Connect with us

ព័ត៌មានជាតិ

ឯកសារដ៏សំខាន់មួយ ត្រូវចុះហត្ថលេខា ដើម្បីត្រួសត្រាយផ្លូវឈានទៅបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងកងទ័ពកម្ពុជា-ថៃ

បានផុស

នៅ

នាយឧត្តមសេនីយ៍ Narongpan Jittkaewtae និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះហត្ថលេខារួមគ្នាលើ លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference – ToR) រវាង​កងទ័ពជើងគោក​កម្ពុជា និង​កងទ័ពជើងគោក​ថៃ ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​ការជំរុញ​ឱ្យមាន​កិច្ចពិភាក្សា ដោយ​បើកចំហ​លើ​ប្រធានបទ ដែល​ផ្តល់​ផលប្រយោជន៍​រួម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​នេះ គឺជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៅក្នុង​ការត្រួសត្រាយ​ផ្លូវ ដើម្បី​ឈានទៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត ហើយ​ព្រឹត្តិការណ៍​នេះ អាច​ចាត់ទុកថា ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​កិច្ចទំនាក់ទំនង​រវាង​កងទ័ពជើងគោក​ទាំង​ពីរ​ផងដែរ​។​

​សូមបញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់​ក​ង​ទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទ​ថៃ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ពី​ថ្ងៃទី​ ០៣ ដល់​ ០៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ ហើយ​ជា​ទស្សនកិច្ច​លើកដំបូង បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ចូលកាន់​តំណែង​។​

​នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ នា​ព្រឹក​ថ្ងៃទី ​៣ ខែកុម្ភៈ ឆ្នាំ​ ២០២២​ នេះ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក​ភូមិន្ទ​ថៃ ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

​ក្នុងជំនួប​នេះ ភាគី​ទាំងពីរ​ក៏បាន​សម្តែង​មោទនភាព​ចំពោះ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី ភាពជា អ្នកជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក និង​ការអភិវឌ្ឍ​រីកចម្រើន​រួមគ្នា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​សក្តានុពល​បន្តទៅ​មុខ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​គ្នា និង​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុងពេល​ជួប​គ្រោះ​យថាហេតុ​ផ្សេងៗ ដូចជា​៖ កិច្ចសហការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈកាល​កន្លងមក​នេះ ជាដើម​។​

​ភាគី​ទាំងពីរ ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​យោធា កម្ពុជា​-​ថៃ ដែល​បាន​ដំណើរការ​បោះជំហាន​រីកចម្រើន​ទៅមុខ និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជាច្រើន​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ជារួម និង​ក្នុង​កម្រិត​កងទ័ពជើងគោក ជាអាទិ៍ ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស ការអនុវត្ត​លំ​ហាត់​ហ្វឹកហ្វឺន និង​ការផ្លាស់ប្តូរ​គណៈប្រតិភូ​ទៅវិញទៅមក ក៏ដូចជា​ការរក្សាបាន​ទំនាក់ទំនង​ការងារ​ជាប់​ជាប្រចាំ​រវាង​បណ្តា​អង្គភាព​សំខាន់ៗ​ចំណុះ​កងទ័ពជើងគោក​ទាំងពី​រ ដែល​នៅ​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​បន្ត​រួមគ្នា​សហការ អនុវត្តតាម​បទបញ្ជា និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ការទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​ឆ្លងដែន​នានា​។​

​ទន្ទឹមគ្នានេះ កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ បាន​ប្តេជ្ញា​ខិតខំ​ចូលរួមចំណែក​ក្នុង​ការកសាង និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដោយ​ឈរលើ​ស្មារតី​អត់ធ្មត់ និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​តាម​យន្តការ​គ្រប់​កម្រិត ក្នុង​គោលការណ៍​គោរព​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ទៅវិញទៅមក​។ សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន គឺ​ពិតជា​បាន​បង្ក​នូវ​លក្ខណៈ​អំណោយផល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែលជា​ការចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​បង្កើត​ឱកាស​ការងារ និង​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​សន្តិសុខ​សាកល និង​តំបន់ ដែល​កំពុង​កើតមានឡើង និង​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការគាំទ្រ ជំរុញ និង​លើកកម្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​បន្ត​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ក្រោម​ធ្លុង​សាមគ្គីភាព​នៃ​កងទ័ពជើងគោក បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ថៃ ចំពោះ​ការគាំទ្រ​លទ្ធផល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​គោលបំណង ដើម្បី​ចូលរួមចំណែក​បញ្ចៀស​អំ​ពើ​ហិង្សា សង្គ្រាមស៊ីវិល និង​វិបត្តិ​មនុស្សធម៌ ក៏ដូចជា​ដើម្បី​ធ្វើយ៉ាងណា​រក​មធ្យោបាយ​ធ្វើឱ្យ​អាស៊ាន​អាច​រក្សាបាន​នូវ​មជ្ឈិម​ភាព​របស់ខ្លួន និង​អាច​ពង្រឹង​សាមគ្គី​ភាពល្អ​ឡើងវិញ ដោយ​ឈរលើ​គោលការណ៍​នានា ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន ជាអាទិ៍​ការគោរព​អធិបតេយ្យ ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង និង​គោលការណ៍​កុងសង់ស៊ីស​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម