ព័ត៌មានជាតិ
ឆមាសទី១ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករនិយោជិតស្លាប់ និងរបួស កើនជិត ៣០ %
នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបណ្តាលឱ្យកម្មករនិយោជិតប្រមាណជិត ២ ពាន់នាក់ស្លាប់ និងរបួសធ្ងន់ស្រាល មានការកើនឡើងជិត ៣០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កន្លងទៅ។

ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ១ ៦៧២ ករណី មានកម្មករនិយោជិតរងគ្រោះចំនួន ១ ៩១៩ នាក់ក្នុងនោះស្លាប់ ៤៧ នាក់ របួសធ្ងន់ ៥៦៧ នាក់ និងរបួសស្រាល ១ ៣០៥ នាក់។

លោកបានបន្តថា ក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ គ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៥ លើក បណ្តាលឱ្យរងរបួសសរុប ១០៦ នាក់ ក្នុងនោះរបួសធ្ងន់ ១៦ នាក់ និងរបួសស្រាល ៩០ នាក់។ តួលេខនេះ បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែ ដូចគ្នាកាលពីឆ្នាំ២០២១ កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់។
យោងតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានឱ្យដឹងថា រយៈពេល ៦ ខែ ឆ្នាំ២០២១ មានកម្មករនិយោជិតរងគ្រោះចំនួន ១ ៣៣៣ នាក់ ក្នុងនោះស្លាប់ចំនួន ៣៣ នាក់ របួសធ្ងន់ ៣២៨ នាក់ និងរបួសស្រាល ១ ១៦៣ នាក់។

លោក ហេង សុផាន់ណារិទ្ធ បានបន្តថា ទន្ទឹមនឹងវិបត្តិនៃជំងឺកូវីដ-១៩ បានធូរស្រាល និងបានបើកដំណើរការឡើងវិញលើគ្រប់វិស័យ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍បែរជានៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត។
លោកអគ្គនាយករង បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

លោកអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា កន្លងមក ប.ស.ស. ដែលមានក្រុមការងារ ស.ផ.ក ជាសេនាធិការ តែងតែចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់រោងចក្រ សហគ្រាស និងធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងការប្រើប្រាស់មួកសុវត្ថិភាព ដោយផ្ទាល់ ព្រមទាំងធ្វើការជំរុញលើមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិត ដោយធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត និងបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានភារកិច្ចលើការងារចរាចរណ៍ក្នុងន័យបង្កើនការយល់ដឹង ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។

លោកអគ្គនាយករង ប.ស.ស. ក៏បានជំរុញបងប្អូនកម្មករនិយោជិតដែលប្រើប្រាស់ម៉ូតូ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកត្រូវ ពាក់មួកសុវត្ថិភាពជានិច្ច ប្រកាន់ស្តាំជានិច្ច កុំវ៉ា ឬជែងគ្នា និងត្រួតពិនិត្យម៉ូតូឱ្យបានត្រឹមត្រូវ។ អ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ។ អ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឱ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស និងទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់ និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ត្រូវទទួលការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


