ព័ត៌មានជាតិ
អេកូរីសតមួយកណ្ដាលព្រៃក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង នាំបទពិសោធន៍ទស្សនាសត្វព្រៃកម្របំផុតលើពិភពលោក
គម្រោងអភិវឌ្ឍអេកូទេសចរណ៍មួយនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែង គឺជាគម្រោងវិនិយោគដ៏ធំមួយដែលផ្ដោតទៅលើការការពារព្រៃឈើ សត្វព្រៃ ការលើកស្ទួយជីវភាពសហគមន៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ។
ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តស្ទឹងត្រែង ក្រុមអ្នកសារព័ត៌មានបានចុះទៅសិក្សាស្វែងយល់ពីគម្រោងវិនិយោគតំបន់អេកូទេសចរណ៍នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតនៅភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងការផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានលោក ម៉េង ហៀង ម្ចាស់គម្រោងវិនិយោគអេកូទេសចរណ៍ Siempang Forest Lodge បានឲ្យដឹងថា Siempang Forest Lodge បង្កើតឡើងលើសពីរីស៊តដទៃស្ថិតក្នុងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន លើទឹកដីខេត្តស្ទឹងត្រែង។
«ផលិតផលទេសចរណ៍នេះថ្មីប្លែកពីគោលដៅទេសចរណ៍ដទៃ ដែលទេសចរបានមកដល់ទីនេះ នឹងទទួលបានបទពិសោធន៍ដូចជាការដើរមើលសត្វព្រៃ ការធ្វើសមាធិ និងទទួលយកបទពិសោធន៍បែបធម្មជាតិប្រៀបប្រដូចទៅនឹងឋានសួគ៌លោកីយ៍»។



ក្បែរដងទន្លេ និងហ៊ុំព័ទ្ធទៅដោយធម្មជាតិ Siempang Forest Lodge ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ក្នុងទេសភាពស្របទៅតាមទម្រង់ធម្មជាតិ។
លោក ម៉េង ហៀង បានបញ្ជាក់ថា ការបង្កើតតំបន់អេកូទេសចរណ៍លាក់ខ្លួននៅព្រៃជ្រៅនេះ គឺសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តភាពស្ងប់ស្ងាត់ និងចង់បង្កើតភាពស្និតស្នាលជាមួយបទពិសោធន៍អារម្មណ៍បែបផ្សងព្រេងជាមួយធម្មជាតិ។
ដោយបើកដំណើរការសាកល្បងកាលពីចុងឆ្នាំ២០២៥ ដែលជាឆ្នាំផ្លាស់ប្តូរសម្រាប់ទេសចរណ៍ដ៏ល្អមួយនៅកម្ពុជា លោកម៉េង ហៀង បានអះអាងថា ការវិនិយោគរបស់ក្រុមហ៊ុនគោលដៅគឺ «អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស» ដើម្បីឲ្យដែនជម្រកសត្វព្រៃសៀមប៉ាងក្លាយជាទីផ្សារទេសចរណ៍បៃតង។

កញ្ញា រតនា អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Siempang Forest Lodge បានរៀបរាប់ពីបទពិសោធន៍និងសកម្មភាពផ្សេងៗសម្រាប់ទេសចរមកស្នាក់នៅក្នុងដែនព្រៃធម្មជាតិ ពោរពេញដោយជីវចម្រុះតែមួយគត់ក្នុងខេត្តស្ទឹងត្រែងរួមមាន៖
*ការមើលសត្វស្លាបនៅតំបន់អភិរក្សសៀមប៉ាង ដែលមគ្គុទ្ទេសន៍ដ៏មានជំនាញនឹងធ្វើការនាំផ្លូវភ្ញៀវទេសចរបង្ហាញពីសត្វស្លាបដ៏កម្រមួយចំនួនរបស់ប្រទេសកម្ពុជា ដែលជាសត្វកំពុងរងគ្រោះនិងជិតផុតពូជលើពិភពលោក
* ការដើរកម្សាន្តក្នុងព្រៃ និងការទស្សនាសត្វព្រៃប្រៀបដូចជាការផ្សងព្រេង ដែលធ្វើឲ្យអ្នកអាចស្វែងយល់កាន់តែស៊ីជម្រៅពីដែនជម្រកសត្វព្រៃសៀមប៉ាង
* ការកម្សាន្តយល់ដឹងអំពីវប្បធម៌ និងប្រវត្តិរឿងរ៉ាវអភិរក្ស ដែលមានការដើរទស្សនាតាមភូមិពីរបៀបរបបរស់នៅក្នុងតំបន់ និងស្តាប់អ្នកគ្រប់គ្រងសហគមន៍លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវៈចម្រុះក្នុងតំបន់
* ការជិះទូកកម្សាន្តពេលថ្ងៃរៀបលិចនៅតាមដងទន្លេដ៏ស្ងប់ស្ងាត់ ដែលហ៊ុំព័ទ្ធដោយស្រមោលនៃព្រៃឈើ ទស្សនាសត្វស្លាបតាមដងទន្លេជាមួយសំឡេងសត្វ និងទឹកហូរ
* ការមើលថ្ងៃលិចនៅក្នុងបរិយាកាសស្ងប់ស្ងាត់ អមដោយធម្មជាតិដ៏ស្រស់បំព្រងដែលប្រែប្រួលតាមរដូវកាល
* ការជិះកង់ឆ្លងកាត់ផ្លូវអមដោយព្រៃឈើសម្រាប់ការមើលសត្វព្រៃ ជាការកម្សាន្តដ៏រស់រវើកមួយ
*ការថតរូបសត្វកម្រនៅសៀមប៉ាងដែលនឹងអាចជួបសត្វព្រៃដូចជា សត្វទន្សោង (Banteng) សត្វរមាំង (Eld’s Deer) សត្វដែលជិតផុតពូជលើពិភពលោក Critically Endangered រហូតដល់សត្វត្រយ៉ងយក្ស (Giant-Ibis) ត្រយ៉ងចង្កំកស (White-shoulder Ibis) ត្មាតភ្លើង (Red-headed Vulture) ត្មាតផេះ (White-rumped Vulture) ត្មាតត្នោត (Slender-billed Vulture) និងសត្វអភិរក្សជាច្រើនទៀត។

សម្រាប់ការមកកម្សាន្តមកតំបន់ទេសចរណ៍ធម្មជាតិនេះ កញ្ញាណែនាំដល់ភ្ញៀវទេសចរគួរមកស្នាក់នៅយ៉ាងតិចពី ២ យប់ ទៅ ៣ យប់ ដើម្បីទទួលបានបទពិសោធន៍ល្អៗនៃដំណើរកម្សាន្តបែបផ្សងព្រេងជាមួយធម្មជាតិ។
លោក ម៉េង ហៀង ម្ចាស់គម្រោងវិនិយោគ Siempang Forest Lodge បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនកំពុងស្ថាបនាទីលានចុះចតយន្តហោះខ្នាតតូចមួយលើផ្ទៃដីទំហំ ២៥ ហិកតា ដែលមានផ្លូវរត់បណ្តោយ ៨០០ម៉ែត្រ និងទទឹង ២៥ម៉ែត្រ។
ទីលាននេះបម្រើសម្រាប់យន្តហោះខ្នាតតូច (កៅអី ១០-១២ នាក់ ឬឧទ្ធម្ភាគចក្រ) ដែលបច្ចុប្បន្នសាងសង់បាន ៤០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០២៧៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


