ព័ត៌មានជាតិ
មន្ត្រីក្រសួងការងារ និងមេសហជីព ជំរុញកម្មករ-និយោជិត ទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងមេសហជីព បានអំពាវនាវ និងជំរុញដល់កម្មករ-និយោជិត នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញឲ្យបានគ្រប់គ្នា នៅពេលដល់វេនរបស់ខ្លួន។
លោក ហេង សួរ អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យកម្ពុជាថ្មីដឹង នៅថ្ងៃទី ១៣ ខែមករានេះថា តាមស្ថិតិរបស់ក្រសួងសុខាភិបាល លោកអាចសន្មត់បានថា មានកម្មករ-និយោជិត ៩៩ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ១ និងទី ២ ហើយអាចមាន ១ភាគរ ដែលកន្លងទៅគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ ដែលពេលបច្ចុប្បន្ន គឺគ្រូពេទ្យកំពុងពិនិត្យលក្ខខណ្ឌឡើងវិញ តើអាចចាក់បានដែរឬទេ?។

លោក ហេង សួរ បានឲ្យដឹងបន្តថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ ក្រសួងការងារក៏បានចេញសេចក្តីជូនដំណឹង អំពីការចាក់ដូសជំរុញដល់កម្មករ-និយោជិត និងតម្រូវឲ្យនិយោជកត្រូវសហការពេញលេញ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យកងទ័ព ដើម្បីរៀបចំការចាក់វ៉ាក់សាំងដូសជំរុញនេះ។
លោកថា «ហើយនៅថ្ងៃចាក់វ៉ាក់សាំងដូសជំរុញ បងប្អូនកម្មករនិយោជិត អាចឈប់សម្រាកដោយមានប្រាក់ឈ្នួលចំនួន ១ថ្ងៃផងដែរ។ ខ្ញុំសូមអំពាវនាវដល់និយោជក សូមជួយផ្សព្វផ្សាយ និងជំរុញបុគ្គលិករបស់ខ្លួន ឲ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់គ្នា»។
អ្នកនាំពាក្យ នៃក្រសួងការងារដដែល បានរំលឹកដែរថា កាលពីពេលកន្លងទៅនេះ ប្រទេសកម្ពុជា បានបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញបាន គឺដោយសារប្រជាពលរដ្ឋ និងកម្មករ-និយោជិត បានចាក់វ៉ាក់សាំងស្ទើរតែគ្រប់ ដែលជាហេតុធ្វើឲ្យមានភាពស៊ាំ នៅក្នុងសហគមន៍ និងមានអាំងទីគ័រគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩។
លោកបន្ថែមថា »ដោយសារមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង និងដោយសារគម្លាតដូសទី ២ មកដល់ឥឡូវនេះ ក៏លើសពី ៤ខែដែរហើយ។ ហេតុដូច្នេះ ការទៅចាក់ដូសជំរុញ គឺជារឿងចាំបាច់ សម្រាប់បន្ថែមអាំងទីគ័រ ក្នុងខ្លួនយើង។ មានតែវ៉ាក់សាំងប៉ុណ្ណោះដែលអាចការពារសុខភាព ជីវិត ការងារ មុខរបរ និងអាជីវកម្មយើង»។
ចំណែកឯលោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជន ការពារសិទ្ធិកម្មករកម្ពុជា (YPCWRC ) និងជាប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានក៏អំពាវនាវដល់កម្មករ-និយោជិត នាំគ្នាទៅចាក់វ៉ាក់សាំងដូសទី ៣ ឬជំរុញឲ្យបានគ្រប់គ្នាផងដែរ នៅពេលដល់វេនរបស់ខ្លួន។ លោកថា «ក្នុងនាមអង្គការវិជ្ជាជីវៈ ក្នុងនាមសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏សុំធ្វើការអំពាវនាវដល់បងប្អូន កម្មករ-និយោជិត ត្រូវចូលរួមចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ដូស និងឲ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង ពេលវេលាដែលបានកំណត់ដោយ ក្រុមការងារចាក់វ៉ាក់សាំង ក៏ដូចជាអនុវត្តទៅតាមការអំពាវនាវ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

មេសហជីពរូបនេះ បានបន្ថែមថា «យើងមើលឃើញថា រឿងទាក់ទងការការពារ អាយុជីវិតខ្លួនឯងបាន ការពារអាយុជីវិតបងប្អូនរួមអាជីព ការការពារអាយុជីវិតក្រុមគ្រួសារ របស់យើងបាន ពិសេសការការពារ រោងចក្រសហគ្រាសយើងបាន ដើម្បីកុំឲ្យក្លាយទៅជាកន្លែង ដែលមានការរាតត្បាត ដោយវីរុសកូវីដ-១៩ ទាំងប្រភទេចាស់ និងថ្មីនេះ គឺត្រូវតែបងប្អូនចូលរួម ចាក់វ៉ាក់សាំងឲ្យបានផុសផុលទាំងអស់គ្នា ព្រោះមានតែវ៉ាក់សាំងទេ ទើបអាចការពារបងប្អូន ការពាររួមអាជីពជាមួយយើងបាន ការពារក្រុមគ្រួសារ ក៏ដូចជាការពាររោងចក្រសហគ្រាសយើងបាន»។
ជាមួយគ្នានេះលោក ឡុង សុផាត ក៏បានអំពាវនាវឲ្យកម្មករ-និយោជិត បន្តអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ បានចេញសារាចរ ស្ដីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ក្នុងនោះដែរលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១២ ខែមករាកន្លងទៅនេះ ក៏បានចេញសេចក្ដីជូនដំណឹងមួយ ដោយស្នើដល់ម្ចាស់រោងចក្រ-សហគ្រាស ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករ-និយោជិត អំពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងដូសជំរុញ ដោយត្រូវសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ រៀបចំការចាក់វ៉ាក់សាំងដូសជំរុញ ដល់កម្មករ-និយោជិតរបស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឲ្យកម្មករ-និយោជិត បានទៅចាក់វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្ដល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករ-នយោជិត ត្រូវចាក់វ៉ាក់សាំងដូសជំរុញ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


