Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ គ្រោងរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ឆ្នាំសិក្សា ២០២៥-២០២៦នៅសប្តាហ៍ក្រោយ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡានឹងដំណើរការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យានិងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថាដំណើរការប្រឡងសិស្សពូកែនៅឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី២៦ នឹងគ្រោងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ ខណៈឆ្នាំមុនការប្រឡងជ្រើសរើសសិស្សពូកែក្រសួងអប់រំ បានរៀបចំចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។

លោកស្រីបានបន្តថា ដំណើរការ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសលើកចុងក្រោយនេះ បានរៀបចំនៅរាជធានីភ្នំពេញ។ ចំពោះខេត្តដែលបញ្ជូនសិស្សពូកែមកចូលរួមប្រឡងទូទាំងប្រទេស គឺអាស្រ័យទៅតាមសមាមាត្រចំនួនសិស្សជាក់ស្តែងតាមខេត្តនីមួយៗ ដែលមានន័យថា អាចចន្លោះពី ១ ទៅ ៤ នាក់ ក្នុង ១ មុខវិជ្ជា។

លោកស្រីបានបន្តទៀតថា សម្រាប់ឆ្នាំនេះ ក្រសួង នឹងជ្រើសរើសយកបេក្ខជនជ័យលាភីចំនួន ៥ នាក់ ក្នុង ១ មុខវិជ្ជា ដោយបេក្ខជនទទួលបានជ័យលាភី នឹងទទួលបានមេដាយ ១ គ្រឿង ចាប់ពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ វិញ្ញាបនបត្រសិស្សពូកែ ១ ច្បាប់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់នីមួយៗ។

លោកស្រី ឃួន វិច្ឆិកា បានជំរុញ និងលើកទឹកចិត្តដល់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យានិងរូបវិទ្យាត្រូវខិតខំរៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីយកជ័យលាភីប្រចាំសាលានិងគ្រួសារ។

គួរបញ្ជាក់ថាចំពោះប្រាក់រង្វាន់បេក្ខជនជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភីអាចនឹងទទួលប្រាក់រង្វាន់ និងសម្ភារៈផ្សេងៗទៀត ពីសប្បុរសជនផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម