Connect with us

ព័ត៌មានជាតិ

៤០ឆ្នាំនេះ ប្រទេស ០៩ មាន​និស្សិត​ខ្មែរ​បាន​អាហារូបករណ៍​ទៅ​រៀន​ច្រើន​បំផុត

បានផុស

នៅ

នៅ ក្នុងរយៈពេល៤០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២០ កម្ពុជាបានបញ្ជួននិស្សិតអាហារូបករណ៍ទៅ សិក្សានៅតាមបណ្តាប្រទេសផ្សេងៗចំនួន៣២សរុបចំនួន ១៩៥៤៦នាក់ ក្នុងនោះស្រីចំនួន ៤២២៨នាក់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសសន៍នៅ ថ្ងៃទី១៥ធ្នូនេះថា ក្នុងចំណោមនិស្សិត​ទៅ សិក្សានៅ តាមបណ្តាប្រទេសចំនួន៣២ ក្នុងនោះប្រទេស រុស្សីបញ្ជួនច្រើនជាងគេមានចំនួន ៤៧៥២នាក់  វៀតណាម​ ៣៨៤៧នាក់ ថៃ ២២៧៦នាក់ ជប៉ុន ១៣៥៧នាក់ ចិន ១៧៥៥នាក់ អាឡឺម៉ង់ ១៣២៧ នាក់ អូស្ត្រាលី ៧៨៨នាក់ បារាំង ៧៨៤នាក់ អាមេរិក ២១៧នាក់ និង​សហគមន៍អឺរ៉ុប៨៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកសម្រាប់ឆ្នាំ២០២០វិញ មាននិស្សិតអាហារូបករណ៍កម្ពុជាចំនួន៤២១នាក់ ស្រី៨៧នាក់ ត្រូវបានបញ្ជួនទៅសិក្សានៅ តាមបណ្តាប្រទេសចំនួន៧រួមមានចិន ១៥៥នាក់ គុយបា១នាក់ ហុងគ្រី១៥នាក់ ជប៉ុន៥៦នាក់ ឡាវ១៥នាក់ ថៃ៥៩នាក់ និងវៀតណាម១២នាក់។

និស្សិតខាងលើនេះគឺក្រសួងអប់រំ យុវជន និងកីឡា បានសហការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធឲ្យមានការសិក្សានៅ ក្រៅប្រទេស។

លោក រស់ សុវាចា បានបង្ហាញពីនីតិវិធីក្នុងការទទួលបានអាហារូបករណ៍ថាជារួម ក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណ: និងលើកទឹកចិត្តសិស្ស-និស្សិតស្តីពីឱកាសអាហារូបករណ៍ជាតិ តំបន់ និង អន្តរជាតិតាមយន្តការដែលមានស្រាប់របស់ក្រសួងសហការជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សាពាក់ពន្ធ័ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជានិងប្រទេសជាមិត្ត។

ក្រៅ ពីនេះមានផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់នៅ ទូទាំងរាជធានី-ខេត្តទាំង២៥ តាមយន្តការផ្សេងៗដូចជាបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជាធានី-ខេត្ត និងគ្រឹះស្ថានសិក្សាជាដើម។

លោក រស់ សុវាចា បានឱ្យដឹងទៀតថា ជាទូទៅ រៀងរាល់ឆ្នាំ បន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាយកដ្ឋានឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជននិងកីឡា មានភារកិច្ចរៀបចំដំណើរការជ្រើសរើស និងការប្រលងជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋ ឲ្យចូលរៀននៅ តាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍អាទិភាពដូចខាងក្រោម៖-សិស្សពូកែទូទៅ,សិស្សនារី,សិស្សក្រីក្រ, សិស្សមកពីតំបន់ជួបការលំបាក, សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។

លោក រស់ សុវាចា បានបញ្ជាក់ថា ក្រៅ ពីអាហារូបករណ៍ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ផ្តល់ឱកាសអាហារូបករណ៍នៅកម្រិតសិក្សាផ្សេងៗដូចជាកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាទៅតាមរូបភាពផ្សេងៗ និងលទ្ធភាពជាក់ស្តែង។ បន្ថែមពីនេះ ក្រសួងអប់រំ ផ្តល់នូវឱកាសបំលាស់ប្តូរនិស្សិតរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តបានប្រព្រឹត្តទៅតាមកិច្ចសហប្រតិបត្តិការវិជ្ជមានរវាងកម្ពុជា និងប្រទេសជាមិត្តទាំងអស់។ ក្នុងចំណោមកម្មវិធីពង្រឹងសមត្ថភាពសិស្ស-និស្សិតផ្សេងៗ ក្រសួងអប់រំ បាន និងកំពុងបន្តផ្តល់ឱកាសផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍សិក្សា ស្រាវជ្រាវ និងអាហារូបករណ៍កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សិស្ស-និស្សិតអាចពង្រឹងជំនាញសតវត្សទី២១ និងជំនាញឯកទេសរបស់ខ្លួនដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍន៍សង្គម វប្បធម៌ សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម