Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង នឹងបិទរដូវនេសាទរយៈពេល៥ខែដើម្បីការពារត្រីមេពូជនៅរដូវពងកូន

បានផុស

នៅ

រដ្ឋបាលខេត្តស្ទឹងត្រែង នឹងធ្វើការបិទរដូវនេសាទរយៈពេល៥ខែដើម្បីការពារត្រីមេពូជ នៅរដូវពងកូនសម្រាប់តំបន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយដែលទទួលបាននៅ
ថ្ងៃនេះថា រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង នឹងចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានបន្តថា ក្នុងកំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍ម៉ង គ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជនាកំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទន្ទឹមជាមួយគ្នានេះដែរលោកអភិបាលខេត្តបានណែនាំឱ្យបងប្អូនប្រជានេសាទមេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់បំពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាសអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

លោកអភិបាលខេត្តបានបន្តទៀតថា ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយបងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់​ តុម ទ្រូ កញ្ជ្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

លោកអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងអ្នកនេសាទទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវ ជាពិសេសសូមបងប្អូនប្រជានេសាទទាំងអស់ត្រូវចងចាំ និងអនុវត្តតាមអនុសាសន៍ទាំង ៧ ចំនុចរបស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមថែរក្សា ការពារនិងប្រើប្រាស់នូវធនធានមច្ឆាជាតិយើងឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម