ព័ត៌មានជាតិ
កម្ពុជាពុំអនុញ្ញាតឱ្យមានរោងចក្រ ផលិតថាមពលដើរដោយធ្យូងថ្មថ្មីទៀតទេ
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានប្រាប់ប្រតិភូរបស់ធនាគារពិភពលោកថា កម្ពុជាពុំអនុញ្ញាតឱ្យមានរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មថ្មីទៀតទេ ដោយកម្ពុជានឹងជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវដើម្បីផលិតថាមពលជំនួសវិញ។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូរបស់ ធនាគារពិភពលោក ពាក់ព័ន្ធនឹងរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍនៅប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។

ដោយជំនួបពិភាក្សានេះ ផ្តោតសំខាន់លើស្ថានភាពនិងផែនការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងបន្តនិងជំរុញការអភិវឌ្ឍថាមពលស្អាតនិងថាមពលកកើតឡើងវិញ។
ថ្លែងក្នុងជំនួបពិភាក្សានេះ លោក ឌិត ទីណា បានមានប្រសាសន៍ថា ក្រសួងរ៉ែនិងថាមពល ពុំអនុញ្ញាតឱ្យមានរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មថ្មីទៀតនោះទេ ក្រៅពីគម្រោងដែលអនុម័តរួចពីឆ្នាំ២០១៩ហើយកម្ពុជា នឹងសិក្សានិងជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវ (LNG) ដើម្បីផលិតថាមពលជំនួសវិញ ។
លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលធ្លាប់បានមានប្រសាសន៍ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបានកម្ពុជាគឺបញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀតហើយចាប់ពីឆ្នាំ២០២២នេះតទៅ ដោយផ្តោតទៅលើការប្រើប្រាស់ការឥន្ធនៈផូស៊ីល ដែលជួយរក្សានិរន្តរភាពនៃសន្តិសុខថាមពលអគ្គិសនី និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលកំពុងដំណើរការសាងសង់គឺនៅតែបន្តដំណើរការដដែល។

លោកបានបន្តថា ស្ថានីយធ្យូងថ្មចំនួន៣ទីតាំង ដែលមានអនុភាពជាង១៦០០មេហ្គាវ៉ាត់ គឺកំពុងដំណើរការសាងសង់នៅតាមបណ្តាខេត្តចំនួន ៣ រួមមានស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់នៅ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ស្ថានីយធ្យូងថ្មមានអនុភាព ៧០០មេហ្គាវ៉ាត់នៅស្រុកបទុមសាគរខេត្តកោះកុង និងស្ថានីយធ្យូងថ្មមានអនុភាព២៦៥មេហ្គាវ៉ាត់នៅភាគខាងជើងខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់ប្រភពធ្យូងថ្មរ៉ែក្នុងស្រុកផ្ទាល់។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះមានស្ថានីយធ្យូងថ្មចំនួន៣កន្លែងកំពុងដំណើរការរួចហើយ ដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ ប្រភពផ្គត់ផ្គង់ថាមពលបឋមរបស់កម្ពុជាមានប្រមាណ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


