ព័ត៌មានជាតិ
ក្រោយវិបត្តិកូវីដ-១៩ តើកម្រិតវិញ្ញាសាប្រឡងសិស្សពូកែឡើងវិញ ត្រូវបានបន្ធូរបន្ថយ មែនទេ?
ការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២២ បានដំណើរការឡើងវិញ និងបញ្ចប់ដោយជោគជ័យ បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំ ដោយសារវិបត្តិ និងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ថ្វីដ្បិត កម្ពុជា បានជួបវិបត្តិសាកលនេះដែរក្ដី ក៏មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា នៅតែរក្សាបានគុណភាពសិស្សពូកែ សម្រាប់ឆ្នាំ២០២២ មិនស្រកថមថយជាងបណ្ដាឆ្នាំមុនជួបវិបត្តិឡើយ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនានេះថា បន្ទាប់ពី កម្ពុជា រងវិបត្តិសាកល ជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាមិនបានពេញលេញ អាក់ខានការប្រឡងសិស្សពូកែ ២ឆ្នាំមកនេះ។ ចំពោះ សិស្សពូកែទូទាំងប្រទេស គ្រប់កម្រិត គ្រប់មុខវិជ្ជា ឆ្នាំ២០២២នេះ នៅតែរក្សាគុណភាព និងសមត្ថភាពជាសិស្សពូកែទូទាំងប្រទេសដូចឆ្នាំកន្លងមក។
លោក រស់ សុវាចា បញ្ជាក់បន្ថែមថា ចំពោះវិញ្ញាសា គ្រប់ថ្នាក់ និងមុខវិជ្ជា នៃការប្រឡងសិស្សពូកែ ទូទាំងប្រទេសឆ្នាំ២០២២នេះ ត្រូវបានរៀបចំដោយ រក្សាយន្តការ និងដំណើរការប្រឡង ដូចឆ្នាំកន្លងមក និងពុំបានបន្ធូរបន្ថយកម្រិតវិញ្ញាសា ពោលគឺដើម្បីធានារក្សាគុណភាពសិស្សពូកែ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ខាងលើ មានប្រសាសន៍ថា លទ្ធផលប្រលងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២២ បន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩កន្លងមកនេះ បង្ហាញឱ្យឃើញ ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនប្រលង មុន និងក្នុងបរិបទកូវីដ-១៩ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ លោកគ្រូអ្នកគ្រូ មាតាបិតា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង និងវិធានការសុវត្ថិភាពសុខភាពនៅគ្រប់ដំណាក់កាលនៃការប្រឡង។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើបមានសន្ទុះរីកចម្រើនខ្លាំងណាស់ដែលជាហេតុនាំឱ្យនិន្នាការពិភពលោក និងប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលជួរអ្នកប្រាជ្ញជំនាន់ថ្មី វ័យក្មេងឱ្យមានសមត្ថភាព តាមទាន់របត់ចំណេះដឹងវិទ្យាសាស្ត្រជឿនលឿន ដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមជាតិនីមួយៗ។

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ជាពិសេសយុវជន ដែលមានទេពកោសល្យខ្ពស់ ពូកែ ពីព្រោះអ្នកទាំងអស់នេះហើយ ដែលជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ និងជាអ្នកស្នងអ្នកស្រករមុននាពេលអនាគត។
គួរបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២២ បានដំណើរការអស់រយៈពេល ១សប្តាហ៍ ដោយមួយផ្នែកៗមាន ជ័យលាភីចំនួន ១០ រូប សរុប ៦០ រូប។ បេក្ខជនសិស្សពូកែតាមរាជធានី ខេត្ត ចូលរួមប្រឡងឆ្នាំនេះ មានចំនូន ៤៨០នាក់ មកពី ២៩៤សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប ១៨១២ ទូទាំងប្រទេស។ បេក្ខជនថ្នាក់ទី៩ មាន ២៤០នាក់ ស្រី១៤៩នាក់ បេក្ខជនថ្នាក់ទី១២ មាន ២៤០នាក់ ស្រី ១២២នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


