Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យ​ស្គាល់​រដ្ឋមន្ត្រី​ កាន់​តំណែង​យូរ​បំផុត​នៅ​ក្រសួង​ពាណិជ្ជកម្ម

បានផុស

នៅ

លោក​ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​យូរ​បំផុត​ជាង ២០ ឆ្នាំ នៅ​ក្រសួង​ពាណិជ្ជកម្ម​ មុន​ផ្លាស់​ទៅ​ដឹកនាំ​នៅ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ (បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍) នៅ​ដើម​ឆ្នាំ​២០១៤។

ក្រោម​ការ​គ្រប់គ្រង​​របស់​លោក​ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ចុង​ឆ្នាំ​២០១៣ លោក​បាន​ដឹកនាំក្រសួង​ពាណិជ្ជកម្ម​ដោយ​ឆ្លង​កាត់​ដំណាក់កាល​វិបត្តិ​សេដ្ឋកិច្ច​ចំនួន​ពីរ​លើក​ គឺ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​​នៅ​ឆ្នាំ​១៩៩៧ និង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​​ ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០០៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី​ នឹង​បង្ហាញពី​ជីវ​ប្រវត្ដិ​ត្រួសៗ​របស់​លោក​ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

កុមារភាព

លោក​ចម ប្រសិទ្ធ មាន​ឈ្មោះ​ពី​កំណើត​អ៊ឹង យូតឹកហោ កើត​នៅ​ថ្ងៃ ១៥ ឧសភា ឆ្នាំ​១៩៥១ នៅ​ភ្នំពេញ។

សម័យ​ប៉ុលពត

នៅ​ខែ​មេសា ១៩៧៥ លោក​និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រាជធានី​ភ្នំពេញ​ដោយ​ពួក​ខ្មែរក្រហម ​ទៅកាន់​ស្រុក​ភ្នំស្រុក ខេត្ត​បាត់ដំបង។ ក្រោយ​រំដោះ​ឆ្នាំ ១៩៧៩ ដោយ​រណសិរ្ស​សង្គ្រោះ​ជាតិ​ លោក​បាន​ផ្លាស់​ទី​លំនៅ​មក​រស់នៅ​ខេត្ត​សៀមរាប។

កម្រិត​វប្បធម៌

– សាលាបឋមសិក្សាបារាំង “Ecole NORODOM” រាជធានីភ្នំពេញ (១៩៥៦-១៩៦២)
– វិទ្យាល័យបារាំង “DESCARTES” រាជធានីភ្នំពេញ (១៩៦២-១៩៦៩)
– បរិញ្ញាបត្រ​ពាណិជ្ជសាស្រ្ត (១៩៧៣) មហាវិទ្យាល័យ​ពាណិជ្ជសាស្រ្ត នៃ​សកលវិទ្យាល័យភ្នំពេញ
– បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (១៩៧៣) មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ​ភ្នំពេញ
-ឆ្នាំ​២០០៥ ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សកលវិទ្យាល័យ អាសវូឌ (Ashwood University) នៅ​សហរដ្ឋ​អាមេរិក។
– សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សមាហរណកម្មពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃសកលវិទ្យាល័យ​កម្ពុជា (២០០៧)
– សញ្ញាបត្រ​បណ្ឌិត​កិត្តិយសផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច និង​នយោបាយសេដ្ឋកិច្ច​នៃសកលវិទ្យាល័យ​ចម្រើន​ពហុបច្ចេកវិជ្ជា (CUP) (២០១០)
– សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សកលវិទ្យាល័យ Shinhan (ROK) (2017)

ការងារក្នុងគណបក្សនយោបាយ

– សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP) (ចាប់តាំងពីឆ្នាំ១៩៨៧ រហូតដល់បច្ចុប្បន្ន)
– អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប (ពីឆ្នាំ១៩៩៣ ដល់២០០៤)
– ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកែប (ចាប់ពីឆ្នាំ២០០៤ ដល់២០១៤ និងចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន)
– អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត(ចាប់តាំងពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន)

