរ​ដូចជា​រោង​ម៉ាស៊ីនកិនស្រូវ និង​កសិករ​ជាដើម​។ ការប្រើប្រាស់​អង្កាម​ធ្វើជា​ប្រភព​ថាមពល​កម្តៅ​នេះ​បានប្រែក្លាយ​កាកសំណល់​កសិកម្ម​និង​សរីរាង្គ​ដែល​ត្រូវបាន​បោះចោល ទៅជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​មូលដ្ឋាន​។​

​លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែងថា “​យើង​មាន​ឫសគល់​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បាន​បណ្តាក់ទុន​រាប់រយ​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុងស្រុក​របស់​យើង ដែល​ផ្តល់​ការងារ​ដល់​បុគ្គលិក​រាប់រយ​នាក់ និង​ផ្តល់​ការងារ​ប្រយោល​នៅ​ទូទាំង​ខ្សែសង្វាក់​ផលិតកម្ម​រាប់​ចាប់ពី​ការងារ​ផលិត​វត្ថុធាតុដើម​រហូតដល់​ការងារ​នៅតាម​ហាង​ទំនិញ​។ ជាមួយនឹង​ការចាប់ផ្តើម​ដំណើរការ​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ យើង​សង្ឃឹមថានឹង​បង្កើតឱ្យមាន​ផល​វិជ្ជមាន​បន្ថែមទៀត នៅក្នុង​សហគមន៍​ដែល​យើង​ធ្វើ​ការងារ​ជាមួយ​។ មហិច្ឆតា “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់​យើង​បាន​បង្កប់​យ៉ាងជ្រៅ​នៅក្នុង​អាជីវកម្ម​របស់​យើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ការបើក​ដំណើរការ​រោងចក្រ​ថាមពល​ថ្មី​នេះ​បង្ហាញឱ្យឃើញថា មហិច្ឆតា​នេះ​នឹង​ដឹកនាំ​យើង​ឱ្យ​ដើរ​ឆ្ពោះទៅមុខ​សម្រាប់​មនុស្ស​ជាច្រើន​ជំនាន់​ទៅមុខទៀត​”​។

​ការសាងសង់​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ​ត្រូវ​បានបញ្ចប់​ក្រោម​ការសហការ​ជាមួយ​ក្រុមហ៊ុន BECIS ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ថាមពល (EaaS) ឈានមុខ​គេ​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ​ប្រទេស​សិង្ហ​បុរី​។ កិច្ចសហការ​នេះ​ធ្វើឡើង​ក្នុង​រូប​ភាពជា​កិច្ចព្រមព្រៀង​ទិញ​ថាមពល​ក្នុង​រយៈពេល​វែង (PPA)​។

​លោក Eren Ergin អគ្គនាយក​ក្រុមហ៊ុន BECIS មានប្រសាសន៍ថា “​វា​ជា​កិត្តិយស​ណាស់​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដើម្បី​នាំយក​គម្រោង​ដ៏​សំខាន់​នេះ​មកកាន់​ប្រទេស​កម្ពុជា​។ ការផ្លាស់ប្តូរ​ឆ្ពោះ ទៅកាន់​ការប្រើប្រាស់​ថាមពល​ដែលមាន​និរន្តរភាព នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការដោះស្រាយ​វិបត្តិ​អាកាសធាតុ និង​កែប្រែ​របៀប​ដែល​យើង​ធ្វើ​អាជីវកម្ម​និង​ផ្តល់ជូន​អតិថិជន​។ យើង​ជឿថា ការបង្កើត​តម្លៃ​និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព គឺជា​គោលដៅ​បំពេញបន្ថែម​ដែល​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំង​”​។

​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ​, ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ

​នៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន HEINEKEN Group បានបង្ហាញ​គោលបំណង​ថ្មីៗ​ជា​លក្ខណៈ​អន្តរជាតិ និង​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ឈានទៅដល់​ការ​បំ​ភាយ​ឧស្ម័ន​សូន្យ​នៅក្នុង​ផលិតកម្ម​របស់ខ្លួន​នៅ​ឆ្នាំ​២០៣០ និង​នៅ​ទូទាំង​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល​នៅ​ឆ្នាំ​២០៤០​។ ក្រុមហ៊ុន​កំពុងប្រកាន់យក​វិធីសាស្ត្រ​ផ្អែកលើ​វិទ្យាសាស្ត្រ ដោយ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ Science Based Targets initiative (SBTi) ដើម្បី​ធ្វើឱ្យ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​មាន​ភាព​ស្របតាម​ស្តង់ដា​សកល ហើយ​ក្រុមហ៊ុន​ផ្តោតលើ​សកម្មភាព​ជាក់ស្តែង​ដោយ​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អតិថិជន អ្នកប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់ ដើម្បី​ជម្រុញ​សេដ្ឋកិច្ច​វិលជុំ​។

​មុននឹង​បង្កើត​រោងចក្រ​ថាមពល​កម្តៅ​ជីវម៉ាស​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​វិនិយោគ​រួចហើយ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ​។ ជីវឧស្ម័ន​ដែល​បញ្ចេញ​ដោយ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​ថាមពល​កម្តៅ​ក្នុង​ប្រតិបត្តិ​ការផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​ផងដែរ ក្នុង​ទម្រង់​ជា​ថាមពល​កកើត​ឡើងវិញ​។ ចាប់ពី​ថ្ងៃនេះ​តទៅ ថាមពល​កម្តៅ​ដែល​អាច​កកើត​ឡើងវិញ​បាន ១០០% របស់​ក្រុមហ៊ុន នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ជីវឧស្ម័ន និង​ជីវម៉ាស​។

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវបាន​ទទួលស្គាល់​លើ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ខាង​ផ្នែក​បរិស្ថាន​តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់ EuroCham CSR Environmental Award និង​ការឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​លើកដំបូង​ក្នុង​ឆ្នាំ​២០២១​។

​និរន្តរភាព​ផ្នែក​បរិស្ថាន និង​សង្គម រួមជាមួយ​នឹង​ការលើកកម្ពស់​ការ​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ បង្កើតបានជា​សសរស្តម្ភ​ទាំងបី ដែល​បង្កើតបានជា​មហិច្ឆតា “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” រយៈពេល​វែង​របស់​ក្រុមហ៊ុន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម