ព័ត៌មានជាតិ
ប្រទះឃើញដំរីមួយហ្វូង នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ អំឡុងពួកគេដើរល្បាត និងចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃស្រែពក។

អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការWWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន ០៨ ក្បាល (Asian elephant ) Elephas maximus ខណៈពេលដែលពួកគេបានចុះតាមដាន និងកត់ត្រាទិន្នន័យបន្ទាត់ត្រង់សិក។ ការសិក្សាស្រាវជ្រាវនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក។

សកម្មភាពតាមដាន សិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយមានការរួមថវិកាបន្ថែមពី អង្គការWWF ។
ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្ត្រធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងឆ្នាំមុន។ ហ្វូងសត្វដំរីទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រក ធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
ដំរីអាស៊ីជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក។ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធIនៃ អនុសញ្ញាសាយតេស។
ភិនភាគ៖ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងមានស្បែកកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ដំរីមានក្រចកម្រាមជើង១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង៥ ឯក្រចកជើងក្រោយនីមួយៗមានម្រាម៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ២០ដែរ។ ដំរីញីមានភ្លុក “ចែ” ដែរ តែវាមិនបញ្ចេញឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។ ភ្លុកដំរីធំ ឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។

ជីវសាស្ត្រ៖ ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឫស្សី ផ្តៅ និងវល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសំបូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូនក្នុងខែកក្កដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែក ដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។
រប៉ាយរស់នៅ៖ ដំរីមានតិចតួចនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ដំរីមានរប៉ាយនៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេហ៍ កោះស៊ូម៉ាត្រា និងនៅភាគខាងជើងនៃកោះបរណេអូ។ ចំនួនសត្វដំរីបានថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក។
សូមអរគុណដល់មន្ត្រី ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើស ធនធម្មជាតិ និងក្រុមសិក្សាស្រាវជ្រាវជីវៈចម្រុះ ដែលការពារថែរក្សាធនធានធម្មជាតិជាពិសេសសត្វព្រៃ ដែលកម្រនិងជិតផុតពូជ ឲ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