មុខងារ និងតួនាទី

-១៩៧៣ អគ្គាធិការ​នៃ​ធនាគារ​ពាក់​កណ្តាល​សាធារណៈ​ធនាគារ​ឥណទាន​ភូមិបាល (Credit Foncier) សម័យ​សាធារណៈរដ្ឋ​ខ្មែរ
-មីនា ១៩៨០ ជា​អ្នកបកប្រែ​នៅក្រសួងការបរទេស 
-១៩៨១ អនុប្រធានការិយាល័យព័ត៌មាន នៃក្រសួងការបរទេស
-១៩៨២ លេខា​ផ្ទាល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស ហ៊ុន សែន
-១៩៨៤ ប្រធាន​នាយកដ្ឋានសរុប និ​ងជាលេខាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ហ៊ុន សែន
-១៩៨៥ លេខាផ្ទាល់របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខុទ្ទកាល័យ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​នាយកដ្ឋាន​សរុប​នៃក្រសួងការបរទេស
-១៩៨៧ អនុរដ្ឋមន្ត្រីនៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី (ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម គមនាគមន៍/ដឹកជញ្ជូន សំណង់ វិនិយោគទុន និងកិច្ចការ បរទេស)
-កក្កដា ១៩៩៣ អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលបណ្តោះអាសន្នជាតិ​នៃកម្ពុជា
-២៤ កញ្ញា ១៩៩៣ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី១) និង​ជា​អភិបាលរង​កម្ពុជា​ប្រចាំ​ធនាគារ​ពិភពលោក (World Bank) និង​ជា​អភិបាល​រង​កម្ពុជា​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (Asian Development Bank ADB)
-២៤ តុលា ១៩៩៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី១)
-២៦ កក្កដា ១៩៩៨ ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​មណ្ឌល​សៀមរាប (ក្រោយ​មក​បាន​ប្រគល់​អាសនៈ​នេះ ដើម្បី​បម្រើ​ការងារ​នៅក្នុងរាជរដ្ឋាភិបាល)
-៣០ វិច្ឆិកា ១៩៩៨ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​រាជរដ្ឋាភិបាលកម្ពុជា(អាណត្តិទី២)
-២៧ កក្កដា ២០០៣ ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​សាជាថ្មី​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​មណ្ឌល​សៀមរាប​ (ក្រោយមក បាន​ប្រគល់​អាសនៈនេះ​ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល)
-១៥ កក្កដា ២០០៤ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី៣)
-២៧ កក្កដា ២០០៨ ត្រូវបានជ្រើសតាំង​ជា​សមាជិករដ្ឋសភា​សម្រាប់​មណ្ឌល​ខេត្តកែប (ក្រោយ​មក​បាន​ប្រគល់​អាសនៈ​នេះ ដើម្បីបម្រើ​ការងារនៅក្នុងរាជរដ្ឋាភិបាល)
-២៥ កញ្ញា ២០០៨ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៃ​រាជរដ្ឋាភិបាលកម្ពុជា (អាណត្តិទី៤) (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា)
-២៨ កក្កដា ២០១៣ ត្រូវបាន​ជ្រើសតាំង​សាជាថ្មី​ជាសមាជិក​រដ្ឋសភា​ប្រចាំមណ្ឌលខេត្តកែប (ក្រោយ​មក​បាន​ប្រគល់​អាសនៈ ដើម្បី​បម្រើ​ការងារ​នៅក្នុងរាជរដ្ឋាភិបាល)
-២៤ កញ្ញា ២០១៣ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​រាជរដ្ឋាភិបាល​កម្ពុជា (អាណត្តិទី៥)
-២១ ធ្នូ ២០១៣ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម (អាណត្តិទី៥)
-៣០ មីនា ២០២០ ដល់ បច្ចុប្បន្ន រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេក​វិទ្យា និងនវានុវត្ដន៍ (អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម)

