Connect with us

ព័ត៌មានជាតិ

ក្នុងពេល៤ខែ មានកម្មករ៣៥នាក់បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

រយៈពេល៤ខែឆ្នាំ២០២៦នេះ មានកម្មករនិយោជិតប្រមាណជាង២៥០០នាក់បានរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលក្នុងនោះមាន៣៥នាក់បានស្លាប់បាត់បង់ជីវិត។ តួលេខនេះត្រូវបានបញ្ជាក់ថា មានការកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេល៤ខែដូចគ្នា ក្នុងឆ្នាំ២០២៥កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភានេះ ថា យោងតាមទិន្នន័យពីក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិសន្តិសុខសង្គម ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ មានករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៣១៣ករណី ដោយមានជនរងគ្រោះសរុបចំនួន ២ ៥៨៦នាក់ ស្រី១ ៧៣៣នាក់ ក្នុងនោះស្លាប់ ៣៥នាក់ របួសធ្ងន់ ៦៥០នាក់ និងរបួសស្រាល ១ ៩០១នាក់។

លោកបណ្ឌិត បានបន្តថា តួលេខនេះ បើធៀបនឹងរយៈពេល៤ខែដូចគ្នា ឆ្នាំ២០២៥ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយ៤ខែឆ្នាំមុន មានករណីកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ០៣១ករណី ដោយមានជនរងគ្រោះសរុប ១ ១៤១នាក់ ក្នុងនោះ របួសស្រាល ៧៨៨នាក់ របួសធ្ងន់ ៣២៣នាក់ និងស្លាប់ ៣០នាក់។

លោកបណ្ឌិត បានពន្យល់ថា មានកត្តាសំខាន់មួយចំនួនដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រួមមាន បើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ (បញ្ច្រាសទិស) កត្តាមិនគោរពសិទ្ធិអាទិភាព បត់មិនត្រឹមត្រូវ និងកត្តាយានយន្ត។

លោក បានណែនាំថា ដើម្បីកាត់បន្ថយហានិភ័យដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសម្រាប់កម្មករ-និយោជិត បេឡាជាតិសន្តិសុខសង្គម ដែលមានក្រុមការងារ ស.ផ.ក បាននិងកំពុងអនុវត្តសកម្មភាព រួមមានបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ជាពិសេសកម្មករ-និយោជិត ដែលធ្វើដំណើរតាមម៉ូតូ ជំរុញឱ្យពាក់សុវត្ថិភាពឱ្យបានគ្រប់ៗគ្នា។ ជំរុញការកែលម្អរថយន្តដឹកកម្មករ-និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពឱ្យបានឆាប់រហ័ស។ ចុះអង្កេតសិក្សាស្រាវជ្រាវរកមូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករ-និយោជិតឱ្យបានច្បាស់លាស់។

រៀបចំបទបង្ហាញជាមេរៀន វីដេអូណែនាំ ស្ពត និងជាសារសំឡេងសម្រាប់អប់រំ ផ្សព្វផ្សាយនៅតាមបណ្តារោងចក្រសហគ្រាស គ្រឹះស្ថាន និងតាមរយៈបណ្តាញសង្គមនានាដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករ-និយោជិត ជាពិសេសកម្មករ-និយោជិតដែលប្រើប្រាស់ម៉ូតូ កង់ និងថ្មើរជើង ឱ្យបានយល់ដឹងច្បាស់ពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ជំរុញរថយន្តប្រភេទដឹកទំនិញ និងម៉ូតូសណ្តោងរ៉ឺម៉កដែលដឹកកម្មករ-និយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ និងជំរុញរថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករ-និយោជិតឈរឱ្យផ្លាស់ប្តូរមកជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ។

លោកបណ្ឌិត បានអំពាវនាវដល់កម្មករ-និយោជិតទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម