Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាជួយសហគមន៍មូលដ្ឋាននៅកម្ពុជា តាមរយៈការដាំដើមកោងកាង នៅសហគមន៍ក្នុងខេត្តកំពត

បានផុស

នៅ

ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំ​ដើម​កោង​កាង​នេះ ក៏​គាំទ្រ​ផងដែរ​ដល់​គម្រោង​អភិរក្ស​ដែល​កំពុង​បន្តធ្វើ​ឡើង​របស់​ក្រសួងបរិស្ថាន​កម្ពុជា ដើម្បី​ការពារ​ និង​ស្តារ​ព្រៃកោងកាង​ដ៏​សំខាន់​នេះ​ឡើងវិញ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត​នេះ គឺជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាព​បៃតង សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​អនាគត ខណៈពេលដែល​គម្រោង​នេះ​នឹង​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​យោងតាម​ពាក្យស្លោក “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” របស់ខ្លួន​ផងដែរ​។

​ព្រៃកោងកាង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា គឺជា​តំបន់​ដែល​សម្បូរ​ដោយ​ជីវចម្រុះ​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាច្រើន​គ្រួសារ​ពឹងផ្អែក​លើ​ព្រៃ​ទាំងនេះ ដើម្បី​ចិញ្ចឹមជីវិត​របស់​ពួកគេ​តាមរយៈ​ការនេសាទ ធ្វើជា​សម្ភារ​សំណង់ និង​ទេសចរណ៍ធម្មជាតិ​ជាដើម​។ ការការពារ និង​ការស្តារ​ព្រៃកោងកាង​ឡើងវិញ ក៏​ផ្តល់​ជា​របាំង​ការពារ​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ផងដែរ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ព្រោះ​វា​ចូលរួមចំណែក​ដល់​ការ​ស្រូបយក​កាបូន និង​កាត់បន្ថយ​ភាព​សឹករេចរឹល​នៅតាម​ច្រាំង​សមុទ្រ ដែល​ជួយ​ការពារ​សហគមន៍​នៅ​តំបន់​សមុទ្រ​ពី​ការ​ជន់​លិច​តាម​តំបន់ឆ្នេរ ខ្យល់​បក់​ខ្លាំង និង​រលក​ធំៗ​ជាដើម​។

​ឯកឧត្តម សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ចូលរួម​ជា​គណអធិបតី​នៅក្នុង​ក្នុង​ពិធី​ដាំ​ដើម​កោង​កាង​នេះ​។

​ឥស្សរជន​ផ្សេងទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន ឯកឧត្តម សឹម យ៉ា​រ៉ែ​ន អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​; លោកជំទាវ ព្រំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​; ឯកឧត្តម នៃ គង់ អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តកំពត​; ឯកឧត្តម ឡេង គឹម​ស្រុង អនុប្រធាន ស​.​ស​.​យ​.​ក​. វិស័យ​បរិស្ថាន​; លោក ទេស សំណាង អគ្គនាយករង​រដ្ឋបាល​សាធារណៈ និង​ហិរញ្ញវត្ថុ​; លោក ដា​ញ់ សេរី ប្រធាន ស.​ស​.​យ​.​ក វិស័យ​បរិស្ថាន​; លោក ជួប ស៊ី​វុត្ថា អនុប្រធាន ស​.​ស​.​យ​.​ក វិស័យ​បរិស្ថាន​; លោក ហែម សុចិ​ត្ត អនុប្រធាន ស​.​ស​.​យ​.​ក​. វិស័យ​បរិស្ថាន​; លោក ម៉ឺន មករា អនុប្រធាន ស​.​ស​.​យ​.​ក​. វិស័យ​បរិស្ថាន លោក សុខ ថា ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​; លោក សុខ អូ​រ័​រ អនុប្រធាននាយកដ្ឋាន​; លោក អេង ប៉ូ​ឡូ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​; លោក នាក់ សុ​វណ្ណា​រី អភិបាល ស្រុក​ទឹកឈូ និង​លោក សឹម ហ៊ីម ប្រធាន​សហគមន៍​ត្រពាំង​សង្កែ​។

​បុគ្គលិក​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​សង្កែ​ក៏បាន​ចូលរួម​ដាំ​ដើមឈើ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា “​យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដែល​កំពុង​នាំមុខ​ក្នុង​ការសហការ​លើកកម្ពស់​និរន្តរភាព និង​ការយល់ដឹង​អំពី​បរិស្ថាន​ជាមួយ​សហគមន៍​មូលដ្ឋាន​របស់​យើង ដូចជា​ត្រពាំង​សង្កែ​នេះ​ជាដើម​។ គំនិត​ផ្តួចផ្តើម​បែបនេះ​ជា​គន្លឹះ​សំខាន់​ក្នុងការ​ការពារ​បរិស្ថាន​កម្ពុជា ក៏ដូចជា​លើកកម្ពស់​និរន្តរភាព​សម្រាប់​ផលប្រយោជន៍​ប្រទេសជាតិ និងសហគមន៍​ផ្សេងៗ​ទៀត​”​។