សកម្មភាពផ្សេងទៀតនៅក្នុងរាជរដ្ឋាភិបាល៖

– (១៩៩៥ – ២០០៤) ប្រធានក្រុមចរចារបស់កម្ពុជា ដើម្បីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)
– (១៩៩៥ – ២០១៣) ប្រធានក្រុមប្រឹក្សាយោបល់កម្ពុជាអំពី WTO
– (កក្កដា ១៩៩៩ – កញ្ញា ២០១៣) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា
– (សីហា ២០០៥ – កញ្ញា ២០១៣) រដ្ឋមន្ត្រីសេដ្ឋកិច្ច ASEM សម្រាប់កម្ពុជា
– (ធ្នូ ២០០៧-កញ្ញា ២០១៣) រដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធី នៃមហាអនុតំបន់ទន្លេមេគង្គ
– (២០០៧ -២០១៣) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម
– (២០០៧ -២០១៣) រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ ថៃ
– ( ២០០៤ – ២០១៣) អនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកការវិនិយោគទុនបរទេសដោយផ្ទាល់ និង ច្រកចេញចូលតែមួយ
– (២០០៦- ២០១៣) អនុប្រធានគណៈកម្មាធិការកម្ពុជាសម្រាប់កម្មវិធីយុទ្ធសាស្ត្រសហប្រតិបត្តិការទន្លេមេគង្គ Ayeyawadee – Chao Praya (ACMECS)
– (២០០០ – ២០១៣) អនុប្រធានគណៈកម្មាធិការសម្រាប់ការអភិវឌ្ឍន៍ផ្នែកឯកជន និងជាប្រធានអនុគណៈកម្មាធិការជម្រង់ផ្លូវស្តីពីការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងវិនិយោគដែលពាក់ព័ន្ធដល់ វិស័យពាណិជ្ជកម្ម
– (២០០០ – ២០១៣) ប្រធានក្រុមការងារផ្នែកឯកជន/រដ្ឋ លើការកែច្នៃការនាំចេញ និងសម្របសម្រួលពាណិជ្ជកម្ម
– (២០០៧ – ២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីក្របខណ្ឌ សមាហរណកម្មសម្រាប់ជំនួយ បច្ចេកទេសដែលទាក់ទងដល់ពាណិជ្ជកម្ម និងយុទ្ធសាស្រ្តពាណិជ្ជកម្មសម្រាប់កាត់ បន្ថយភាពក្រីក្រ
– (១៩៩៨-២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលកម្មសិទ្ធិបញ្ញា
-(១៩៩៦-២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការគ្រប់គ្រងគុណភាពទំនិញ និងសេវាកម្ម
– (១៩៩៦-២០១៣) ប្រធានគណៈកម្មាធិការទទួល និងចែកចាយជំនួយបរទេស
– (១៩៩៨-២០១៣) ប្រធានគណៈកម្មាធិការអន្តរក្រសួងសម្រាប់ការរៀបចំ និងចូលរួមរបស់កម្ពុជានៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក
– (ឆ្នាំ២០០៥) អគ្គស្នងការទទួលបន្ទុកផ្នែកកម្ពុជានៅក្នុងពិព័រណ៍ពិភពលោក នៅក្រុងអាយជី ប្រទេសជប៉ុន
– (ឆ្នាំ២០១០) អគ្គស្នងការទទួលបន្ទុកផ្នែកកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោកនៅក្រុងសៀង ហៃ សាធារណៈរដ្ឋប្រជាមានិតចិន
– (ឆ្នាំ២០១២) អគ្គស្នងការទទួលបន្ទុកផ្នែកកម្ពុជា នៅក្នុងពិព័រណ៍អន្តរជាតិនៅ ក្រុងយុវស៊ូ សាធារណៈរដ្ឋកូរ៉េ
– (ខែកញ្ញា ឆ្នាំ២០១៣-បច្ចុប្បន្ន) អនុប្រធានគណៈកម្មាធិការជម្រង់ផ្លូវអភិវឌ្ឍន៍ផ្នែកឯកជន និងជាប្រធានអនុគណៈកម្មាធិការសហគ្រាសធុនតូច និងមធ្យម
– (កញ្ញា ២០១៣-បច្ចុប្បន្ន) ប្រធានក្រុមការងារផ្នែករដ្ឋ-ឯកជន ស្តីពីកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម
– (មករា ២០១៤ -បច្ចុប្បន្ន) ប្រធានក្រុមការងារថ្នាក់ជាតិដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣នៅក្នុងខេត្តកំពត
– (កញ្ញា ២០១៣ – បច្ចុប្បន្ន) ប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ
– (កញ្ញា២០១៤ – បច្ចុប្បន្ន) ប្រធាន​ក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់
– (ធ្នូ ២០១៤ – បច្ចុប្បន្ន) អនុប្រធានគណៈកម្មាធិការផលិតភាពកម្ពុជា
– ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង គ្រប់គ្រង​និង​ត្រួតពិនិត្យទំនិញគ្រោះថ្នាក់ (មិថុនា ២០១៦ – បច្ចុប្បន្ន)

