Connect with us

ព័ត៌មានជាតិ

ទំនាស់ដីធ្លីនៅខេត្តមណ្ឌលគិរី កាលពីឆ្នាំ ២០២១ មាន ១១ករណី ហើយមិនទាន់ដោះស្រាយចប់ទាំងអស់

បានផុស

នៅ

មន្ត្រីជំនាញនៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទំនាស់ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី កាលពីឆ្នាំ ២០២១កន្លង​ទៅនេះ មានចំនួន ១១ករណី។ ប៉ុន្តែគិតមកដល់ពេលនេះ មិនទាន់មានការដោះស្រាយចប់មួយករណីណាឡើយ ដោយសារភាគីជម្លោះមិនទាន់ត្រូវរ៉ូវគ្នា។

លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តមណ្ឌលគិរី” កាលពីល្ងាចថ្ងៃទី ២៤ ខែកុម្ភៈថា ការដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានបែងចែកជាពីរ គឺទីមួយ យន្តការគណៈកម្មការសុរិយោដី និងទីពីរ យន្ដការលេខាធិការដ្ឋាន។

លោក លឹម ចាន់សូភី បានឲ្យដឹងថា កាលពីឆ្នាំ ២០២១កន្លងទៅនេះ ទំនាស់ដីធ្លីនៅខេត្តមណ្ឌលគិរី មានចំនួន ១១ករណី។ ក្នុងនោះ យន្តការគណៈកម្មការសុរិយោដីមានចំនួន ១០ករណី និងយន្ដការលេខា​ធិការដ្ឋានមានចំនួន ១ករណី។ លោកថា យន្តការគណៈកម្មការសុរិយោដី គឺជាយន្ដការសម្របសម្រួល ដែលមានការកោះអញ្ជើញគូភាគីជម្លោះ ដើម្បីឲ្យមកសម្របសម្រួល ហើយធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្តបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី បានឲ្យដឹងបន្តថា ប្រសិនបើភាគីជម្លោះ មានឯកភាពសម្របសម្រួលគ្នាហើយ គឺមន្ត្រីជំនាញនឹងបញ្ចប់វិវាទដីធ្លីនោះជាផ្លូវការ។ ទោះបីជាបែបណា ក្នុងឆ្នាំ ២០២១កន្លងទៅនេះ ទំនាស់ដីធ្លីនៅខេត្តមណ្ឌលគិរីទាំង ១១ករណី មិនទាន់មានការដោះស្រាយចប់ មួយករណីណាឡើយ ដោយសារភាគីជម្លោះមិនទាន់ត្រូវរ៉ូវគ្នា។

បើតាមលោក លឹម ចាន់សូភី ចំពោះទំនាស់ដីធ្លីធំៗ គឺស្ថិតនៅក្នុងយន្តការរាជរដ្ឋាភិបាល ដែលក្រុមការងារក្រសួងថ្នាក់ជាតិ ជាអ្នកចុះដោះស្រាយ ហើយកន្លងមកមានយុទ្ធនាការ ដកហូតចំការស្រស់ និងទីតាំងដីធ្លីរបស់រដ្ឋជាជនខិលខូច ហើយបច្ចុប្បន្នក៏បាននិងកំពុងចុះដោះស្រាយបន្តទៀត ផងដែរ។

ចំណែកឯលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ដមណ្ឌលគីរី បានឲ្យដឹងដែរថា ជាទូទៅទំនាស់ដីធ្លី ពិបាកនៅក្នុងកត់ត្រាចំនួនប៉ុន្មានណាស់ នៅពេលគូភាគីជម្លោះមិនទាន់ឈ្លោះគ្នា អត់មានពាក្យបណ្ដឹងមកកាន់អាជ្ញាធរ និងមន្ទីរជំនាញនោះទេ តែនៅពេលម្ចាស់ដីទៅមើលដីរបស់ខ្លួន ស្រាប់តែមានពាក្យបណ្ដឹងថា ដីធ្លីនោះមានទំនាស់។ ដូច្នេះ មិនអាចបញ្ជាក់ថា ទំនាស់ដីធ្លីទាំងនោះ បញ្ចប់នៅពេលណានោះទេ។

លោក ជាក់ ម៉េងហ៊ាង បានឲ្យដឹងបន្តថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បាននិងកំពុងពិនិត្យផងដែរ ថាតើដីធ្លីមានទំនាស់នោះ ស្ថិតនៅក្នុងដីធ្លីប្រភេទបែបណា?

លោកថា «ពេលបច្ចុប្បន្ន យើងក៏ពិនិត្យដែរ ថាតើដីដែលគាត់ទំនាស់គ្នា ស្ថិតនៅក្នុងដីស្អី ទីមួយយើងកិរិយានៃការកាន់កាប់ដីធ្លី របស់គាត់ ជួនកាលគាត់រំលោភទៅលើដីសាធារណៈរបស់រដ្ឋ ឬមួយដីឯកជនរបស់រដ្ឋ ដែលយើងកំពុងចាត់វិធានការនេះ យើងក៏ពិនិត្យមើលដែរ ជួនកាលគាត់ឈ្លោះគ្នាទៅលើដីឯកជនរបស់រដ្ឋ ឬក៏ដីសាធារណៈរបស់រដ្ឋ ដែលគ្មានច្បាប់ទម្លាប់ ប៉ុន្តែយើងក៏ពិនិត្យថា តើការលក់ទិញរបស់គាត់ ដែលទំនាស់គ្នានោះ យើងក៏មើលដែរកិរិយានៃការកាន់កាប់ បើគាត់ទិញពីជនជាតិ ដែលបានអាស្រ័យផលយូរហើយ ត្រឹមត្រូវហើយ មានអ្នកទៅរំលោភយើងទៅដោះស្រាយតាមហ្នឹង»។

អភិបាលរង ខេត្ដមណ្ឌលគីរីរូបនេះ នៅក្នុងខេត្តមណ្ឌលគិរី មានគណៈកម្មការដោះស្រាយថ្នាក់ក្រុង-ស្រុក រហូតដល់ថ្នាក់ខេត្ត តែបើថ្នាក់ខេត្តដោះស្រាយមិនអាច គឺត្រូវបានដោះស្រាយ នៅគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ។ លោកបន្ថែមថា «យើងដោះសម្របសម្រួលយន្ដការ ជួនកាលដីធ្លីខ្លះមិនមានប្លង់ទេ យើងដោះតាមយន្ដការសម្របសម្រួលគ្នា ក្នុងការចរចាសម្របសម្រួល យើងថាផ្សំផ្គុំគ្នា ធ្វើម៉េចកុំឲ្យមានទំនាស់ ចែករំលែកផលប្រយោជន៍ ធ្វើម៉េចកុំឲ្យមានរឿង»៕  

អត្ថបទ៖​ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម