ព័ត៌មានជាតិ
លោក កែវ រតនៈ៖ អគ្គិសនីសូឡាទាញពីដំបូលអគារទូទាំងប្រទេសសរុបជាង ១៦៤ មេហ្គាវ៉ាត់ ស្មើប្រើប្រាស់អគ្គិសនីជិតពីរដងក្នុងខេត្តសៀមរាប
ការដាក់សូឡាលើដំបូលអគារនានាទូទាំងប្រទេសមានអនុភាពសរុបជាង ១៦៤ មេហ្គាវ៉ាត់។ ទំហំនេះគឺមានភាពធំធេងស្មើនឹងជិតពីរដងនៃការប្រើប្រាស់អគ្គិសនីក្នុងខេត្តសៀមរាប (ប្រហែល ១០០ មេហ្គាវ៉ាត់) និងប្រហាក់ប្រហែលនឹងការប្រើប្រាស់ក្នុងខេត្តស្វាយរៀង (ជិត ២០០ មេហ្គាវ៉ាត់)។ នេះបើតាមការគូសបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរអគ្គិសនីកម្ពុជារៀបចំឡើងកាលពីម្សិលមិញនេះ។
លោករដ្ឋមន្ត្រីបានលើកឡើងពីការគ្រប់គ្រងការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ឬអគារគឺជារឿងចាំបាច់បំផុត ដើម្បីស្ថេរភាពនៃបណ្ដាញអគ្គិសនីជាតិ។

លោកលើកឡើងដូច្នេះថា «ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវទេ វាអាចបង្កឱ្យមានមហន្តរាយតាមរយៈការដាច់អគ្គិសនីទូទាំងប្រទេស ឬមួយចំហៀងប្រទេស»។
«បញ្ហានេះកើតឡើងដោយសារនៅពេលមេឃស្រទុំ ឬមានពពកខ្លាំង ប្រព័ន្ធសូឡាមិនអាចផលិតថាមពលបាន ដែលនាំឱ្យអ្នកប្រើប្រាស់ងាកមកស្រូបយកភ្លើងពីបណ្ដាញជាតិភ្លាមៗក្នុងបរិមាណដ៏ច្រើន»។ លោករដ្ឋមន្រ្តីពន្យល់បន្ថែម។
លោកបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាលមិនមែនហាមឃាត់មិនឱ្យប្រើប្រាស់សូឡានោះទេ ប៉ុន្តែត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវ។
«អ្នកដែលចង់ដំឡើងសូឡាលើដំបូលត្រូវតែសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីកម្ពុជា។ ប្រសិនបើការដំឡើងមិនមានអាជ្ញាបណ្ណ ឬមិនគោរពតាមស្ដង់ដារបច្ចេកទេស អាជ្ញាធរនឹងចាត់វិធានការដកអាជ្ញាបណ្ណត្រឡប់មកវិញ»។ លោករដ្ឋមន្រ្តីបន្ថែម។
បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្នមានក្រុមហ៊ុនសាងសង់ចំនួន ៤១ ដែលទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីដំឡើងឧបករណ៍អគ្គិសនីជូនប្រជាពលរដ្ឋ និងសហគ្រាស។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការផ្តល់ការអនុញ្ញាតស្នើសុំដំឡើង និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺមិនត្រូវឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់របស់បណ្តាញជាតិនោះទេ។
លោកថា អាជ្ញាធរអគ្គិសនីកម្ពុជាបានដាក់ឱ្យប្រើប្រាស់នីតិវិធីសម្រាប់ការចេញ កែសម្រួល ព្យួរ ឬដកហូតអាជ្ញាប័ណ្ណដល់សេវាកម្មដំឡើងប្រព័ន្ធព្រះអាទិត្យ ដោយបច្ចុប្បន្ននេះទទួលស្គាល់ក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីចំនួន ៤១ ក្រុមហ៊ុន និងបានចេញលិខិតអនុញ្ញាតជូនអ្នកប្រើប្រាស់សរុបចំនួន ១៥៣ ទីតាំង (ស្មើនឹង ១៦៣.៥៩ ម៉េហ្គាវ៉ាត់)។
លោកបន្តថា គោលដៅទៅមុខ អាជ្ញាធរនឹងបន្តតាមដានការអនុវត្តរបស់ក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងជំរុញការប្រើប្រាស់បរិក្ខារអគ្គិសនីដែលមានស្តង់ដារត្រឹមត្រូវ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