​លោក សឹម ហ៊ីម ប្រធាន​សហគមន៍​ត្រពាំង​សង្កែ​បាន​ថ្លែងថា “​យើង​មាន​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បានជ្រើសរើស​សហគម​ន៍​ត្រពាំង​សង្កែ​សម្រាប់​គំនិត​ផ្តួចផ្តើម​ដ៏​មានតម្លៃ​នេះ​។ នៅ​ត្រពាំង​សង្កែ យើង​ផ្តល់​គុណ​តម្លៃ​ដល់​សហគមន៍​របស់​យើង និង​ថែរក្សា​បរិស្ថាន​ដ៏​ស្រស់ស្អាត​របស់​យើង​។ ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន យើង​ដឹងថា យើង​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​នេះ​”​។

​លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា “​យើង​មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ដល់​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងបរិស្ថាន ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ឃុំ​ត្រពាំង​សង្កែ និង​អនាគត​កម្ពុជា​។ ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃកោងកាង​រង​ការ​គំរាមកំហែង​ខ្លាំង​ដោយសារ​សកម្មភាព​រប​ស់មនុស្ស ហើយ​ការបាត់បង់​ព្រៃ​នេះ​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​មនុស្សជាតិ និង​ជីវៈចម្រុះ​។ ការការពារ និង​ស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​ឡើងវិញ​មាន​សារៈសំខាន់​ណាស់​។ យើង​ទទួលស្គាល់ថា ការដាំ​ដើម​កោង​កាង​សព្វថ្ងៃនេះ​គ្រាន់តែ​ជា​ទឹក​មួយ​ដំណក់​ប៉ុណ្ណោះ ប៉ុន្តែ​រាល់​ដំណក់ទឹក​នីមួយៗ​នេះ​រួម​បញ្ចូល​គ្នា អាចបង្កើត​ឱ្យមាន​តុល្យភាព​រវាង​សកម្មភាព​របស់​មនុស្ស និង​ការការពារ​ធម្មជាតិ​មិនឱ្យ​មានការ​បំផ្លិចបំផ្លាញ​បរិយាកាស​។ មហិច្ឆតា​របស់​យើង​ចង់​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​។ ឱកាស​បែបនេះ​ជា​អ្វីដែល​ញ៉ាំង​ទឹកចិត្ត​យើង​ឱ្យ​បន្ត​បង្កើត​ផល​វិជ្ជមាន​ជា​បន្តបន្ទាប់​ទៀត​”​។​

​នៅ​ខែមករា ឆ្នាំ​ ២០២២ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ដាំ​និង​ផ្តល់​ដើមឈើ​ជាង ២០០០​ ដើម​ដល់​សហគមន៍​មូលដ្ឋាន​នៅ​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំង​បាន​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពន្លឺ​ថាមពលព្រះអាទិត្យ​ចំនួន ១០០ បន្ថែមទៀត​នៅតាម​ដងផ្លូវ​ក្នុង​សហគមន៍​នេះ​។ ដោយសារ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់ខ្លួន​ខាង​ផ្នែក​បរិស្ថាន ក្រុមហ៊ុន ហ៊ិ​ន​នី​គែន កាលពី​ឆ្នាំមុន​ទទួលបាន​ពានរង្វាន់​ផ្នែក​បរិស្ថាន “Eurocham CSR Environmental Award” ហើយ​ក្រុមហ៊ុន​ក៏បាន​ឧបត្ថម្ភ​ដល់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​លើកដំបូង​កាលពី​ឆ្នាំ​ ២០២១​ទៀតផង​។

​ដោយ​សម្លឹង​ឆ្ពោះទៅមុខ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា រំពឹងថា​នឹង​ឈានដល់​ដំណាក់កាល​សំខាន់​មួយទៀត​សម្រាប់​សសរស្តម្ភ​បរិស្ថាន​របស់ខ្លួន នៅពេលដែល​រោងចក្រ​ជីវម៉ាស់​ធំ​ដំបូង​គេ​នៅ​កម្ពុជា​ដាក់​ដំណើរការ​នៅ​ឆ្នាំ ​២០២២ ​នេះ ដែល​រោងចក្រ​នេះ​នឹង​អាចឱ្យ​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​សម្រេចបាន​ការប្រើប្រាស់​ថាមពល​កំដៅ​កកើត​ឡើងវិញ ១០០%​។ នេះ​គឺជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​ក្រុមហ៊ុន​ក្នុងការ​សម្រេចបាន​អព្យាក្រឹត​កាបូន​នៅក្នុង​ផលិតកម្ម​របស់ខ្លួន​នៅត្រឹម​ឆ្នាំ​ ២០៣០ និង​នៅ​ទូទាំង​ខ្សែចង្វាក់​តម្លៃ​ទាំងមូល​នៅត្រឹម​ឆ្នាំ​ ២០៤០​។​

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៤​។ ក្នុង​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា​ដើម្បី​បំផុស​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន​បង្កើត​ភាពជឿជាក់​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​ជាតិ​និង​អន្តរជាតិ​គុណភាព​ខ្ពស់​ដូចជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ជាមួយ​សក្តានុពល​រប​ស់​ខ្លួន​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ ​នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០.០០០​ នាក់​នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោតលើ​ការងារ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ ដែល​ស្ថិតនៅលើ​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក​ដែលមាន​អ​ព្យា​ក្រិត​ភាព​នៃ​កាបូន កាន់តែ​ស្មើភាព និង​ពិភពលោក​កាន់តែ​ស្រស់បំព្រង​។

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្តរជាតិ​ល្បីឈ្មោះ​បំផុត​ក្នុង​ពិភពលោក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម