ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កើតចេញពីកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រទំនើប នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «សមិទ្ធផល (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) កើតចេញពីការទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលបានលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដែលមានឈ្មោះថា មិត្តដែកថែប ហើយអ្វីបានកើតចេញមកទៀតថ្ងៃនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នា និងការចង់ជួយគ្នាពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន មកកាន់ប្រទេសកម្ពុជា»។
សម្តេចតេជោបញ្ជាក់ទៀតថា សម្តេចពិតជាមានការរីករាយ ដែលប៉ុន្មានថ្ងៃមុននេះ សម្ដេច និងទូតចិនបានសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃប្រមាណជិត ៥០លានដុល្លារ ហើយថ្ងៃនេះបានសម្ពោធមន្ទីរពេទ្យនេះមួយទៀត ដែលមន្ទីរពេទ្យនេះមានតម្លៃប្រមាណ ៨៥លានដុល្លារ។ សម្តេចបន្តថា នេះគឺជាជំនួយដ៏ធំនៅក្នុងផ្នែកសុខាភិបាល ដែលកម្ពុជាទទួលបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងបញ្ហាសុខមាលភាព របស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋាន សាងសង់នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ ដោយចំណាយពេល ៣៩ខែ។ សាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់។ ក្នុងនោះ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី៣តោន ទៅ ៥តោនផងដែរ។
មន្ទីរពេទ្យដែ លបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺប្រមាណ ៤០០គ្រែ។ ក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។
បើតាមលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ចាប់តាំងពីបង្កើតឡើង មន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយព្យាបាលសុខភាពប្រជាពលរដ្ឋកម្ពុជា ហើយបន្ទាប់ពីពង្រីកក្រោយជំនួយរបស់ភាគី ចិន មន្ទីរពេទ្យនេះបាននាំមកនូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់ និងប្រព័ន្ធព្យាបាលថែទាំទំនើប ហើយនឹងក្លាយទៅជាមន្ទីរពេទ្យរដ្ឋដ៏ទំនើបនៅកម្ពុជា។ លោកថា មន្ទីរពេទ្យនេះ ក៏បានបង្កើតផ្នែកពេទ្យចិនប្រពៃណី ដែលរៀបចំដោយក្រុមអ្នកជំនាញថ្នាក់ជាតិ របស់ពេទ្យចិនផងដែរ។
លោក វ៉ាង វិនធាន បានអះអាងទៀតថា មន្ទីរពេទ្យនេះ ត្រូវបានរចនាដោយលើកដៃសំពះតាមប្រពៃណីរបស់កម្ពុជា ហើយជានិមិត្តរូបនៃសេចក្តីប្រាថ្នាដ៏ប្រពៃ របស់ប្រជាជនចិន ចំពោះប្រជាជនកម្ពុជា៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