គ្រឿងឥស្សរិយយសថ្នាក់ជាតិ

– មេដាយប្រាក់ស្ថាបនាជាតិ (១៩៩៣)
– មេដាយមាសស្ថាបនាជាតិ (១៩៩៥)
– មេដាយមាសស្ថាបនាជាតិ (១៩៩៧)
– មេដាយមាសស្ថាបនាជាតិ (១៩៩៩)
– មេដាយមាសស្ថាបនាជាតិ (២០០៣)
– គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ (១៩៩៨)
– គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ (២០០១)
– គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍនា(០៦ មករា ២០០៣)
– គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់ធិបឌិន្ទ (ធ្នូ ២០០៣)
– គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ (២៣ សីហា ២០០៧)
– គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ (២៤ តុលា ២០០៧)
– មេដាយជាតូបការ(២០ កុម្ភៈ ២០០៩)
– មេដាយម្ចាស់ក្សត្រីយានីស៊ីសុវត្ថិកុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ (ថ្ងៃទី២៧ខែមករា ឆ្នាំ២០១០)

គោរមងារកិត្តិយស

– ឧកញ៉ា (២ កុម្ភៈ ២០០២)
– ទីប្រឹក្សាជាន់ខ្ពស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា (កក្កដា ២០០៤)
– កិត្តិសេដ្ឋាបណ្ឌិត នៃរាជបណ្ឌិតសភាកម្ពុជា (១២ មេសា ២០១៨)

ភាសា

ខ្មែរ បារាំង អង់គ្លេស

គ្រួសារ

លោកបាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ ទេព បុប្ផា ប្រសិទ្ធ មាន​កូនប្រុស​ម្នាក់ (បូរិទ្ធ) កូនស្រី ២ នាក់ (និមល និង ក្រស្នា) និង​កូនស្រី​ចិញ្ចឹម​ម្នាក់ (សុធារ៉ា)។

ចំណូលចិត្ត

កីឡាវាយកូនហ្គោល កីឡាវាយ​កូនបាល់ កីឡាបាល់ទះ កីឡាវាយសី កីឡាប៉េងប៉ុង កីឡាប៉េតង់ មើលខ្សែភាពយន្តគំនូរជីវចល អានសៀវភៅគំនូរជីវចល អានសៀវភៅ អក្សរសាស្ត្រស្តីពីពុទ្ធនិយម និងវប្បធម៌កម្ពុជា និងសៀវភៅប្រវត្តិសាស្ត្រ។

