ព័ត៌មានជាតិ
រមណីយដ្ឋានកោះមាសសេសានមិនឆ្ងាយពីក្រុងស្ទឹងត្រែង មានទេសភាពស្អាតពីព្រឹកដល់ល្ងាច
រមណីយដ្ឋានកោះមាសសេសាន មានទីតាំងមិនឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងពោលគឺមានចម្ងាយត្រឹមតែ ១៦ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវកៅស៊ូ និងបន្តតាមមាត់ទន្លេ។
លោក សុវណ្ណ ពិសេត អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែង បានបង្ហាញពីសក្ដានុពលរមណីយដ្ឋានកោះមាសសេសានដែលមានឆ្នេរខ្សាច់ស្អាតៗ និងកោះតូចៗទំហំប្រហែល ២០ ទៅ ៤០ ម៉ែត្រការ៉េ អាចឲ្យភ្ញៀវជួលសម្រាកលេងជាលក្ខណៈឯកជនម្នាក់ឯង ឬសម្រាប់តែគ្រួសារខ្លួនឯងក៏បាន។


រមណីយដ្ឋានកោះមាសសេសាន ទើបចាប់ផ្តើមអភិវឌ្ឍមិនដល់ពីរឆ្នាំនេះទេ។ លោក សុវណ្ណ ពិសេត បានឲ្យដឹងថា ដោយការសហការគ្នារបស់ពលរដ្ឋក្នុងសហគមន៍ អ្នកខ្លះធ្វើស្ពាន និងកញ្ចុះ អ្នកខ្លះទទួលចម្អិនម្ហូប អ្នកខ្លះរៀបចំតង់ និងអ្នកខ្លះទៀតផ្តល់សេវាទូកជូនភ្ញៀវទៅកោះ ដែលប្រាក់ចំណូលទទួលបានគឺជួយដល់ជីវភាពប្រជាកសិករក្នុងសហគមន៍។
បរិយាកាសកោះមាសសេសានមានខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ស្អាតត្រជាក់ភ្នែកពីព្រលឹមរហូតដល់ព្រលប់។ ទឹកទន្លេមានសភាពរាក់មិនជ្រៅដែលផ្តល់សុវត្ថិភាពខ្ពស់សម្រាប់ក្មេងៗលេងកម្សាន្ត លើកលែងតែតំបន់ហាមឃាត់មួយចំនួនតូច។


ភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តកោះមាសសេសាន ក៏អាចឆៀងទៅមើលគគីរថ្មដែលវែងជាងគេនៅស្រុកខ្មែរនៅលើភ្នំមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីរមណីយដ្ឋាន រួចបន្តទៅវារីអគ្គិសនីសេសានក្រោមពីរមានចម្ងាយប្រហែល ១៥ ទៅ ១៦ គីឡូម៉ែត្រ រួចចូលមកកោះមាសនិងត្រលប់ទៅខេត្តវិញ។
ដោយសារទីកម្សាន្តនេះជាតំបន់អភិរក្សនិងគ្មានបទល្មើសនេសាទ ត្រីមានការកើនឡើងច្រើនដូចជាត្រីក្អែក ត្រីព្រួល និងត្រីឆ្កោក ដែលភ្ញៀវអាចទស្សនាការបង់សំណាញ់របស់អ្នកនេសាទ ឬស្ទូចត្រីលេងកម្សាន្តដោយផ្ទាល់ក៏បាន។
លោក សុវណ្ណ ពិសេត បានឲ្យដឹងថា រមណីយដ្ឋានទេសចរណ៍ទើបរៀបចំនេះគ្រប់គ្រងដោយសហគមន៍ ដែលមានបម្រើម្ហូបប្រចាំតំបន់ឆ្ងាញ់ៗដូចជា ឡាប ភ្លា ត្រីអាំង មាន់ដុត ពោតដុត និងនំបញ្ចុកធ្វើដោយសហគមន៍ផ្ទាល់។ គ្រឿងទេស បន្លែ ត្រី សាច់ មាន់ ទា ក៏ត្រូវបានប្រមូលទិញពីប្រជាកសិករក្នុងតំបន់ដោយផ្ទាល់ផងដែរ។
លោក សុវណ្ណ ពិសេត បន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តអាចប្រើកញ្ចប់សេវាម្នាក់ត្រឹមតែ ១៥ ០០០ រៀល ទទួលទានអាហារមួយពេលដែលក្នុងនោះមានដូចជា បាយឬបាយដំណើប ត្រីអណ្ដែង និងប្រហុកចិញ្ច្រាំ។


ពេលវេលាស័ក្ដិសមបំផុតសម្រាប់ការមកកម្សាន្តរមណីយដ្ឋានទេសចរណ៍នេះគឺរដូវទឹកសម្រកចាប់ពីខែធ្លាក់ខ្យល់ពីខែវិច្ឆិកា ធ្នូ មករា កុម្ភៈ រហូតដល់ពាក់កណ្តាលខែមិថុនា។ ដោយឡែកចាប់ពីពាក់កណ្តាលខែ ៦ ឡើងទៅ ទឹកនឹងលិចកោះមិនអាចលេងទឹកបានទេ តែភ្ញៀវទេសចរអាចផ្លាស់ប្តូរបទពិសោធន៍ទៅចូលរួមជួយស្ទូង ដកសាបនិងភ្ជួររាស់ជាមួយប្រជាពលរដ្ឋជំនួសវិញ។
បើតាមលោកអភិបាលស្រុក ការមកកម្សាន្តនៅតំបន់ទេសចរណ៍នៅស្រុកសេសាន មិនត្រឹមតែទទួលបាននូវបទពិសោធន៍រស់នៅ និងលំហែកាយជាមួយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកលើកស្ទួយជីវភាពគ្រួសាររបស់បងប្អូនប្រជាជនក្នុងសហគមន៍ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


