ព័ត៌មានជាតិ
កម្ពុជា មានករណីជំងឺគ្រុនចាញ់ជាង៥០០ករណី ថយចុះ ៤៦ភាគរយ
នៅក្នុងឆមាសទី១នេះ កម្ពុជា មានករណីជំងឺគ្រុនចាញ់ប្រមាណជាង ៥០០ករណី មានការថយចុះ៤៦% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានឱ្យដឹងថា នៅឆមាសទី១ឆ្នាំ២០២២ នេះនិន្នាការករណីគ្រុនចាញ់មានការថយចុះគួរឱ្យកត់សម្គាល់ ដោយមានចំនួនករណីសរុបតែ ៥១២ ករណី ក្នុងនោះ ប្រភេទមេរោគគ្រុនចាញ់សន្ធំ និងចំរុះមានចំនួនតែ៤០ ករណី ប្រភេទវីវ៉ាក់ ៤៧១ ករណី និងប្រភេទម៉ាឡាយ៉េ ចំនួន១ ករណី។
ចំនួននេះបើប្រៀបធៀបទៅនឹងឆមាសទី១ រយៈពេលបីឆ្នាំដូចគ្នា ពោលគឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ ករណីវិជ្ជមានគ្រប់ទម្រង់មានការថយចុះក្នុងរង្វង់ ៤៦% ដែលនេះជាកត្តាជោគជ័យរបស់កម្ពុជា។ ជាងនេះទៅទៀត ចាប់តាំងពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មិនមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ឡើយ។
បើទោះបីជាជំងឺគ្រុនចាញ់មានការថយចុះយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានជំរុញឱ្យរួមគ្នាបន្តអនុវត្តជំហានចុងក្រោយ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសដឹកនាំក្រុមការងារប្រតិភូជាន់ខ្ពស់អង្គការសុខភាពពិភពលោក ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពវិស័យ សុខាភិបាល ពិសេសលើកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ និងការថែសុខភាពបឋមរបស់ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៤ កក្កដា លោករដ្ឋមន្ត្រី បានបន្តថា ចំនួនអ្នកជំងឺប្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ថ្វីដ្បិតតែមានការថយចុះច្រើន តែគ្រប់គ្នាត្រូវពង្រឹង បន្ថែមទៀត ជាពិសេសសកម្មភាពអនុវត្តជំហានចុងក្រោយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចាំបាច់បំផុត ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាលជាពិសេសគឺជំហានចុងក្រោយលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣។
លោករដ្ឋមន្ត្រី បានណែនាំដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវពិនិត្យតាមដានស្ថានភាពជំងឺឱ្យទាន់ពេលវេលារាល់២៤ម៉ោង និងមានវិធានការឆ្លើយតបបន្ទាន់តាមវិធីសាស្ត្រ១-៣-៧ ហើយក្នុងករណីរកឃើញមានវិជ្ជមានជំងឺនេះត្រូវព្យាបាល និងកំណត់ភូមិសាស្ត្រសម្បុកចម្លង និងឆ្លើយតបកម្ចាត់សម្បុកបង្កជំងឺ។ ត្រូវចូលរួមប្រតិបត្តិឱ្យមានប្រសិទ្ធភាពនូវវិធីសាស្ត្រជំហានចុងក្រោយ «លុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២៣» លើគោលដៅប្រជាជនចេញចូលទៅតំបន់ប្រឈមជំងឺគ្រុនចាញ់ ដូចជា អ្នកប្រកបរបរចូលព្រៃរកអនុផលព្រៃឈើ អ្នកទៅបោះជំរុំ ឬអ្នកទេសចរកម្សាន្តក្នុងព្រៃភ្នំជាដើម។ ត្រូវបង្កើនប្រសិទ្ធភាពនៃការគ្របដណ្តប់មុងជ្រលក់ថ្នាំ ដល់ប្រជាជនចល័ត និងចំណាកស្រុកឱ្យបាន ១០០ភាគរយ ពិសេសតាមរយៈអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ចល័តហើយត្រូវពង្រឹង និងពង្រីកវិសាលភាពការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទវីវ៉ាក់ ដោយថ្នាំ Prima quine ១៤ ថ្ងៃនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