សកម្មភាពផ្សេងៗ

– សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សសាមគ្គី ការពារ និងកសាងមាតុភូមិកម្ពុជា (២៩ មេសា ២០០៦ – បច្ចុប្បន្ន)
– ប្រធានមូលនិធិកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ដែលជាអង្គការមិនរកកម្រៃសំដៅជួយដល់ជនក្រីក្រនៅកម្ពុជា (ចាប់តាំងពីឆ្នាំ១៩៨៧ ដល់បច្ចុប្បន្ន)
– ប្រធានសហព័ន្ធវាយតេននីសកម្ពុជា (ចាប់តាំងពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន)

សមិទ្ធផល​នានា

-គម្រោង​ការ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បាន​ប្រកាស​កាល​ពី​ឆ្នាំ​២០០៥​ ដែល​មាន​គោលបំណង​ផលិត​កែច្នៃ​ទំនិញ​នាំ​ចេញ ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​​ពី​ប្រទេស​ជិត​ខាង ក៏​មាន​ការ​ផ្ដួចផ្ដើម​ពី​ក្រសួង​ពាណិជ្ជកម្ម​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ចម ប្រសិទ្ធ ដែរ។

-ក្នុង​អំឡុង​ពេល​ដែល​លោក ចម ប្រសិទ្ធ​ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម មាន​គោល​នយោបាយ​​ពាណិជ្ជកម្ម​ជា​ច្រើន​ដែល​ផ្ដល់​ការ​អនុគ្រោះ​ពី​សហគមន៍​អន្តរជាតិ។ គោលនយោបាយ​អន្តរជាតិ​ទាំង​នោះ រួម​មាន​ ​ការ​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ​ពី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​១៩៩៦ ដែល​ហៅ​ថា អឹម.អេហ្វ.អិន (MFN)។ នៅ​ឆ្នាំ​១៩៩៧ កម្ពុជា ទទួល​បាន​​លក្ខខណ្ឌ​អនុគ្រោះ ជី.អេស.ភី (GSP) ​​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ប្រទេស​ដែល​លូតលាស់​តិច​ជាង​គេ​ឲ្យ​ចូល​នៅ​ក្នុង​​សេដ្ឋកិច្ច​ពិភពលោក។ ឆ្នាំ​១៩៩៩ កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ ដែល​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ​គយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​​អាស៊ាន​ទាំង​១០។

-ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក​ នៅ​ឆ្នាំ​២០០៣​ ដោយសារ​តែ​កម្ពុជា បាន​កែប្រែ​ប្រព័ន្ធ​ច្បាប់​ កែ​លម្អ​​រចនាសម្ព័ន្ធ​ពន្ធ​គយ។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០០៥ កូតា​ទីផ្សារ​នាំ​ចេញ​នៅ​​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ត្រូវ​ផុត​កំណត់ និង​នៅ​ឆ្នាំ​២០០៨ ការ​រឹតត្បិត​បរិមាណ​​​ផលិតផល​កាត់ដេរ​ពី​ប្រទេស​ចិន ក៏​ត្រូវ​ផុត​កំណត់​ដែរ។

តួនាទី​នៅ​លើ​ឆាក​អន្តរជាតិ​វិញ លោក ចម ប្រសិទ្ធ ជា​ប្រធាន​ក្រុម​អ្នក​ចរចា​​ឲ្យ​ប្រទេស​កម្ពុជា ចូល​នៅ​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក​​នៅ​អំឡុង​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៤។ ក្រៅ​ពី​នេះ លោក​ក៏​​បាន​ទទួល​តំណែង​ជា​​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ចាប់​តាំង​ពី​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ រហូត​ដល់​ឆ្នាំ​២០១៣។ លោក​ក៏​បាន​ទទួល​តួនាទី​និង​ភារកិច្ច​សំខាន់​ជា​ច្រើន​ទៀត​ លើ​កិច្ចការ​ពាណិជ្ជកម្ម​នៅ​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​ជា​ប្រធាន​ក្រុម​ពិភាក្សា​រវាង​វិស័យ​ឯកជន​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ជា​ដើម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម