ព័ត៌មានជាតិ
អ្នកកាសែតរំពឹងថា នឹងទទួលបានបទពិសោធល្អថ្មីៗក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន
អ្នកសារព័ត៌មាន ៤រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា បានសម្តែងក្តីរំភើប និងរំពឹងខ្ពស់ថា ពួកគេ នឹងទទួលបានបទពិសោធ ព្រមទាំងដំបូន្មាន និងអនុសាសន៍ល្អៗពីសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបរវាងសម្តេចតេជោ និងអ្នកសារព័ត៌មានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

លោក ជួប នរក្សា អ្នកសារព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ(RFI) បាននិយាយថា៖ “ខ្ញុំគិតថា វាជាវេទិកាសំខាន់មួយ ដើម្បីស្វែងយល់គ្នារវាងថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានទូទៅ អំពីលទ្ធភាពការងារ សមិទ្ធផល និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយចំនួនដែលអ្នកកាសែតជួបប្រទះ”។ លោកបញ្ជាក់ថា នៅក្នុងជំនួបនេះ ក៏ជាឱកាសដែលថ្នាក់ដឹកនាំប្រទេសបានដឹងពីស្ថានភាព និងបញ្ហាប្រឈម ភាពខ្វះខាតរបស់អ្នកសារព័ត៌មានស្របតាមសម័យទំនើបឌីជីថល ក៏ដូចជា ការចូលរួមចំណែករបស់រដ្ឋាភិបាល ដែលអាចធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា មានភាពរីកចម្រើនបន្ថែមទៀត។

ចំណែក អ្នកអត្ថាធិប្បាយព័ត៏មាននយោបាយរបស់ស្ថានីយទូរទស្សន៍ BTV លោក ជា ធីរិទ្ធ វិញ បានយល់ថា ជំនួបក្នុងឆ្នាំ២០២៣នេះ គឺមានភាពល្អ និងប្លែកជាងឆ្នាំមុនៗ ព្រោះអ្នកសារព័ត៌មានមានឱកាសសម្រាប់ចោទជាសំណួរផ្សេងៗទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ លោក រំពឹងថា លោកនឹងបានទទួលបាននូវបទពិសោធ និងអនុសាសន៍ថ្មីៗបន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន លើបញ្ហាសេរីភាពសារព័ត៌មាក្នុងប្រទេស ចាប់តាំងពីសម័យដែលកម្ពុជាងើបផុតពីសង្គ្រាម រហូតមកដល់សម័យឌីជីថលតែម្តង។ លោក ជា ធីរិទ្ធ ក៏រំពឹងផងដែរថា សម្តេចតេជោ ហ៊ុន សែន អាចនឹងផ្តាំផ្ញើសារមួយចំនួនទៅដល់អ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ព្រោះការប្រព្រឹត្តខុសវិជ្ជាជីវៈនេះ ធ្វើឱ្យអាប់ឱនដល់កិត្តិយសសង្គម។

រីឯ អ្នកស្រី កង កល្យាណ អ្នកអត្ថាធិប្បាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC បានលើកឡើងថា ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានជាថ្មីនេះ គឺជាឱកាសដ៏ល្អមួយដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មានបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងអាចដឹងពីការយល់ឃើញរបស់ថ្នាក់ដឹកនាំផ្សេងៗចំពោះសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងបែបនេះថា៖ “ក្រោយពីជំនួបលើកទី១ មកដល់ពេលនេះ ឃើញថា យើងមានសំឡេងរបស់មន្រ្តីរដ្ឋាភិបាល អ្នកនាំពាក្យ មានរឿងសរសេរកាន់តែច្រើន ជាជាងយើងមិនមានចម្លើយ ឬការឆ្លើយតបពីរដ្ឋាភិបាល”។

ដោយឡែក ចំពោះលោក ពេជ្រ ប៊ុនសាយ អគ្គនាយករងសារព័ត៌មាន Fresh News វិញ បានគាំទ្រយ៉ាងខ្លាំងចំពោះការបង្កើតឱ្យមានជំនួបរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាមួយអ្នកសារព័ត៌មាននេះ។ លោកគាំទ្រ ក្រោមហេតុផលថា ជំនួបនេះ គឺជាការបង្ហាញអំពីទំនាក់ទំនង និងការយកចិត្តទុកដាក់ ការយោគយល់អធ្យាស្រ័យរបស់រាជរដ្ឋាភិបាលមកកាន់អ្នកសារព័ត៌មាន។

លោក ពេជ្រ ប៊ុនសាយ បានបញ្ជាក់ថា៖ “ជំនួបនេះ ក៏ជាការលើកកម្ពស់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ទោះបីជាមានការចោទប្រកាន់លាបពណ៌ថា ជាប្រទេសផ្តាច់ការ ប៉ុន្តែ បើក្រឡេកមើលទៅប្រទេសជិតខាងកម្ពុជា និងប្រទេសនៅក្នុងតំបន់ យើងអនុវត្តបានល្អជាងគេ និងដើរមុនគេផង ត្រង់ចំណុចនេះ”។ លោក ពេជ្រ ប៊ុនសាយ ក៏មានភាពជឿជាក់ថា ក្នុងជំនួបលើកនេះ វាជាឱកាសដែលភាគីអ្នកសារព័ត៌មាន និងរដ្ឋាភិបាល លើកឡើងនូវអ្វីដែលខ្លូនចង់កែតម្រូវ និងចង់បាន ស្ថិតក្នុងកម្រិតសមរម្យណាមួយ។ ស្របគ្នានេះដែរ អ្នកសារព័ត៌មាន ក៏គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វីជ្ជាជីវៈរបស់ខ្លួនជានិច្ច ទើបទទួលបានការគោរពពីមហាជន និងការជឿជាក់ពីថ្នាក់ដឹកនាំប្រទេស។
សូមជម្រាបជូនថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំជាប់គ្នាដោយសារបញ្ហាជំងឺកូវីដ១៩ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញនូវកម្មវិធីជួបសំណេះរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ ក្រៅពីអ្នកសារព័ត៌មានចូលរួម កម្មវិធីជំនួបនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង ថ្នាក់អភិបាលរាជធានី-ខេត្ត អ្នកនាំពាក្យគ្រប់មន្ទីរ និងសាលាខេត្តផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


