Connect with us

ព័ត៌មានជាតិ

ពង្រាយ​ធុងសំរាមរាប់ពាន់​ ​​គ្រប់​ច្រក​ផ្លូវ​តូច​ធំ​ ខណ្ឌ ៧ មករា កាត់​បន្ថយ​ចោល​ពាសវាល​ពាសកាល

បានផុស

នៅ

ក្រោមការចង្អុលបង្ហាញពីអាជ្ញាធររាជធានីភ្នំពេញដល់ក្រុមហ៊ុនសំរាមសម្រាប់ការរៀបចំប្រមូលសំរាម និងគ្រប់គ្រងលើ​សំរាម​​ឲ្យ​បានត្រឹមត្រូវ អាជ្ញាធរខណ្ឌ ៧មករា បាន​សហការជាមួយក្រុមហ៊ុនប្រមូលសំរាមមីហ៊្សូដា ដាក់​​ពង្រាយធុងសំរាមគ្រប់កន្លែងតាមដងផ្លូវ ទាំងផ្លូវតូច-ធំ ក្នុងខណ្ឌ ៧មករា មានចំនួនប្រមាណ២៣០០ធុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ខណ្ឌ ៧មករា បានប្រាប់កម្ពុជាថ្មីថា ក្រោយពីសាលារាជធានីភ្នំពេញបានចង្អុលបង្ហាញ និងណែនាំដល់ក្រុមហ៊ុនសំរាមមក ក្រុមហ៊ុនមីហ្ស៊ូដាបានសហការជាមួយខណ្ឌ​ និង​អាជ្ញាធរ​តាម​សង្កាត់​ធ្វើការសិក្សាស្រាវជ្រាវ ស្ទង់មតិប្រជាពលរដ្ឋដើម្បីដាក់ធុងសំរាម។ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនមិនចង់សហការដោយហេតុថា ពេលដាក់ធុងសំរាមទៅធ្វើឱ្យចង្អៀត​មុខផ្ទះ ព្រោះពួកគាត់​ជាអាជីវករចង់បានទីធ្លាមុខផ្ទះធំទូលាយ។ យ៉ាងណា អាជ្ញាធរ​បានពន្យល់ និងណែនាំការ​ដាក់នេះគឺជា​កន្លែងសាធារណៈ លើចំណីផ្លូវសាធារណៈទេ ទើបពួកគាត់យល់ព្រមសហការ។

លោក ប៉ែន ធឿន បាន​បន្ត​ថា ការដាក់​ធុងសំរាមដែលមានចំនួនច្រើនចាប់ពីខែកុម្ភៈ ២០២២កន្លងទៅនេះ មានចំនួនប្រមាណ ២៣០០ធុង។

លោក ហេង ឌីម៉ង់ នាយកប្រតិបត្តិក្រុមហ៊ុន មីហ្ស៊ូដាបានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិដេញថ្លៃចំនួន​៥​ខណ្ឌ ដូចជា ខណ្ឌ៧មករា ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។ ដោយ​យកខណ្ឌ ៧មករាជាគំរូមុន​គេ ក្រុមហ៊ុនបានរៀបចំធុងសំរាមប្រមាណ២៣០០ធុង ពង្រាយ​តាម​គ្រប់​ច្រក​ផ្លូវ​តូច​ធំ​ទូទាំង​ខណ្ឌ​។

លោក​បន្ត​ថា ប្រសិនបើប្រជាជនដែលនៅក្នុងខណ្ឌចង់ដាក់ធុងសំរាម អាចទាក់ទងមកក្រុមហ៊ុន ឬសង្កាត់ ក្រុមហ៊ុន​នឹង​យក​ទៅ​ដាក់ជូនភ្លាម។ លោកបានបញ្ជាក់ថា ធុងសំរាមដែលបានដាក់ គឺជាការគ្រប់គ្រង និងចំណាយផ្ទាល់របស់ក្រុមហ៊ុន ដោយមិនតម្រូវឱ្យមានការបង់ថ្លៃឡើយ។

អាជីវករលក់មួកនៅក្បែរវត្ត សំពៅមាស លោកស្រី អាង ឡេង អាយុ ៥២ឆ្នាំ បានលើកឡើងថា ក្រោយពីមានការរៀបចំ​ធុងសំរាមបានច្រើនគ្រប់ទីកន្លែងមក ការចោលសំរាមនិងការទុកដាក់សំរាមមានភាពល្អប្រសើរ ទាំងសោភ័ណភាពតាមដងផ្លូវ និងក្លិនមិនល្អដោយសារសំរាមក៏លេងមានទៀតហើយ។ សភាពបែបនេះគឺដោយសារប្រជាជនយល់ដឹងច្រើនជាងមុនពីការចោលសំរាម និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ចំពោះក្រុមហ៊ុនបានរៀបចំបានស្អាតឃើញថាចេះរៀបចំបានល្អជាងមុន ទាំងការដាក់ធុងសំរាម និងការប្រមូលសំរាមបានយ៉ាងទៀងទាត់ជារៀងរាល់ថ្ងៃ។ តាមការយល់ឃើញរបស់គាត់ ពេលដែលប្រជាពលរដ្ឋចោលសំរាមនៅក្នុងធុងសំរាមបានល្អនឹងត្រឹមត្រូវ មិនដាក់នៅក្រៅធុងសំរាម អ្នកបោសសំអាតតាមដងផ្លូវក៏មិនសូវហត់នឿយច្រើន សោភណភាពក៏ល្អ ជាពិសេសលេងមានក្លិនមិនល្អចេញពីសំរាមទៀត ។ ហើយចំពោះការចោលសំរាមមិនបានត្រឹមត្រូវ គឺធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាចបង្កឱ្យមានមេរោគដែលអាចប៉ះពាល់ដល់សុខភាព ។

ចំណែកមន្ត្រីប៉ូលិសយាមគោលដៅត្រង់ចំណុចផ្លូវភ្លោះអូឫស្សីលោក សូ សឿន ឲ្យដឹងដែរថា ការចោលសំរាមផ្ដេសផ្ដាស​លេងឃើញមានទៀតហើយ ដងផ្លូវដូចសួនច្បារ លោកពិតជាសប្បាយរីករាយជាខ្លាំងដែលឃើញទិដ្ឋភាពបែបនេះ ធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ លេងឃើញមានថង់ដាក់សំរាមនៅតាមជញ្ចើមផ្លូវទៀត ឃើញតែធុងសំរាមពណ៌បៃតងអមជាមួយដើមឈើនឹងស្មៅដង្ហែតាមដងផ្លូវ ។

លោកបានបន្ថែមថា ខ្ញុំពិតជាចង់ឃើញទិដ្ឋភាពបែបនេះទូទាំងក្រុងភ្នំពេញទាំងមូល ។ លោកសង្ឃឹមថាគ្រប់កន្លែងនឹងអាចរៀបចំបានល្អ និងស្អាតបែបនេះគ្រប់កន្លែងក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម